រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ វៀតណាមអាចនឹងក្លាយជាអ្នកនាំចេញអង្ករច្រើនជាងគេបង្អស់ ដោយសារតែបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម កំពុងបង្កើនការស្តុកទុកស្បៀងអាហារ ត្រៀមខ្លួនសម្រាប់បង្ការបញ្ហាណាមួយ ដែលអាចកើតមានដោយសារតែមេរោគកូវីដ១៩ ដូច្នេះហើយទើបការនាំចេញអង្ករវៀតណាមមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។
គេនៅចាំបានថា ប្រទេសវៀតណាមបានផ្អាកការនាំចេញអង្កររួចម្តងទៅហើយ កាលពីខែមីនា ដើម្បីធានានូវសន្តិសុខស្បៀងអាហារក្នុងស្រុក អំឡុងពេលវិបត្តិកូវីដ១៩ តែយ៉ាងណា ដោយមានការទទូចសុំពីវិស័យឯកជន ដោយអះអាងថា នៅមានស្តុកអង្ករដែលលើសអាចនាំចេញបាន ទើបរដ្ឋាភិបាលវៀតណាមសម្រេចឲ្យធ្វើការនាំចេញឡើងវិញ និងជាចុងក្រោយនេះ បានប៉ាន់ប្រមាណថា នឹងអាចនាំចេញរហូតដល់ទៅ ៧លានតោន ក្នុងឆ្នាំ២០២០នេះ។
ចំពោះតម្លៃអង្ករនាំចេញរបស់វៀតណាម នៅក្នុងរយៈពេល ៤ខែដំបូង ដើមឆ្នាំនេះ គឺមានតម្លៃជាមធ្យម ៤៧០ដុល្លារអាមេរិក ក្នុងមួយតោន ដែលមានការកើនឡើង ១០% ធៀបនឹងឆ្នាំមុន។
រីឯ តម្លៃអង្ករសម្រាប់ខែឧសភា កន្លងទៅនេះ គឺមានការកើនឡើងដូចគ្នា ពោលគឺ អង្ករបាក់ មានតម្លៃប្រហែល ៤៧៥ដុល្លារអាមេរិក ក្នុងមួយតោន ខណៈអង្ករក្រអូប មានតម្លៃប្រមាណ ៥៦០ដុល្លារអាមេរិកក្នុងមួយតោន។
គួរជម្រាបដែរថា បើតាមការព្យាករចុងក្រោយបំផុតរបស់មន្ទីរកសិកម្មសហរដ្ឋអាមេរិក បានបង្ហាញថា ផលិតកម្មអង្ករទូទាំងសកលលោកអាចនឹងសម្រេចបាន ៤៩៣លានតោន ក្នុងឆ្នាំ២០២០ ហើយតម្រូវការប្រើប្រាស់អង្ករវិញ អាចឈានដល់ ៤៩០លានតោនឯណោះ៕