កូវីដ១៩ នៅវៀតណាម

ក្នុង​វិបត្តិ​​កូវីដ១៩ វៀតណាម​នៅ​តែ​ធ្វើ​បាន​ល្អ, សម្រេច​បាន​កំណើន​ ៣,៨%


នៅក្នុង​អំឡុង​ពេល​ដែល​មាន​វិបត្តិ​មេរោគ​កូវីដ​១៩ កំពុង​សាយភាយ​ទូទាំង​សកលលោក​នេះ GDP របស់​ប្រទេស​វៀតណាម បាន​សម្រេច​នូវ​កំណើន ៣,៨% ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០២០​នេះ ដែល​ស្ថិត​ក្នុង​កម្រិត​ទាប មិន​ធ្លាប់​មាន​តាំង​ពីឆ្នាំ​២០១០​មក​ម្ល៉េះ។ ប៉ុន្តែ វៀតណាម​នៅតែ​ធ្វើ​បាន​ល្អ​នៅក្នុង​មុខ​ជំនួញ​ពាណិជ្ជកម្ម ដោយ​សម្រេច​បាន​អតិរេក​ពាណិជ្ជកម្ម​ជាង ២ពាន់ ៨​រយ​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​រយៈពេល ៣ខែ​ដំបូង នៃ​​ឆ្នាំ​២០២០នេះ។ នេះ​បើ​យោងតាម​ការ​ចេញ​ផ្សាយ​របស់ សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម។
លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម (រូបភាព៖ https://vietnamnet.vn/)
ដោយ

ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម បាន​បង្ហាញ​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម ក្នុង​ត្រីមាស​ដំបូង​នេះ គឺ​សម្រេច​បាន ៣,៨% ដែល​ជា​កម្រិត​មួយ​ទាប​ជាង​ការព្យាករ​របស់​ក្រសួង​ផែនការ និង​វិនិយោគ​របស់​វៀតណាម ទៅ​ទៀត។

វិស័យ​ឧស្សាហកម្ម​និង​សំណង់ មាន​កំណើន ៧,១២% ក្នុង​ត្រីមាស​ទី១​នេះ ដែល​ជា​កំណើន​ខ្ពស់​ជាង​គេ​បង្អស់ ខណៈ​វិស័យ​សេវាកម្ម មាន​កំណើន ៣,២៧%។

រីឯ​វិស័យ​បដិសណ្ឋារកិច្ច​និង​ម្ហូប​អាហារ រងគ្រោះ​ខ្លាំង​ដែល​ធ្លាក់​ចុះ​ប្រមាណ ១១% ដោយសារ​តែ​សណ្ឋាគារ​ជាច្រើន បាត់បង់​ភ្ញៀវ​ទេសចរ ហើយ​ភោជនីយដ្ឋាន ត្រូវ​បាន​បញ្ជា​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាល​ដាល​នៃ​មេរោគ​កូវីដ​១៩។

លើសពី​នេះ​ទៅ​ទៀត ចំនួន​ភ្ញៀវ​ទេសចរណ៍​ចូល​មក​កម្សាន្ត​នៅ​ប្រទេស​វៀតណាម ធ្លាក់ចុះ ១៨% មក​នៅ​ត្រឹម ៣​លាន ៧​សែន​នាក់ ដែល​ភាគច្រើន​គឺ​បាត់បង់​ភ្ញៀវ​ចិន កូរ៉េខាងត្បូង និង​អាមេរិក ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក ក៏បញ្ឈប់​ជើង​ហោះហើរ​អន្តរជាតិ ទទួល​អ្នក​ដំណើរ​បាន​ត្រឹមតែ​ជិត ១២​លាន​នាក់ ក្នុង​រយៈពេល ៣​ខែ​នេះ ធ្លាក់​ចុះ​ប្រមាណ ៨%។

យ៉ាងណាក៏​ដោយ​ចុះ ទំហំ​ពាណិជ្ជកម្ម​របស់​វៀតណាម ឈាន​ដល់ ១១៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ វៀតណាម​នាំចេញ​ទំនិញ​ប្រមាណ ៥៩​ពាន់​លាន​ដុល្លារ​អាមេរិក និង​ចំណាយ​លើ​ការ​នាំចូល​ទំនិញ​មក​វិញ ប្រមាណ ៥៦​ពាន់ ២​រយលាន​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឲ្យ​វៀតណាម​សម្រេច​បាន​នូវ​អតិរេក​ពាណិជ្ជកម្ម​ប្រមាណ ២ពាន់ ៨រយ​លាន​ដុល្លារ​អាមេរិក។

ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​នេះ ការ​នាំ​ចេញ​របស់​វៀតណាម សម្រេច​បាន​កំណើន ០,៥% បើ​ទោះបី​ជា​ការនាំចេញ​វាយនភណ្ឌ និង​សម្លៀក​បំពាក់​ធ្លាក់​ចុះ​ប្រមាណ ៩% ហើយ​ការនាំ​ចេញ​គ្រឿង​សមុទ្រ ធ្លាក់ចុះ ១១% ដោយ​វិស័យ​ទាំងពីរ នេះ មាន​ការលុបចោល​នូវ​ការ​បញ្ជា​ទិញ​ជាច្រើនពី សហភាព​អឺរ៉ុប អាមេរិក និងចិន ទោះយ៉ាង​ណា​អាមេរិក​នៅតែ​ជា​អ្នក​ទិញ​ទំនិញ​វៀតណាម​ច្រើន​ជាង​គេ​បំផុត ប្រមាណ ១៥​ពាន់​លាន​ដុល្លារ​អាមេរិក។

ដោយឡែក ការនាំទំនិញ​ចូល​មក​ពី​បរទេស​របស់​វៀតណាម​ក៏មាន​ការ​ធ្លាក់​ចុះ គួរ​ឲ្យ​កត់​សម្គាល់ ប្រមាណ ១,៩% ក្នុង​រយៈពេល ៣​ខែ​នេះ ជាពិសេស​គឺ​ទំនិញ​មក​ពី​ប្រទេស​ចិន ធ្លាក់ចុះ​រហូត​ដល់​ទៅ ១៨% មក​នៅ​ត្រឹម ១៣​ពាន់​លាន​ដុល្លារ​អាមេរិក។

គួរ​ជម្រាប​ដែរថា លោក ង្វៀន សួនហ្វ៊ក នាយក​រដ្ឋមន្រ្តី​វៀតណាម ធ្លាប់​បាន​អះអាង​ថា រដ្ឋាភិបាល​វៀតណាម​នឹង​ធ្វើការ​ឲ្យ​កាន់តែ​ខ្លាំង​ក្លា​ជាង​នេះ​ទៀត ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​មេរោគ​នេះ ជាពិសេស​គឺ​ដើម្បី​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ តាម​គោលដៅ​ដែល​បាន​កំណត់ ៦,៨% ក្នុង​ឆ្នាំ​២០២០នេះ ទៅ​តាម​ការកំណត់​របស់​រដ្ឋ​សភា។

តែយ៉ាងណា រដ្ឋាភិបាល​វៀតណាម តាមរយៈ​ក្រសួង​ផែនការ​និង​វិនិយោគ​វៀតណាម បាន​ធ្វើការ​ព្យាករ​ជាថ្មី​ថា វីរុស​កូវីដ១៩ នឹង​ទាញ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​ជាតិ ឲ្យ​មក​នៅ​ត្រឹម ៥,៩៦% ក្នុង​ឆ្នាំ​២០២០​នេះ ខណៈ​ឆ្នាំ​២០១៩ កន្លង​ទៅ វៀតណាម​សម្រេច​បាន​កំណើន ៧,០២%៕




អត្ថបទបន្ទាប់


វិបត្តិ Covid-19៖ សមាគមអ្នកផលិតចំណីអាហារកម្ពុជា ស្នើសុំអន្តរាគមន៍បន្ទាន់ពីរាជរដ្ឋាភិបាល

សមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅថ្ងៃទី ៣១ ខែមីននេះ បានចេញលិខិតមួយជូនទៅកាន់រាជរដ្ឋាភិបាល តាមរយៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…

រដ្ឋឧបត្ថម្ភប្រាក់ ៣៨ ដុល្លារក្នុងមួយខែ សម្រាប់កម្មករ-និយោជិតម្នាក់ៗ ធ្វើការក្នុងអាជីវកម្មទេសចរណ៍ចំនួន ៤ ប្រភេទ ដែលរងប៉ះពាល់ដោយសារ Covid-19

ក្នុងគ្រាដែលវិស័យទេសចរណ៍កម្ពុជាបាននិងកំពុងរងរបួសធ្ងន់ធ្ងរ ដោយសារមេរោគកូវីដ១៩រយៈពេលជិត៣ខែមកហើយនោះ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃយន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ