នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយ លោក ខេវីន ហាសេដ្ឋ ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានអាមេរិក បានបញ្ជាក់ឲ្យដឹងថា អត្រាអត់ការងាររបស់ប្រជាពលរដ្ឋអាមេរិក កើនខ្ពស់ក្នុងខែឧសភានេះ ដោយប្រជាពលរដ្ឋអាមេរិក ដែលតែបន្តទទួលទាមទារសំណងធានារ៉ាប់រងការងារនៅឡើយ តែគេរំពឹងថា តួលេខនឹងអាចធ្លាក់ចុះ ក្រោយខែមិថុនា បើសិនជាបញ្ហាមេរោគកូវីដ-១៩ បានធូរស្បើយបន្តិច។
លោក បន្តថា កាលពីខែមេសាអត្រាអត់ការងាររបស់ប្រជាពលរដ្ឋអាមេរិក បានកើនដល់ ១៤% ដែលជាតួលេខមួយអាក្រក់បំផុត យ៉ាងណាក៏ដោយ តួលេខ អាចនឹងបន្តរហូតដល់ ខែវិច្ឆិកា ហើយវាទំនងជាមិនអាចត្រលប់មករកសភាពដើមវិញមុនដំណាច់ឆ្នាំនោះឡើយ។
បើតាមទិន្នន័យពី ការិយាល័យស្ថិតិការងារអាមេរិកបានបង្ហាញថា ក្រុមហ៊ុនអាមេរិក បានកាត់បន្ថយការងារជាង ៣៨លានកន្លែង ក្នុងរយៈពេលត្រឹមតែ ៩សប្តាហ៍ គិតត្រឹមមុនថ្ងៃទី ១៦ ខែឧសភានេះ ដោយសារតែបញ្ហាមេរោគកូវីដ-១៩ បានជះឥទ្ធិពលដល់សេដ្ឋកិច្ច។
ដោយឡែក រដ្ឋាភិបាលអាមេរិក មិននៅស្ងៀមនោះទេ ដោយបានអនុវត្តនូវ កម្មវិធីជួយសង្រ្គោះអ្នកបាត់បង់ការងារទាំងអស់នេះ និងជួយដល់ក្រុមហ៊ុនជាច្រើន ដែលត្រូវបង្ខំកាត់បន្ថយបុគ្គលិក ដើម្បីចូលរួមវិធានការគម្លាតសង្គម៕