លោក Trump បាននិយាយនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារទី០២ កុម្ភៈនេះថា «ការសាកល្បងនុយក្លែអែរ ត្រូវបានបញ្ឈប់ ហើយក៏មិនមានការបង្កើតមីស៊ីលនៅក្នុងរយៈពេល ១៥ខែទៀតនោះដែរ ។ ប្រសិនបើខ្ញុំមិនបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទេ តាមការគិតរបស់ខ្ញុំ យើងឥឡូវនេះ ប្រហែលជាត្រូវស្ថិតនៅក្នុងសង្គ្រាមធំមួយ ជាមួយនឹងកូរ៉េខាងជើងហើយ»។
លោក Trump បន្ថែមទៀតថា នៅមានកិច្ចការច្រើនទៀត ដែលមិនទាន់បានធ្វើ ប៉ុន្ដែ ទំនាក់ទំនងរវាងលោក និងលោក Kim Jong Un គឺនៅល្អជាមួយគ្នា។
ត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន Asian Nikkei Review លោក Nguyen Khac Giang អ្នកស្រាវជ្រាវនយោបាយជាន់ខ្ពស់ នៅវិទ្យាស្ថានស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និងនយោបាយ នៅទីក្រុងហាណូយ បានលើកឡើងពីហេតុផល ដែលវៀតណាមត្រូវបានជ្រើសធ្វើជាម្ចាស់ផ្ទះនៅក្នុងជំនួបនេះថា ប្រទេសចិន និងវៀតណាម គឺកាន់របបកុម្មុយនីសតែមួយ ដែលទទួលបានជោគជ័យទាំងពីរក្នុងការការពារ នូវឥទ្ធិពល និងការអភិវឌ្ឍសេដ្ឋកិច្ច។ កូរ៉េខាងជើង ក៏មានហេតុផលផ្សេងទៀត ដើម្បីរៀនពីវៀតណាម និងចិនផងដែរ។
ត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន Vietnam Express លោក Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានឲ្យដឹងថា កាលពីខែមុននេះថា វៀតណាមជឿលើសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំនូវកម្មវិធីជំនួបកំពូលរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងនេះ ខណៈដែលវៀតណាមធ្លាប់បានរៀបចំ កម្មវិធីធំៗជាច្រើនបានទទួលជោគជ័យដូចជា ព្រឹត្តិការណ៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កាលពីឆ្នាំ២០១៧ជាដើម។
ដោយឡែក តាមសេចក្ដីរាយការណ៍មួយពី AFP ដែលបានស្រង់សម្ដី ពីមន្ត្រីរដ្ឋាភិបាលវៀតណាមដែរនោះ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលវៀតណាមកំពុងរៀបចំខ្លួនហើយ ហើយជំនួបនេះ អាចនឹងធ្វើឡើងនៅរដ្ឋធានីហាណូយរបស់វៀតណាម ឬក៏នៅទីក្រុងតំបន់ឆ្នេរសមុទ្រនៃទីក្រុង Da Nang។ តែយ៉ាងណា បើតាម សារព័ត៌មាន Bloomberg ទីក្រុងហូជីមិញ ក៏ជាជម្រើសមួយផងដែរ ក្នុងការរៀបចំនូវជំនួបកំពូលនេះ។
គួរបញ្ជាក់ថា វៀតណាម មានទំនាក់ទំនងល្អជាមួយនឹងកូរ៉េខាងត្បូង កូរ៉េខាងជើង និងអាមេរិកផងដែរ ហើយក៏មានបទពិសោធន៍ជោគជ័យជាច្រើនលើការរៀបចំនូវព្រឹត្តិការណ៍សេដ្ឋកិច្ចធំៗជាច្រើនផងដែរ។
គួរបញ្ជាក់ថា លោក Kim និង Trump ធ្លាប់បានជួបគ្នាម្ដងរួចហើយ កាលពីខែមិថុនា ឆ្នាំមុននេះ នៅប្រទេសសាំងហ្គាពួរ ដែលមេដឹកនាំកំពូលទាំងពីរនេះ ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនទាក់ទងនឹងការលុបបំបាត់នូវអាវុធនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េ៕