បើតាមក្រុមហ៊ុនភ្នាក់ងារទេសចរណ៍មួយរបស់វៀតណាមបង្ហាញថា អតិថិជនរបស់គាត់ជិត ១ម៉ឺននាក់ បានលុបចោល និងពន្យារពេលគម្រោងធ្វើដំណើររបស់ពួកគេ ពេញមួយឆ្នាំនេះតែម្តង បន្ទាប់ពីករណីឆ្លងមេរោគនៅក្នុងប្រទេសវៀតណាម បន្តកើនឡើងជាលំដាប់ ក្នុងខែសីហានេះ។
រលកទី ២នៃមេរោគកូវីដ-១៩គឺជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍ បន្ទាប់ពី ពួកគេខកខានប្រកបរបរអាជីវកម្មជាងកន្លះឆ្នាំទៅហើយ។
ជាក់ស្តែង កាលពីខែឧសភា ដល់ខែកក្កដា ក្រុមហ៊ុនទេសចរណ៍ជាច្រើន រកបានប្រាក់ចំណូលកើនឡើងវិញ ដោយសារតែការធ្វើដំណើរកម្សាន្តក្នុងស្រុកផ្ទុះឡើងវិញ ហើយក៏រំពឹងថា នៅក្នុងខែសីហានេះ នឹងធ្វើបានល្អជាងនេះទៅទៀត។
ផ្ទុយទៅវិញ ក្រោយពីមានការផ្ទុះឡើងនូវ ករណីឆ្លងដោយពុំដឹងមូលហេតុច្បាស់លាស់ ក្នុងគោលដៅទេសចរណ៍ នៅទីក្រុងដាណាង បានធ្វើឲ្យចំនួនករណីឆ្លងកើនឡើង និងរីករាលដាលដល់ ១៥ខេត្ត ក្រុងផ្សេងៗទៀតហើយករណីស្លាប់ដោយសារជំងឺក៏កើនឡើងដូចគ្នាដែរ។
បញ្ហាប្រឈមនេះ ក៏កើតមានឡើងចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដទៃទៀត បើក្នុងករណីល្អបំផុត ដែលរដ្ឋាភិបាលវៀតណាម សម្រេចបិទទីក្រុងម្តងទៀតនោះ សកម្មភាពទេសចរណ៍ នឹងត្រូវផ្អាកដំណាច់ខែតុលាខាងមុខ។
សូមជម្រាបដែរថា បើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅវៀតណាម បង្ហាញថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២០នេះ ប្រាក់ចំណូលបានមកពីវិស័យទេសចរណ៍វៀតណាម សម្រេចបាន ៤៨០លានដុល្លារអាមេរិកធ្លាក់ចុះ ៥៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕