ស្ថានីយ៍ប្រេងឥន្ធនៈនៅទីក្រុងហូជីមិញអស់សាំងចាក់!

វៀតណាមប្រឈមវិបត្តិខ្វះប្រេងឥន្ធនៈជាថ្មី ខណៈស្ថានីយ៍ប្រេងឥន្ធនៈចំនួន៥៤កន្លែងនៅទីក្រុងហូជីមិញត្រូវបានបិទទ្វារ


បញ្ហាខ្វះខាតប្រេងឥន្ធនៈនៅប្រទេសវៀតណាមសម្រាប់ការប្រើប្រាស់ក្នុងស្រុក បានចាប់ផ្ដើមជួបបញ្ហាមកអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែការផលិត និងផ្គត់ផ្គង់មានការធ្លាក់ចុះ។ ជាក់ស្ដែង ស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥៤ កន្លែងនៅទីក្រុងហូជីមិញ បានផ្អាកប្រតិបត្តិការភ្លាមៗនៅយប់ថ្ងៃអាទិត្យទី ៩ ខែតុលា ដោយសារតែអស់ប្រេងចាក់ឲ្យពលរដ្ឋ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារឃ្លាំមើលទីផ្សារនៅទីក្រុងធំទីមួយរបស់ប្រទេសរៀតណាមមួយនេះ។
វៀតណាមប្រឈមវិបត្តិខ្វះប្រេងឥន្ធនៈជាថ្មី ខណៈស្ថានីយ៍ប្រេងឥន្ធនៈចំនួន៥៤កន្លែងនៅទីក្រុងហូជីមិញត្រូវបានបិទទ្វារ
ដោយ

បើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម កាលពីថ្ងៃអាទិត្យ ទី ១០ តុលាបានឲ្យដឹងថា បន្ទាប់ពីការត្រួតពិនិត្យរបស់ទីភ្នាក់ងារឃ្លាំមើលទីផ្សារនៅទីក្រុងហូជីមិញ ស្ថានីយ៍ប្រេងឥន្ធនៈភាគច្រើននៅក្នុងទីក្រុងដ៏ធំបំផុតរបស់វៀតណាមមួយនេះ កំពុងដំណើរការជាធម្មតា ប៉ុន្តែស្ថានីយប្រេងឥន្ធនៈមួយចំនួនបានអស់សាំងពីក្នុងស្តុកតែម្តង។

របាយការណ៍បានបន្ថែមថា នៅល្ងាចថ្ងៃទី ៩ ខែតុលា មានស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥៤ កន្លែងនៅក្នុងខណ្ឌចំនួន ១៣ ក្នុងទីក្រុងហូជីមិញ ត្រូវបានបិទជាបណ្តោះអាសន្ន។ ស្ថានីយទាំងទាំងនោះបានឲ្យដឹងថា ពួកគេបានបញ្ជាទិញប្រេងសាំងថែម ប៉ុន្តែអ្នកផ្គត់ផ្គង់របស់ពួកគេមិនបានឆ្លើយតប ហើយក៏មិនបានបញ្ជាក់ពីកាលបរិច្ឆេទដឹកជញ្ជូនមកនោះដែរ។

នាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនៅទីក្រុងហូជីមិញ ដែលគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈក្នុងទីក្រុងនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មានការផ្គត់ផ្គង់ប្រេងឥន្ធនៈមិនគ្រប់គ្រាន់នៅក្នុងទីក្រុង ដោយសារអ្នកនាំចូលប្រេងឥន្ធនៈជាច្រើនបានប្រឈមនឹងបញ្ហាការផ្គត់ផ្គង់ និងបញ្ហាដឹកជញ្ជូន។

លោក Nguyen Nguyen Phuong អនុប្រធាននាយកដ្ឋានដដែលបានអ្នកសារព័ត៌មានថា នៅខណៈពេលនេះ រថយន្តដឹកធុងប្រេងត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងតំបន់ខាងក្នុងទីក្រុង ដែលនាំឱ្យមានស្ថានភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈកាន់តែយ៉ាប់យឺនសម្រាប់ស្ថានីយប្រេងមួយចំនួន។

លោក Phuong បាននិយាយថា ស្ថានីយ៍ប្រេងឥន្ធនៈភាគច្រើនដែលបានផ្អាកប្រតិបត្តិការរបស់ពួកគេ គឺដំណើរការដោយអាជីវកម្មឯកជនតូចៗ ដែលមិនមានប្រព័ន្ធលក់រាយប្រេងឥន្ធនៈទូលំទូលាយ ហើយនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មប្រចាំទីក្រុងហូជីមិញ នឹងប្រកាសបញ្ជីឈ្មោះស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥០០ កន្លែងដែលនៅតែដំណើរការជាធម្មតា។

គួរជម្រាបថា កាលពីយប់ថ្ងៃអាទិត្យ តាមសេចក្តីរាយការណ៍របស់ក្រុមហ៊ុន Petrolimex ដែលជាក្រុមហ៊ុនពាណិជ្ជកម្មប្រេងឥន្ធនៈដ៏ធំបំផុតរបស់ប្រទេសវៀតណាម បានចល័តរថយន្តដឹកប្រេងឥន្ធនៈរហូតដល់៨០គ្រឿង ដើម្បីដឹកជញ្ជូនប្រេងសាំងទៅកាន់ស្ថានីយ៍ប្រេងឥន្ធនៈ ក្រោមប្រព័ន្ធលក់រាយរបស់ខ្លួន ដើម្បីដោះស្រាយការខ្វះខាត ដែលកំពុងប្រឈមមុខដោយអ្នកលក់ផ្សេងទៀតផងដែរ។

ប្រធានក្រុមហ៊ុនផ្គត់ផ្គង់ប្រេងមួយនៅទីក្រុងហូជីមិញ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន VNexpress ថា ការនាំចូលប្រេងមានការលំបាក ដោយលោកពន្យល់ថា៖ «ជាមួយនឹងតម្លៃលក់រាយធ្លាក់ចុះ នោះការនាំចូលកាន់តែខាតច្រើនដូចគ្នា»។

ថ្មីៗនេះដែរ ដេប៉ូលក់រាយប្រេងឥន្ធនៈចំនួន៣៦កន្លែងនៅក្នុងទីក្រុងហូជីមិញ បានត្អូញត្អែរអំពីការគ្រប់គ្រងដែលមាន «បញ្ហា» ដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ជាមួយនឹងក្រសួងហិរញ្ញវត្ថុក្នុងការគ្រប់គ្រង់តម្លៃលក់រាយប្រេងឥន្ធនៈក្នុងតម្លៃទាប ដែលធ្វើឲ្យពួកគេលក់ខាតយ៉ាងខ្លាំង។

យ៉ាងណាមិញ អ្នកលក់រាយប្រេងឥន្ធនៈភាគច្រើននៅក្នុងទីក្រុងបាននិយាយថា ពួកគេបានខាតបង់ជាទឹកប្រាក់ពីជាង៤ពាន់ទៅ១២.៥០០ដុល្លារ ក្នុងករណីស្ថានីយ៍ប្រេងឥន្ធនៈតូចៗ និងជាង២ម៉ឺនដុល្លារសម្រាប់កន្លែងចាក់ប្រេងធំៗ ដោយសារតែការលក់ទទួលបានផលចំណេញតិចពេក ហើយប្រហែលជាត្រូវបិទទ្វារ ប្រសិនបើអ្វីៗមិនប្រសើរឡើងក្នុងសប្តាហ៍នេះទេនោះ៕




អត្ថបទបន្ទាប់


សមាគមមីក្រូហិរញ្ញវត្ថុអះអាងថា សមាជិករបស់ខ្លួនប្តេជ្ញាមិនដំឡើងអត្រាការប្រាក់កម្ចីឡើយ ទោះបីរងត្រូវសម្ពាធចំណាយក្ដី

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួននៅមួយរយៈចុងក្រោយនេះ បាននាំគ្នាដំឡើងអត្រាការប្រាក់បញ្ញើដើម្បីកៀរគរប្រភពទុនក្នុងស្រុក ន…

កម្ពុជារំពឹងសម្រេចបានគោលដៅនាំចេញអង្ករ៨០ម៉ឺនតោនរបស់កម្ពុជានៅឆ្នាំនេះ ទោះទីផ្សារពិភពលោកកំពុងមិនច្បាស់លាស់

ទោះបីជា ស្ថានភាពទីផ្សារពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្ដី ប៉ុន្ដែ សហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា ការនាំចេញអង្កររបស់កម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ