សមាគមនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បានលើកឡើងថ្មីៗនេះថា តម្រូវការរបស់សហរដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ ជាពិសេសនៅពេលដែលសេដ្ឋកិច្ចប្រទេសនេះចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ហើយស្របពេលដែលរដូវកាលទិញទំនិញចុងឆ្នាំក៏ខិតជិតមកដល់។ ក្នុងនោះដែរ ការនាំចេញបង្គាររបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក គឺមានការកើនឡើង ១០ខែជាប់ៗគ្នាមកហើយ។
សមាគមដដែលនេះ បានបន្ថែមថា សហរដ្ឋអាមេរិកបាននឹងកំពុងបង្កើនការនាំចូលបង្គាតាំងពីដើមឆ្នាំមកម្ល៉េះ ប៉ុន្តែដោយសារប្រទេសវៀតណាមប្រឈមនឹងកង្វះការផ្គត់ផ្គង់ ហើយទើបតែពេលនេះដែលវៀតណាមមានឱកាសជំរុញការនាំចេញរបស់ខ្លួន។ យ៉ាងណាមិញ ក្រុមហ៊ុននាំចេញរបស់វៀតណាមក៏ទំនងជានឹងទទួលបានអត្ថប្រយោជន៍ផងដែរ នៅដូវកាលទិញទំនិញថ្ងៃបុណ្យណូអែលនៅអឺរ៉ុប ដែលតម្រូវការទំនិញនឹងមានការកើនឡើង។គួរំឭកថា ការនាំចេញបង្គាទៅសហភាពអឺរ៉ុបក្នុងរយៈពេល៩ ខែដំបូងក៏មានការកើនឡើង ១០ភាគរយ ដែរ ធៀបនឹងឆ្នាំមុន ដែលកើនដល់ជាង ៤០០ លានដុល្លារ។
សូមជម្រាបថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញបង្គាដ៏ធំបំផុតរបស់វៀតណាមក្នុងរយៈពេល ៩ ខែដំបូង ដែលស្មើនឹង ២៨ភាគរយនៃការនាំចេញសរុប ខណៈដែលអឺរ៉ុបមាន ១៥ ភាគរយ និងប្រទេសចិន ១១ ភាគរយ។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២១នេះ វៀតណាមមានគោលដៅ នាំចេញបង្គារឲ្យបានដល់ទៅ ៤ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ស៊ើង និមល់