ឆ្នាំទៅមិញ ចំណូលសរុបពីការនាំចេញបន្លែផ្លែឈើរបស់វៀតណាម មានចំនួន ២,៤៥ពាន់លានដុល្លារ ខណៈដែលចំណូលសរុបពីការនាំចេញប្រេងឆៅ មានចំនួន ២,៤ពាន់លានដុល្លារ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express។
ឆ្នាំ២០១៦ ជាលើកដំបូងបង្អស់ហើយ ដែលការនាំចេញបន្លែផ្លែឈើរកចំណូលបានលើសចំណូលពីការនាំចេញប្រេងឆៅ។
ជាការប្រៀបធៀប កាលពីឆ្នាំ២០០៥ ចំណូលពីការនាំចេញប្រេងឆៅរបស់វៀតណាម បានកើនឡើងដល់ទៅ ៧,៣ពាន់លានដុល្លារ ដែលកាលនោះ គឺច្រើនជាងចំណូលពីការនាំចេញបន្លែផ្លែឈើដល់ទៅ ៣១ដង។ នេះបើយោងតាមការឲ្យដឹងពីលោក Nguyen Thien Nhan ប្រធានបក្សកុំម្មុយនិស្តក្រុងហូជីមិញ។
លោក Nhan បន្ថែមថា កំណើននៃការនាំចេញប្រេងឆៅបានធ្លាក់ចុះជាហូរហែ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ខណៈដែលចំណូលពីការនាំចេញបន្លែផ្លែឈើបានកើនឡើង ៣០% ជារៀងរាល់ឆ្នាំ។
ប្រធានបក្សកុំម្មុយនិស្តក្រុងហូជីមិញ ក៏បានថ្លែងផងដែរថា រដ្ឋាភិបាលវៀតណាមគួរតែផ្ដោតលើការជួយកសិករក្នុងការដាំដុះបន្លែនិងផ្លែឈើសម្រាប់ការនាំចេញ ដើម្បីកាត់បន្ថយភាពក្រីក្រនៅជនបទ។
លោក Nhan បន្ថែមថា នៅត្រឹមឆ្នាំ២០២០ ការនាំចេញបន្លែនិងផ្លែឈើនឹងកើនឡើងដល់ប្រហែល ៩-១០ពាន់លានដុល្លារ ដែលច្រើនជាងការនាំចេញប្រេងឆៅទៅទៀត។
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម និយាយថា ក្រសួងកំពុងពិនិត្យឡើងវិញទៅលើការជួយដល់តំបន់ជនបទ និងថា ឃុំនីមួយៗ គួរផ្ដោតលើផលិតផលជាក់លាក់សម្រាប់ការនាំចេញ។
វៀតណាមមានឃុំជិត ៩០០០ឃុំនៅទូទាំងប្រទេស ហើយសក្ដានុពលនៃការដាំដុះបន្លែផ្លែឈើ នឹងបង្កើតចំណូលបានយ៉ាងច្រើនពីការនាំចេញ។
ឆ្នាំ២០១៧នេះ វៀតណាមរំពឹងថា នឹងទទួលបានចំណូលពីការនាំចេញបន្លែផ្លែឈើ ដល់ទៅ ៣ពាន់លានដុល្លារ៕