ប្រទេសវៀតណាម រកបានប្រាក់ចំណូលប្រមាណជាង៥០០លានដុល្លារពីការនាំចេញទុរេននៅ៥ខែដំបូងឆ្នាំ២០២៣ ដោយទឹកប្រាក់នាំចេញទុរេននេះ គឺមានកំណើន ១៨ដង ធៀបនឹងឆ្នាំមុន។ នេះបើតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានវៀតណាម និងត្រូវបានស្រង់មកចុះផ្សាយបន្ដដោយសារព័ត៌មានចិន ស៊ិន ហួរ។
គិតចាប់តាំងពីខែមករា ដល់ខែឧសភា ឆ្នាំនេះ វៀតណាមនាំចេញទុរេនបានដល់ទៅជាង៦ម៉ឺន៥ពាន់តោន កើនឡើង៤១% ធៀបនឹងបរិមាណដែលបាននាំចេញសរុបកាលពីឆ្នាំមុន ដោយក្នុងនោះប្រទេសចិន មានចំណែកទីផ្សារដល់ទៅ ៩៧% សម្រាប់ទុរេនវៀតណាម។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។
ទុរេនវៀតណាម បានចូលដល់រដូវប្រមូលផលកាលពីខែឧសភា ដូច្នេះហើយ វាបានធ្វើឲ្យតម្លៃនៃការនាំចេញទុរេនបានហក់ឡើងដល់ទៅ ៣៣២លានដុល្លារ ត្រឹមតែរយៈពេលមួយខែឧសភាប៉ុណ្ណោះ ពោលគឺកើនឡើងជាង១០ដង បើធៀបនឹងខែមេសា។
ប្រទេសចិន មានប្រជាជននិយមទទួលទានផ្លែទុរេនច្រើនណាស់ ហើយក៏ជាទីផ្សារទុរេនដ៏ធំបំផុតសម្រាប់ពិភពលោកដែរ ដោយកាលពីឆ្នាំមុន ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោកមួយនេះ បាននាំចូលទុរេនប្រមាណជាង៨២ម៉ឺន៥ពាន់តោន។ នេះបើតាមទិន្នន័យពីគយចិន។
យ៉ាងណាមិញ សម្រាប់ប្រទេសវៀតណាម បច្ចុប្បន្ន មានចម្ការដាំដុះទុរេនចំនួន ២៩៣ កន្លែង និងមាន កន្លែងកែច្នៃវេចខ្ចប់ទុរេននាំចេញ ចំនួន ១១៥ ទីតាំង ដែលទទួលបានកូតាផ្លូវការសម្រាប់នាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិន។
ប្រទេសវៀតណាម ក៏រំពឹងដែរថា នឹងអាចនាំចេញទុរេនបានដល់ទៅតម្លៃ ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ។
គួរបញ្ជាក់ថា ប្រទេសចិន គឺនៅតែជាទីផ្សារធំបំផុតសម្រាប់ផលិតផលបន្លែ ផ្លែឈើរបស់វៀតណាម ដោយនៅក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ចិនបានទិញផលិតផលទាំងនេះ ពីវៀតណាមក្នុងតម្លៃប្រមាណជាង ៨០០លានដុល្លារ កើនឡើងប្រមាណ៥៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈនៅពេញមួយឆ្នាំ២០២៣នេះ វៀតណាមរំពឹងថា នឹងអាចនាំចេញបន្លែផ្លែឈើបានដល់ ៤ពាន់លានដុល្លារ ដែលមានកំណើនប្រមាណ ២០% ធៀបនឹងឆ្នាំមុន៕