នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអញ្ជើញនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ទៅកាន់ផ្ទះលំហែរកាយប្រធានាធិបតីCamp David ក្នុងរដ្ឋ Maryland នៅថ្ងៃសុក្រនេះ។ ក្នុងនោះ វាក៏ជាឱកាសដែលប្រទេសក្បែរខាងទាំងពីរអាចធ្វើការជួសជុល និងធ្វើឱ្យប្រសើរឡើងវិញចំពោះទំនាក់ទំនងការទូត និងផ្តោតការព្រួយបារម្ភរួមចំពោះការគំរាមកំហែងក្នុងតំបន់កាន់តែខ្លាំង ដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង។
មែនទែនទៅ ជំនួបដែលមានលក្ខណៈមិនផ្លូវការនៅ Camp David នេះ ត្រូវបានគេកត់សម្គាល់ឃើញថា ជាការជួបជុំប្រចាំឆ្នាំរវាងមេដឹកនាំប្រទេសទាំងបី ដោយរឹតចំណងនិងកិច្ចសហប្រតិបត្តិការគ្នាឡើងវិញ។ គេមិនសង្ឃឹមថា ក្រោយកិច្ចប្រជុំនេះមេដឹកនាំទាំងបីអាចបង្កើតឱ្យមានការរៀបចំការពារសន្តិសុខផ្លូវការទៅវិញទៅមកនោះទេ ប៉ុន្តែបង្កើតឱ្យមានការយល់ដឹងទៅវិញទៅមកកាន់តែទូលំទូលាយអំពីទំនួលខុសត្រូវក្នុងតំបន់ និងបង្កើតខ្សែបណ្តាញទាក់ទងបីផ្លូវក្នុងគ្រាមានវិបត្តិ។
យោងតាមមន្ត្រីអាមេរិកបានបញ្ជាក់ប្រាប់រ៉យទ័រថា យើងសង្ឃឹមនឹងសម្រេចបានជំហានបន្ទាប់រួមគ្នាអំពីសករាជការការពារសន្តិសុខរួមគ្នា នោះគឺ«ក្របខណ្ឌសន្តិសុខបីផ្លូវ» ដែលជំរុញឱ្យប្រទេសទាំងបីរយល់ដឹងកាន់តែច្បាស់អំពីទំនួលខុសត្រូវចំពោះសន្តិសុខតំបន់ និងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធមីស៊ីល និងបច្ចេកវិទ្យាផ្សេងទៀត។ ក្នុងនោះ ជំនួបនោះក៏អាចនឹងទម្លាយចេញឱ្យមានសេចក្តីថ្លែងការណ៍រួមគ្នាអំពីការព្រួយបារម្ភការប៉ុនប៉ងរបស់ប្រទេសចិនក្នុងការផ្លាស់ប្តូរស្ថានភាពដើម និងសន្តិសុខនៅកោះតៃវ៉ាន់ផងដែរ។
ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍មកថា មេដឹកនាំលោកគីម ជុងអ៊ុន បានបញ្ជាឱ្យរោចក្រផលិតអាវុធទាំងអស់របស់ខ្លួនបង្កើនការផលិតមីស៊ីលបន្ថែមទៀត។ ការប្រកាសនេះមន្ត្រីអាមេរិកជឿថា ទីក្រុងព្យុងយ៉ាងកំពុងមានបំណងបញ្ជូនអាវុធទៅឱ្យរុស្ស៊ី ក្រោយពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីទៅកាន់កូរ៉េខាងជើងកាលពីដើមខែសីហានេះ។ ហើយវាកើតឡើងចំពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងត្រៀមធ្វើសមយុទ្ធរដូវក្តៅដ៏ធំមួយនៅថ្ងៃចន្ទសប្តាហ៍ក្រោយ រហូតដល់ថ្ងៃទី៣១ខែសីហា សម្រាប់ការហ្វឹកហ្វើនត្រៀខ្លួនប្រឆាំងនឹងការឈ្លានពានណាមួយ៕