ទីក្រុង ហាណូយ ទាក់ទាញចំណែកវិនិយោគធំជាងគេរហូតដល់ទៅ ៤.៤០០ លានដុល្លារអាមេរិក ស្មើនឹង ៣០ភាគរយនៃ ការវិនិយោគសរុប រីឯទីក្រុងហូជីមិញ ជាប់លំដាប់ទី ២ ទាក់ទាញការវិនិយោគជាង ២.៣០០ លានដុល្លារអាមេរិក។
ក្រសួងផែនការ និងវិនិយោគវៀតណាម បានបង្ហាញឲ្យដឹងថា វិនិយោគិនបរទេស បានចាក់បញ្ចូលទុនរបស់ពួកគេទៅក្នុង ១៩វិស័យផ្សេងៗគ្នា ក្នុងនោះវិស័យឧស្សាហកម្មផលិត មានជាង ១០,៥ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៧២ភាគរយនៃលំហូរវិនិយោគសរុប។
ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅតែខ្លាំង ដែលមានទុនវិនិយោគជាង ១ពាន់លានដុល្លារអាមេរិក និងវិស័យលក់ដុំ និងរាយ ជាមួយទុនជាង ៧៤០លានដុល្លារអាមេរិក។
ឆ្នាំនេះវៀតណាមមានការវិនិយោគលើ គម្រោងថ្មី មានរហូតដល់ទៅជាង ១ពាន់គម្រោង ដែលទទួលបានការអនុញ្ញាតជាស្ថាពរ ដែលមានទុនចុះបញ្ជី ៥ពាន់លានដុល្លារអាមេរិក ខណៈដែរ គម្រោងដែលមានស្រាប់ជិត ៤០០គម្រោង មានការបន្ថែមទុនជាង ២ពាន់លានដុល្លារអាមេរិក។
ហុងកុង ជាអ្នកវិនិយោគច្រើនជាងគេបង្អស់ ដែលបានបោះទុនប្រមាណ ៤.៧០០លានដុល្លារអាមេរិក ក្នុងចំណោមប្រទេសទាំង ៨០ ដែលកំពុងវិនិយោគនៅក្នុងវៀតណាម ខណៈដែរ កូរ៉េ ឈរលំដាប់ថ្នាក់លេខ ២ វិនិយោគជិត ២ពាន់លានដុល្លារអាមេរិក និងសិង្ហបុរី ជាប់លេខ ៣ វិនិយោគជាង ១,៨ពាន់លានដុល្លារអាមេរិក។
គួរជម្រាបដែរថា ក្នុងឆ្នាំ ២០១៨កន្លងទៅ ប្រទេសវៀតណាម ទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេស គិតជាទឹកប្រាក់ប្រមាណ ១៩ពាន់លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ៩ភាគរយ ធៀបនឹងឆ្នាំ ២០១៧៕