បើតាមសារព័ត៌មានក្នុងស្រុកវៀតណាម (Vietnam Express) បានឲ្យដឹងថា តាមរយៈការព្យាករពីរដ្ឋាភិបាល ចំណូលពីការនាំចេញរបស់វៀតណាម នៅឆ្នាំ២០១៩នេះ ត្រូវបានគេរំពឹងថា នឹងកើនដល់ ២៦៥ ពាន់លានដុល្លារអាមេរិក ដែលនឹងធ្លាក់ចុះ ប្រមាណជាង ១៧% ពីឆ្នាំ២០១៨។ រីឯ ការនាំចូលវិញរំពឹងថា នឹងកើនឡើងដល់ ២៦៨ ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើនជាង ១៣%។ ដូច្នេះ វានឹងធ្វើឲ្យឱនភាពពាណិជ្ជកម្មរបស់វៀតណាម មាន ៣ពាន់លានដុល្លារអាមេរិក។
បើតាមអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដោយសារតែមានការប្រែប្រួលនូវគោលនយោបាយ នៃប្រទេសសេដ្ឋកិច្ចធំៗដូចជា អាមេរិក និងអឺរ៉ុប បានធ្វើឲ្យការនាំចេញរបស់វៀតណាមជួបបញ្ហានៅឆ្នាំនេះ។ បន្ថែមពីនេះ ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ និងការរឹតត្បិតនូវគោលនយោបាយរូបិយវត្ថុ ពីសំណាក់ប្រទេសសេដ្ឋកិច្ចជឿនលឿន ក៏ជាបញ្ហាប្រឈមផងដែរ។
តែយ៉ាងណា ការផ្គត់ផ្គង់ផលិតកសិកម្មសកល នៅឆ្នាំនេះ រំពឹងថានឹងមានការកើនឡើង ខណៈដែលវៀតណាម ក៏បានពង្រីកផលិតកម្មកសិកម្មរបស់ខ្លួនដែរ ដើម្បីទប់ទល់នឹងការនាំចូល និងភាពប្រកួតប្រជែងសម្រាប់ផលិតផលកសិកកម្ម និងអាហារសមុទ្ររបស់ខ្លួន។
ទន្ទឹមនឹងនេះ ការនាំចូលវិញក៏ត្រូវបានព្យាករដែរថា នឹងបន្តកំណើននៅក្នុងវិស័យផលិត ដែលមានដូចជាការនាំចូលនូវសម្ភារមួយចំនួន ក៏ដូចជាគ្រឿងម៉ាស៊ីនជាដើម។
បើតាមការបញ្ជាក់ពីំមន្ត្រីជាន់ខ្ពស់វៀតណាម នៅឆ្នាំ២០១៩នេះ គឺជាឆ្នាំមួយលំបាកសម្រាប់វៀតណាម ខណៈដែលកាលពីឆ្នាំ២០១៨ កន្លងទៅ ប្រទេសនេះ សម្រេចបានការនាំចេញលើសពីគោលដៅកំណត់ ពោលគឺ ការនាំចេញមានលើសការនាំចូល ឬហៅថា អតិរេកពាណិជ្ជកម្មនោះ សម្រេចបានរហូតដល់ ជាង ៧ពាន់លានដុល្លារអាមេរិក ដែលជាចំនួនមួយខ្ពស់បំផុត បើគិតត្រឹម ១ទសវត្សរ៍ចុងក្រោយនេះ៕