ក្រសួងហិរញ្ញវត្ថុវៀតណាម បានគូសបញ្ជាក់ថា ការចំណាយថវិកា មិនអស់ពីលទ្ធភាពគឺ ដោយសារតែការផ្ទុះឡើងនូវមេរោគកូវីដ១៩ និងបញ្ហាគ្រោះធម្មជាតិ ដែលធ្វើឲ្យមានការពន្យារពេលគម្រោងអភិវឌ្ឍន៍ធំៗ ជាពិសេស ការងារសាងសង់ជាដើម។
មូលហេតុសំខាន់មួយផ្សេងទៀត គឺនៅពេលដែលមានការកែប្រែគម្រោងមួយចំនួន គឺតម្រូវឲ្យមាន ការបំពេញបែបបទរដ្ឋបាលជាច្រើនដំណាក់កាល ទើបគម្រោងនីមួយៗ កាន់តែមានភាពយឺតយ៉ាវ។
ក្នុងនោះដែរមានតែ ខេត្តក្រុងចំនួន ៤ ក្នុងចំណោមខេត្តក្រុងទាំង ៦៣ របស់វៀតណាម ដែលបានចំណាយថវិកាជំនួយអភិវឌ្ឍន៍ផ្លូវការនេះ លើសពី ៧០%។
យ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើដល់ ភ្នាក់ងាររដ្ឋាភិបាលឲ្យ ពន្លឿនរាល់ការងាររដ្ឋបាលទាក់ទងនឹងការវិនិយោគ សំណង់ និងការដោះស្រាយបញ្ហាដីធ្លីសម្រាប់ការអភិវឌ្ឍជាដើម។
គួរជម្រាបដែរថា រដ្ឋាភិបាលវៀតណាម រំពឹងខ្ពស់ពីការប្រើប្រាស់ កញ្ចប់ថវិកាជំនួយអភិវឌ្ឍន៍ផ្លូវការនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមកវិញ ដែលត្រូវរងគ្រោះដោយបញ្ហាមេរោគកូវីដ១៩ នៅក្នុងឆ្នាំនេះ ក៏ប៉ុន្តែ បើតាមស្ថានភាពជាក់ស្តែង នៅក្នុងឆមាសទី ១ ឆ្នាំ ២០២០នេះ ខេត្តក្រុងចំនួន ២២ ពុំបានប្រើប្រាស់ថវិកាជំនួយទាល់តែសោះ ដោយជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន៕