ប្រសិនបើមហិច្ឆតាឆ្នាំ ២០៣៥នេះ សម្រេចបានមែន នោះប្រទេសវៀតណាម នឹងឡើងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ហើយ ខណៈដែលទំហំ GDP វិញ នឹងកើនដល់ប្រមាណ ១ទ្រីលានដុល្លារអាមេរិក។ ជាមួយគ្នានេះ ត្រឹមឆ្នាំ២០៣០ ប្រទេសវៀតណាម ក៏មានគោលដៅ នឹងបង្កើនចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ ឲ្យបានដល់ ៦.៥០០ ដុល្លារអាមេរិកផងដែរ។
បន្ថែមពីនេះទៀត ប្រទេសជិតខាងកម្ពុជាមួយនេះ ក៏មានគោលដៅ នឹងកាត់បន្ថយអត្រាភាពក្រីក្រ ឲ្យនៅត្រឹមតែ១% ប៉ុណ្ណោះ និងបង្កើនអត្រាអ្នកចំណូលមធ្យមឲ្យបានដល់ ៥០% នៅត្រឹមឆ្នាំ ២០៣៥។
បើតាមរបាយការណ៍ពី ស្ថាប័ន Boston Consulting Group អ្នកចំណូលមធ្យម និងខ្ពស់ នៅប្រទេសវៀតណាម ត្រូវបានគេចាត់ថ្នាក់ថា គឺជាអ្នករកចំណូលបានចាប់ពី ជាង ៧០០ ដុល្លារអាមេរិកឡើងទៅក្នុងមួយខែ។
វៀតណាម ក៏រំពឹងដែរថា នឹងមានអាជីវកម្មឯកជន ២លាន អាជីវកម្ម ដែលនឹងរួមចំណែក ៥០% នៅក្នុង GDP នៅត្រឹមឆ្នាំ ២០២០ និង៦០ ទៅ៦៥% នៅឆ្នាំ២០៣០។
បើតាម អ្នកជំនាញសេដ្ឋកិច្ចវៀតណាម កំណែទម្រង់ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ត្រូវផ្តោតលើការធ្វើទំនើបកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជន ការកសាងសមត្ថភាពច្នៃប្រឌិត ការបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនៃនគរូបនីយកម្ម និងការកសាងស្ថាប័នទំនើប និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព។
របាយការណ៍ពីធនាគារពិភពលោក បានបង្ហាញថា ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ៗ របស់វៀតណាម នៅឆ្នាំ២០១៧ មានជាង ២.៣០០ ដុល្លារអាមេរិក ខណៈដែលកម្ពុជា និងមីយ៉ាន់ម៉ា មានតែជាង ១.២០០ ដុល្លារ ភីលីពីន មានជិត ៣ពាន់ដុល្លារ ថៃមានជាង ៦.៥០០ដុល្លារ ម៉ាឡេស៊ី មានជិត ១ម៉ឺនដុល្លារ និងប្រទេសសាំងហ្គាពួរមាន ជាង ៥៧.០០០ ដុល្លារ។
បើតាមការប៉ាន់ស្មាន ពីក្រសួងផែនការ និងការវិនិយោគវៀតណាម គិតត្រឹម ២ឆ្នាំចុងក្រោយនេះ កំណើន GDP របស់វៀតណាម សម្រេចបានជាមធ្យមប្រមាណ ៦,៦%។ ដោយឡែក គិតត្រឹម ៩ខែ ឆ្នាំនេះ កំណើន GDP របស់វៀតណាម សម្រេចបានរង្វង់ ៧% ដែលមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។