សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ចំនួន ៤២រូប និងមកពីគណបក្សប្រជាធិបតេយ្យចំនួន ៨រូប បានផ្ញើលិខិត ទៅកាន់តំណាងពាណិជ្ជកម្ម គឺលោក រ៉ូប៊ឺត ឡាយធីហ្សឺ ដោយបានស្រង់នូវកំណត់ត្រារបស់តៃវ៉ាន់ដែលថា អាមេរិក គឺជាដៃគូសេដ្ឋកិច្ចនិងសម្ព័ន្ធមិត្តផ្នែកសន្ដិសុខរបស់តៃវ៉ាន់ ហើយក្រុមសមាជិកព្រឹទ្ធសភាអាមេរិកទាំងនោះ ក៏បានលើកទឹកចិត្តឲ្យលោក រ៉ូបឺត ចាប់ផ្ដើមដំណើរការផ្លូវការនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយរវាងអាមេរិកនិងតៃវ៉ាន់។
តៃវ៉ាន់ បានស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏សំខាន់នៅលើឆាកអន្តរជាតិ ប៉ុន្ដែ ទីក្រុងវ៉ាស៊ិនតោន បានត្អូញត្អែរអំពីឧបសគ្គក្នុងការនាំចូលសាច់ជ្រូក និងសាច់គោអាមេរិក ទៅតៃវ៉ាន់។
នៅក្នុងខែសីហា តៃវ៉ាន់ បានត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀង ដោយបានប្រកាសបន្ធូរបន្ថយការរឹតបន្ដឹងលើការនាំចូលសាច់គោ និងសាច់ជ្រូករបស់អាមេរិក ដែលត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំក្រោយ។
កាលពីឆ្នាំ២០១៩ ពាណិជ្ជកម្មរវាងអាមេរិក និងតៃវ៉ាន់ សម្រេចបានដល់ជាង ៨៥ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញរបស់អាមេរិកមានតិចជាងតៃវ៉ាន់ ប្រមាណជាង ២៣ពាន់លាន។ តៃវ៉ាន់ គឺជាទីផ្សារនាំចេញធំជាងគេបំផុត ទី១៤ របស់អាមេរិក កាលពីឆ្នាំ២០១៩។
អាមេរិក ក៏ដូចជាប្រទេសភាគច្រើនដែរ គឺមិនមានទំនាក់ទំនងផ្លូវការជាមួយនឹងកោះតៃវ៉ាន់នោះទេ ដែលវាត្រូវបានទាមទារដោយទីក្រុងប៉េកាំងថា តៃវ៉ាន់ជាទឹកដីអធិបតេយ្យរបស់ប្រទេសចិន។ ប្រទេសចិន ក៏បាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួនកាន់តែខ្លាំងដែរ នៅជិតដែនកោះមួយនេះ ៕