បើតាមសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាមបានឲ្យដឹងថា បញ្ហាកង្វះទូកុងតឺន័រ ចាប់ផ្ដើមប្រសើរឡើងវិញនៅក្នុងពាក់កណ្ដាលខែមីនា ហើយប្រទេសចិនបានបន្ធូរបន្ថយវិធានការត្រួតពិនិត្យលើការនាំចូលទំនិញរបស់ខ្លួនឡើងវិញ ដូច្នេះហើយវាបានជំរុញឲ្យការនាំចេញផលិតផលជលផលវៀតណាមរក្សាបានកំណើនវិជ្ជមាននៅត្រីមាសទី១នៃឆ្នាំនេះ។
បន្ទាប់ពីបានកើនឡើង១៦% កាលពីខែមករា ការនាំចេញបង្គារវៀតណាមបានធ្លាក់ចុះវិញ១០% នៅក្នុងខែកុម្ភៈ ប៉ុន្ដែ បានងើបឡើងមកវិញ១០% នៅក្នុងមីនាកន្លងទៅនេះ។ សរុបទៅការនាំចេញបង្គការនៅ៣ខែមកនេះ សម្រេចបានជាង ៦៤៦លានដុល្លារ កើនឡើងជិត ៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញត្រីវិញ ក៏មានការកើនឡើងដែរ ពោលគឺនៅខែមីនាកើនឡើង១១% បន្ទាប់ពីបានធ្លាក់ចុះជាង៥% នៅអំឡុងខែមករា និងខែកុម្ភៈ។ វៀតណាមរកចំណូលបានពីការនាំចេញត្រីប្រា ក្នុងតម្លៃជាទឹកប្រាក់ ៣៣៦លានដុល្លារ នៅ៣ខែដើមឆ្នាំនេះ កើនឡើងតិចតួច ត្រឹម០,៦% ប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយសារតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប ការនាំចេញផលិតគ្រឿងសមុទ្ររបស់វៀតណាមដូចជាមឹកជាដើម ទៅកាន់ទីផ្សារប្លុកនេះ ក៏មានការកើនឡើងវិញគ្រាន់បើដែរ ដោយនៅក្នុងខែមីនាតម្លៃទឹកប្រាក់នាំចេញកើនឡើង ៨%។
ក្រុមអ្នករកស៊ីអាជីវកម្មជលផលនៅវៀតណាមនិយាយថា ការរាតត្បាតនៃកូវីដ-១៩ នៅតែបន្ដធ្ងន់ធ្ងរនៅក្នុងទីផ្សារនាំចេញរបស់វៀតណាម ដែលបណ្ដាលឲ្យតម្រូវការផលិតផលជលផលមួយចំនួនមានការធ្លាក់ចុះ ប៉ុន្ដែវាក៏បានបើកឱកាសសម្រាប់ផលិតផលជលផលក្រៀម និងកំប៉ុងជាដើម។
សមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាមបានព្យាករថា ការនាំចេញនឹងមិនមានការងើបឡើងវិញខ្លាំងនោះទេ នៅក្នុងខែមេសានេះ ដោយកំណើនអាចនឹងកើនឡើងត្រឹម១០%ប៉ុណ្ណោះ ដោយមានតម្លៃទឹកប្រាក់នាំចេញប្រមាណ ៦៨០លានដុល្លារអាមេរិក៕