 
      តាមអ្នកជំនាញសេដ្ឋកិច្ចកសិកម្មនៅកម្ពុជា ធ្លាប់បានលើកឡើងថា ក្នុងមួយឆ្នាំៗ កម្ពុជាបានចំណាយប្រាក់មិនតិចជាង ២០០ លានដុល្លារអាមេរិកនោះ ក្នុងការនាំចូលបន្លែពីក្រៅប្រទេស ដែលក្នុងនោះ ភាគច្រើនបំផុតនាំមកពីប្រទេសវៀតណាម ខណៈដែលតម្រូវការបន្លែនៅកម្ពុជាក្នុងមួយថ្ងៃ មានប្រមាណ ៤០០ តោន។
ថ្វីដ្បិតតែយ៉ានេះក្ដី លោក បណ្ឌិត យ៉ង់ សាំងកុមារ អ្នកជំនាញកសិកម្មដ៏លេចធ្លោនៅកម្ពុជា ធ្លាប់បានលើកឡើងដែរថា ស្របពេលដែល កម្ពុជាមានតម្រូវការបន្លែនាំចូលពីវៀតណាមក៏ដោយ ប៉ុន្ដែ វៀតណាម ក៏បានបញ្ជាទិញ បន្លែសរីរាង្គពីកម្ពុជាទៅវិញ ក្នុងចំនួនច្រើនគួរសមដែរ។ លោកធ្លាប់ បានគូសបញ្ជាក់ទៀតថា អនាគតខាងមុខ កម្ពុជាអាចនឹងមានឱកាសទីផ្សារធំ ជាមួយនឹងការដាំដុះ និងនាំចេញបន្លែសរីរាង្គនេះ។ 
ទោះយ៉ាងណា របាយការណ៍ពី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាមបានឲ្យដឹងថា គិតត្រឹម១០ខែ នៃឆ្នាំ២០១៨នេះ កំណើនការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេស បានកើនឡើងដល់ជាង ១៣% ដែលមានទំហំជាទឹកប្រាក់សរុបជាង ១.៤០០ លានដុល្លារអាមេរិក។ ក្នុងនោះ ទីផ្សារបន្លែផ្លែឈើ ដែលវៀតណាមនាំចូល ច្រើនជាងគេមានដូចជា ប្រទេសថៃ មានជាង ៤៣% បន្ទាប់មកគឺប្រទេសចិន មានជាង ២៣% នៅសល់ពីនេះ មាននាំចូលមកពីប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដើម។
ត្រូវបានដកស្រង់សម្ដី ដោយសារព័ត៌មានក្នុងស្រុកវៀតណាម Vietnam News អ្នកជំនាញសេដ្ឋកិច្ចជាច្រើនបានលើកឡើង ដោយជំទាស់ទៅនឹងចំនួនកើនឡើងនៃការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេសចូលមកក្នុងប្រទេសរបស់ខ្លួនថា កំពុងធ្វើឲ្យមានការប្រកួតប្រជែងជាមួយផលិតផលបន្លែផ្លែឈើក្នុងស្រុក ខណៈដែល ប្រទេសវៀតណាម គឺជាអ្នកផលិតកសិកម្មដ៏ធំមួយ។
ប្រភពព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា គិតជាមធ្យម កាលពីប៉ុន្មានឆ្នាំមុន ការនាំចូលបន្លែផ្លែឈើនេះ មានតែជាង ២០០លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំៗ ប៉ុន្ដែមកទល់១០ខែនៃឆ្នាំនេះ កើនមកដល់ជាង ១.៤០០ លានដុល្លារអាមេរិក ហើយបើតាមការព្យាករ ពេញមួយឆ្នាំ ២០១៨នេះ ការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេស អាចនឹងកើនដល់ ១.៧០០ លានដុល្លារអាមេរិក។
ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាម បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា ការនាំចូលបន្លែផ្លែឈើ មិនមែនធ្វើឡើងសម្រាប់តែការប្រើប្រាស់ក្នុងស្រុកមួយមុខនោះទេ ប៉ុន្ដែ វាធ្វើឡើងសម្រាប់ការនាំចេញទៅវិញផងដែរ។ តួយ៉ាង ផ្លែឈើដែលនាំចូលពីប្រទេសថៃដូចជា មង្ឃុត ធុរេន ស្វាយ និងតាង៉ែន ត្រូវបាននាំចេញទៅកាន់ប្រទេសចិនវិញ។
ប្រភពព័ត៌មាន Vietnam News បានឲ្យដឹងទៀតថា តាមការប៉ាន់ស្មានការនាំចេញ បន្លែផ្លែឈើរបស់វៀតណាម នៅរយៈពេល ១០ខែនេះ មានប្រមាណជាង ៣.៣០០ លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជាង ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ចិន គឺជាទីផ្សារធំបំផុតរបស់វៀតណាម៕
 
              
              
             
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              