ផ្លូវល្បឿនលឿន​វៀតណាម

វៀតណាម គ្រោងចំណាយជាង ៤៥០លានដុល្លារ សាងសង់ផ្លូវល្បឿនលឿនតភ្ជាប់មកព្រំដែនកម្ពុជា


វៀតណាមបាននិងកំពុងសិក្សាលើគម្រោងការសាងសង់ផ្លូវល្បឿនលឿនប្រវែង ៥៣គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងហូជីមិញ មកកាន់ព្រំដែនកម្ពុជា។ គម្រោងនេះ អាចនឹងចំណាយទឹកប្រាក់ប្រមាណ ៤៥០លានដុល្លារអាមេរិក ក្រោមភាពជាដៃគូសាធារណៈ និង ឯកជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម គ្រោងចំណាយជាង ៤៥០លានដុល្លារ សាងសង់ផ្លូវល្បឿនលឿនតភ្ជាប់មកព្រំដែនកម្ពុជា (https://e.vnexpress.net)
ដោយ

សារព័ត៌មាន Vietnam Express បាន​ស្រង់​សម្ដី​តំណាង​នាយកដ្ឋាន​គ្រប់គ្រង​ផ្លូវ​វៀតណាម បាន​ឲ្យដឹងថា ស្ថាប័ន​រដ្ឋ​មួយនេះ បានដាក់​សំណើ​គម្រោង​ផ្លូវល្បឿនលឿន​ប្រវែង ៥៣គីឡូម៉ែត្រ រួចរាល់ហើយ​ទៅកាន់ ក្រសួង​សាធារណការ​វៀតណាម ដែលផ្លូវនេះ ​នឹងតភ្ជាប់​ពីផ្លូវក្រវ៉ាត់​ក្រុងទី​ ៣ នៃទីក្រុង​ហូជីមិញ មកកាន់ ស្រុក ម៉ុក បៃ ខេត្តតាយ​និញ ជាប់នឹង​ព្រំប្រទល់​កម្ពុជា-វៀតណាម​តែម្តង។

ការសាងសង់ផ្លូវនេះ នឹងធ្វើឡើង​ដោយមាន ២ដំណាក់កាលធំៗ ដោយ​ដំបូង នឹងធ្វើការ​សាងសង់​ផ្លូវ Highway ចែកជា ២​ដាច់ដោយ​ឡែក​ពីគ្នា មាន ៤គន្លង សម្រាប់ការ​ធ្វើដំណើរ​ក្នុងល្បឿន ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ដំណាក់កាលទី​ ២ នៃការ​សាងសង់ គឺពង្រីកផ្លូវ​នេះទៅជា ផ្លូវល្បឿន​លឿន ដែលមាន ៦ ឬ ៨គន្លង។

យ៉ាងណាមិញ គណៈកម្មាធិការ​ប្រជាជន​នៃ ទីក្រុងហូជីមិញ និងខេត្តថាយ និញ នឹងជម្រុញ​ក្រសួង​សាធារណការ​ ឲ្យឆាប់​ស្នើសុំដល់ នាយករដ្ឋមន្រ្តី​វៀតណាម ដើម្បី​អនុម័ត​ទៅលើ គម្រោងនេះ ហើយគណៈកម្មធិការ​ប្រជាជន​ទំាង ២ ក៏ធានា​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន ចេញសងថ្លៃ​ផលប៉ះពាល់​ដោយគម្រោង​នេះ ​ប្រមាណ​ជាង ១២០​លានដុល្លារ​អាមេរិក​ផងដែរ។

រីឯទឹកប្រាក់​នៅសល់​ប្រមាណ ៣៣០លានដុល្លារ​អាមេរិក សម្រាប់ការ​សាងសង់​នោះ នឹងត្រូវ​វិនិយោគ​ដោយ វិស័យ​ឯកជន ដែលនឹងដាក់​ធ្វើការ​ដេញថ្លៃ ឬជ្រើសរើស​ដោយ រដ្ឋាភិបាល​តែម្តង។

ក្រសួង​សាធារណការ​វៀតណាម ក៏បានលើក​ឡើង​ដែរថា ផ្លូវល្បឿន​លឿន​ហូជីមិញ-ម៉ុក បៃ នឹងបំពេញ​តម្រូវការ​នៃវិស័យ​ដឹកជញ្ជូន​ក្នុងតំបន់ ហើយវានឹង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​នៅតាមបណ្តោយ​ព្រំដែន​ភាគ​ខាងត្បូង​ផងដែរ។

ដោយឡែក​កម្ពុជាវិញ ក៏កំពុង​តែស្វែង​រកដៃគូ​វិនិយោគ​សាងសង់​ផ្លូវល្បឿន​លឿន​ភ្នំពេញ-បាវិត ផងដែរ ដែលមាន​ប្រវែង ១៧០គីឡូម៉ែត្រ ហើយអាច​នឹងចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​ជាង ៣ពាន់លាន​ដុល្លារ​អាមេរិក។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្ដី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ធ្លាប់បាន​បញ្ជាក់​ឲ្យ​ដឹងថា ការសាងសង់​ផ្លូវល្បឿន​លឿននេះ គឺជាផ្លូវ​អាស៊ាន​លេខ ​១ ដែលមាន​អត្ថប្រយោជន៍​ដល់ ការភ្ជាប់​ទំនាក់ទំនង និងការ​អភិវឌ្ឍ​ ក្នុងតំបន់​ កាត់បន្ថយ​ពេលធ្វើ​ដំណើរ កាត់បន្ថយ​ចំណាយ​លើការ​ដឹកជញ្ជូន កាត់បន្ថយ​បញ្ហាកក​ស្ទះ​ចរាចរណ៍ និងពង្រីក​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ជិតខាង។

គួរជម្រាបផងដែរថា កាលពីឆ្នាំ ២០១៨​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និងវៀតណាម គឺសម្រេចបាន​ជាង ៤, ៧ពាន់​លានដុល្លារ​អាមេរិក ហើយរំពឹងទុក នឹងកើនឡើង​ដល់ ៥ពាន់លាន​ដុល្លារ​អាមេរិក មុនឆ្នាំ​ ២០២០ខាងមុខ។

ប្រទេសវៀតណាម បានក្លាយជា​ដៃគូ​វិនិយោគ​ធំទី ៥ របស់កម្ពុជា​ដោយបាន​វិនិយោគ​ចំនួន ២០៦គម្រោង​ មានតម្លៃ​ជាទឹក​ប្រាក់​ជាង ៣,២ ពាន់លាន​ដុល្លារ​អាមេរិក ខណៈដែល​ប្រទេស​កម្ពុជា បានវិនិយោគ​ត្រឹមតែ ១៨គម្រោង នៅក្នុង​ប្រទេស​វៀតណាម​ ដែលមាន​តម្លៃជា​ទឹកប្រាក់​ជាង ៥៨លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះហត្ថលេខា​​ជាមួយក្រុមហ៊ុន Huawei ដើម្បី​អភិវឌ្ឍ​​បណ្តាញ 5G

រាជរដ្ឋាភិបាល​ តាមរយៈ​ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍​កម្ពុជា នឹងចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុនយក្ស Huawei របស់​ចិន​ដើម្បីអភិវឌ្ឍ​ប្រព័ន្ធ…

ទីផ្សារធានារ៉ាប់រងនៅកម្ពុជាកើនដល់ ២០០លានដុល្លារក្នុងឆ្នាំ ២០១៩នេះ

ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជាបន្តកើនឡើងខ្ពស់រហូតដល់ទៅ ២០០លានដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ ២០១៩នេះ។ គិតជាមធ្យមគឺមានកំណើន ៣៥ភាគរយជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ