ផែនការវិសោធនកម្មច្បាប់បច្ចុប្បន្នទាក់ទងនឹងការគ្រប់គ្រងបណ្ដាញសង្គម ដែលកំពុងពុះកញ្ជ្រោលប្រើប្រាស់ខ្លាំងនេះ ត្រូវបានគេមើលឃើញថា នឹងពង្រឹងសមត្ថភាពគ្រប់គ្រងរបស់វៀតណាម ខណៈដែលប្រទេសនេះ មានតម្លៃទីផ្សារប្រហែល១ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនហ្វេសប៊ុក ដែលជាបណ្ដាញសង្គមយក្សរបស់អាមេរិក។ ទន្ទឹមនឹងនេះ ច្បាប់ថ្មីនេះ ក៏ត្រូវបានគេរំពឹងថា នឹងជួយឲ្យរដ្ឋាភិបាលបក្សកម្មុយនីសវៀតណាម នឹងមានអំណាចពេញដៃក្នុងការបង្ក្រាប ទៅលើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលផងដែរ។
ប្រភពព័ត៌មានជិតស្និទ្ធនឹងរដ្ឋាភិបាលវៀតណាម បានព្រលយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទៀតថា នៅក្នុងរយៈពេល២៤ម៉ោង ក្រុមហ៊ុនបណ្ដាញសង្គម ត្រូវតែលុបចោលមាតិកា និងសេវាកម្មណាដែលផ្សព្វផ្សាយខុសច្បាប់ ចេញពីបណ្ដាញរបស់ខ្លួន ដោយគ្មានពេលវេលាអនុគ្រោះនោះទេ ខណៈដែលសកម្មភាពផ្សាយផ្ទាល់ (Livestreams) ដែលខុសច្បាប់វិញ ក៏ត្រូវតែបិទចោលឲ្យបានក្នុងរយៈពេល៣ម៉ោងផងដែរ។ ក្នុងករណី ក្រុមហ៊ុនបណ្ដាញសង្គមណា ដែលមិនអាចអនុវត្តតាមការកំណត់នេះ នោះពួកគេនឹងត្រូវហាមឃាត់ មិនឲ្យមានប្រតិបត្តិការប្រើប្រាស់នៅប្រទេសវៀតណាមនោះឡើយ។
ប្រភពព័ត៌មានបន្ថែមទៀតថា ក្រុមហ៊ុនបណ្ដាញសង្គម ត្រូវតែលុបចោលឲ្យបានឆាប់បំផុតរាល់មាតិកាណា ដែលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខជាតិវៀតណាម។
បច្ចុប្បន្ន ក្រុមហ៊ុនបណ្ដាញសង្គម មានពេលវេលា២ ទៅ៣ថ្ងៃ ប៉ុណ្ណោះ ដើម្បីដោះស្រាយតាមសំណើរបស់រដ្ឋាភិបាលវៀតណាម។បើទោះបីជា វិសោធនកម្មច្បាប់នេះ នៅមិនទាន់មានការផ្សព្វផ្សាយជាសាធារណៈនៅឡើយក្ដី ប៉ុន្ដែវាត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង នៅខែក្រោយនេះ និងអាចចូលជាធរមានចាប់ពីខែកក្កដាតទៅ។
សូមបញ្ជាក់ថា វៀតណាម មានចំនួនប្រជាជនសរុប ៩៨លាននាក់ និងស្ថិតនៅក្នុងលំដាប់ទីផ្សារកំពូលទី១០ ដែលមានអ្នកប្រើប្រាស់ ហ្វេសប៊ុកច្រើនជាងគេ ដោយមានចំនួនអ្នកប្រើប្រាស់ ៦០ ទៅ៧០លាននាក់។ នេះបើតាមទិន្នន័យដែលបង្ហាញដោយក្រុមហ៊ុនហ្វេសប៊ុកកាលពីឆ្នាំ២០២១។
ប្រទេសវៀតណាម ក៏បានផ្ដល់ប្រាក់ចំណូលប្រចាំឆ្នាំប្រហែល១ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនហ្វេសប៊ុកផងដែរ ហើយជាទីផ្សារដែលមានប្រាក់ចំណេញច្រើនជាងទីផ្សារនៅអឺរ៉ុបទៅទៀត។ ក្រៅពីហ្វេសប៊ុក នៅវៀតណាមក៏មានអ្នកប្រើប្រាស់យូធូប៦០លាននាក់ និងអ្នកប្រើ TikTok ២០លាននាក់ផងដែរ៕