ប្រទេសវៀតណាម

វៀតណាមជាទីផ្សារ និងកន្លែងផលិតម៉ូតូដ៏ចម្បង ដោយមានយានយន្ដចុះបញ្ជីជាង៧០លានគ្រឿង


វៀតណាម ដែលមានប្រជាពលរដ្ឋប្រមាណជា ១០០ លាននាក់ កំពុងតែប្រើប្រាស់ទោចក្រយានយន្តជាង៧០លានគ្រឿង។ គេបានអះអាងថា ប្រទេសនេះស្ថិតនៅក្នុងចំណោមទីផ្សារម៉ូតូដែលមានកំណើនលឿនបំផុតនៅលើពិភពលោកក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតម៉ូតូ ជាពិសេសមកពីជប៉ុន កំពុងបង្កើនផលិតកម្មរបស់ខ្លួននៅទីនោះ។
វៀតណាមផលិតម៉ូតូសម្រាប់ប្រើក្នុងស្រុកផង សម្រាប់នាំចេញផង
ដោយ

សមាគមក្រុមហ៊ុនផលិតម៉ូតូវៀតណាមបានឱ្យដឹងថា ទីផ្សារម៉ូតូនៅប្រទេសនេះបានស្ថិតក្នុងចំណោមទីផ្សារដែលមានកំណើនលឿនបំផុតលើពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាមានវិបត្តិនៃការរាតត្បាតជាសកលដោយជំងឺកូវីដ១៩ក៏ដោយ។

ស្ថិតិរបស់សមាគមអ្នកផលិតម៉ូតូនៅវៀតណាម ដែលដកសង់ដោយសារព័ត៌មាន Vietnam News បានឲ្យដឹងថា បច្ចុប្បន្ននេះមានម៉ូតូចុះបញ្ជីជាង ៧០ លានគ្រឿងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយការព្យាករបង្ហាញថា ចំនួននេះនឹងកើនកាន់តែច្រើននាពេលអនាគត។ ជាក់ស្ដែង ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ២០២៣ វៀតណាមបានផលិតម៉ូតូថ្មីជាង ១ លានគ្រឿង។

ក្រុមហ៊ុនផលិតធំៗចំនួនប្រាំ ដូចជា ហុងដា, យ៉ាម៉ាហា, ស៊ុយហ្សូគី, ព្យ៉ាស្យូ (Piaggio) និង ស៊ីម ( SYM ) កំពុងតែកាន់កាប់ជាង ៩០ ភាគរយនៃចំណែកទីផ្សារម៉ូតូក្នុងប្រទេសវៀតណាម ហើយក្រុមហ៊ុនផលិតក៏នាំចេញម៉ូដែលដំឡើងស្រេច ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

សមាគមអ្នកផលិតម៉ូតូនៅវៀតណាម បាននិយាយថា ដោយសារភាពលំបាកនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងកំណើនភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្រុមហ៊ុនផលិតបាននិងកំពុងផ្លាស់ប្តូរការវិនិយោគរបស់ពួកគេទៅកាន់ទីផ្សារតូចៗជាងចិននៅអាស៊ី ដើម្បីកាត់បន្ថយហានិភ័យ។ ជាឧទាហរណ៍ រដ្ឋាភិបាលជប៉ុនបានបែងចែកមូលនិធិទំហំជាង ២ ពាន់ ២ រយលានដុល្លារអាមេរិក ដើម្បីគាំទ្រដល់វិនិយោគិនជប៉ុនដែលរើចេញពីចិន ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិងកំពុងអំពាវនាវឱ្យធុរកិច្ចអាមេរិកត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ឬផ្លាស់ប្តូរទីតាំងទៅប្រទេសផ្សេង។

បច្ចុប្បន្ន ក្រុមហ៊ុនហុងដាវៀតណាម ដែលកំពុងដំណើរការរោងចក្រចំនួនបីក្នុងប្រទេសនេះ មានសមត្ថភាពផលិតទោចក្រយានយន្តបានរហូតដល់ ២ លាន ៥ សែនគ្រឿង ក្នុងមួយឆ្នាំ។ ក្រុមហ៊ុន យ៉ាម៉ាហា មូទ័រ វៀតណាម បានកំពុងដំណើរការរោងចក្រចំនួនពីរ។ ក្រុមហ៊ុន ព្យ៉ាស្យូ វៀតណាម ដំណើរការរោងចក្រចំនួនពីរដែរ ដោយមានសមត្ថភាពផលិតម៉ូតូក្នុងចំនួនចាប់ពី ២ សែន ៥ ម៉ឺន ទៅ ៤ សែនគ្រឿង ក្នុងមួយឆ្នាំ។

នៅពេលនេះក្រុមហ៊ុន ហុងដា វៀតណាមបាននិងកំពុងជំរុញការនាំចេញម៉ូតូ និងគ្រឿងបន្លាស់ ខណៈដែលកាលពីឆ្នាំមុន ក្រុមហ៊ុនបាននាំចេញម៉ូតូបានចំនួន ២ សែន ៧ ពាន់គ្រឿង ជាមួយនឹងចំណូលពីការនាំចេញសរុបជាង ៤៦២ លានដុល្លារ កើនឡើង ២៥ ភាគរយ។ ក្រុមហ៊ុនបាននិយាយថា នៅឆ្នាំនេះ ខ្លួនបានកំណត់គោលដៅនាំចេញជិត ២ សែន ៥ ម៉ឺនគ្រឿង ឬកើនឡើង ៩%៕




អត្ថបទបន្ទាប់


ក្រុមអ្នកវិភាគរំពឹងទុកថា ធនាគារជាតិរបស់ថៃនឹងធ្វើការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងឆ្នាំនេះ

គិតតាំងពីដើមឆ្នាំមកទល់ដើមខែមិថុនានេះ ធនាគារកណ្ដាលរបស់ប្រទេសថៃបានដំឡើងអត្រាកប្រាក់ជាបន្ដបន្ទាប់ចំនួន៣ដងរួចមកហើយ។ ប៉ុន្ដែ សម្រាប់ក្រុមអ្ន…

ភាពជាប់គាំងកម្រិតបំណុលរបស់អាមេរិកត្រូវបានទម្លាយហើយ ក្រោយលោកចូ បៃឌិន ចុះហត្ថលេខាលើច្បាប់ស្ដីពីកម្រិតបំណុល

ទីបំផុត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដែលព្យួរកម្រិតបំណុលអតិបរមាទំហំ ៣១,៤ ទ្រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ