វៀតណាម-​វិស័យ​សាធារណៈ

នៅ​វៀតណាម គេ​ស្នើ​ឲ្យ​ច្របាច់​ខេត្តក្រុង​​ខ្លះ​បញ្ចូល​គ្នា​ដើម្បីកាត់​បន្ថយ​ចំនួន​មន្ត្រីរាជការ


ថ្មីៗ​នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​នៃ​សម័យ​ប្រជុំ​រដ្ឋសភា តំណាង​រាស្ត្រ​វៀតណាម​ខ្លះ បាន​ស្នើ​ឲ្យ​មាន​ការ​ច្របាច់​ខេត្ត​ក្រុង​ខ្លះ​បញ្ចូល​គ្នា​ ថែមទៀត ដើម្បី​កាត់​បន្ថយ​ចំនួន​មន្ត្រី​រាជការ។
នៅ​វៀតណាម គេ​ស្នើ​ឲ្យ​ច្របាច់​ខេត្តក្រុង​​ខ្លះ​បញ្ចូល​គ្នា​ដើម្បីកាត់​បន្ថយ​ចំនួន​មន្ត្រីរាជការ។
ដោយ

សារព័ត៌មាន VN Express ផ្សាយថា នៅ​ក្នុង​កិច្ច​ពិភាក្សា​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​ថ្មីៗ​នេះ អនុ​ប្រធាន​សភា​មក​ពី​ខេត្ត​ បាក់លាវ (Bac Lieu) ភាគ​ខាង​ត្បូង​វៀតណាម លោក Ta Van Ha ថ្លែងថា ដំណើរការ​នៃ​ការ​កាត់​បន្ថយ​ចំនួន​តំណែង​រដ្ឋាភិបាល​ដែល​លើស​តម្រូវការ មាន​ភាព​យឺត​យ៉ាវ​ណាស់។

លោកថា ប្រជាជន​អ្នក​បង់ពន្ធ​មិន​អាច​ទ្រាំទ្រ​នឹង​បន្ទុក​ចំណាយ ៦០% នៃ​ថវិកា​ជាតិ ទៅ​លើ​ការចំណាយរបស់រដ្ឋាភិបាល​នោះទេ ដែល​នៅសល់​ថវិកា​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ការ​អភិវឌ្ឍ​និង​ការ​វិនិយោគ និងថា ចំនួន​មន្ត្រី​រាជការ​ដែល​គ្មាន​សមត្ថភាព និង​មាន​សីលធម៌​ទាប នៅ​មាន​ចំនួន​ច្រើន​​នៅឡើយ។ 

លោក​តំណាងរាស្ត្រ Ta Van Ha បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ធ្វើ​ដូច​អ្វី​ដែល​ក្រុង​ហាណូយ​បានធ្វើកាលពី​មួយ​ទសវត្សរ៍​មុន​ដែរ គឺ​ពិចារណា​ទៅ​លើ​ការ​ច្របាច់​ខេត្ត​ក្រុង​មួយ​ចំនួន​បញ្ចូល​គ្នា។ 

កាលពី​ឆ្នាំ​២០០៨ ជាង ៩២% នៃ​សមាជិក​សភា​ បានបោះឆ្នោត​គាំទ្រ​ការ​ពង្រីក​ទីក្រុង​ហាណូយ ដោយ​កាត់​យក​​​ផ្នែក​ខាង​លិច​ខ្លះ​នៃ​ខេត្ត​ Ha Tay កាត់​មួយ​ផ្នែក​ខាង​ជើង​នៃ​ខេត្ត Vinh Phuc និង​មួយ​ផ្នែក​និរតី​នៃ​ខេត្ត​ Hoa Binh បញ្ចូល​មក​រដ្ឋធានី​ហាណូយ។ 

ការកាត់ខេត្តក្រុង​ខ្លះ​បញ្ចូល​មក​ជា​ដី​របស់​ក្រុង​ហាណូយ បានធ្វើ​ឲ្យ​ក្រុងនេះ​រីក​មាឌ​បីដង គឺ​មានទំហំ​កើន​ឡើង​ដល់​ទៅ ៣៣០០​គីឡូម៉ែត្រ​ការ៉េ និង​បង្កើន​ចំនួន​ប្រជាពលរដ្ឋ​ដល់​ទៅ ៦លាន ២សែន​នាក់ គឺ​កើន​ឡើង ៨០% ពីចំនួន​ប្រជាជន​នៅ​ពេល​មិន​ទាន់​ពង្រីក​ក្រុង។ 

លោក​តំណាង​រាស្ត្រ Ta Van Ha ថ្លែងថា ការ​ពង្រីក​ក្រុង​ហាណូយ ដោយ​បង្រួម​ខេត្ត​ក្រុង​ខ្លះ​នេះ ធ្វើ​ឲ្យ​ក្រុង​ហាណូយ​សម្រេច​បាន​សមិទ្ធផល​អភិវឌ្ឍន៍​ធំៗ​ជាច្រើន និង​ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​ការកាត់​បន្ថយ​ចំនួន​មុខ​តំណែង​រដ្ឋាភិបាល​ដែល​លើស​ពី​តម្រូវការចាំបាច់។ 

កាលពីខែសីហា ឆ្នាំ​នេះ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​អនុម័ត​ផែនការ​កាត់​បន្ថយ​ចំនួន​មន្ត្រី​រាជការចំនួន ៥៥១០​នាក់ ស្មើ​នឹង ២% នៃ​បុគ្គលិក​មន្ត្រីរាជការ​សរុប​សព្វ​ថ្ងៃ ២៦៥.១០០នាក់ ឲ្យ​ថយ​មកនៅ​ត្រឹម ២៥៩.៥៩០​នាក់ នៅ​ឆ្នាំ​ក្រោយ។ 

បើតាមធនាគារពិភពលោក ទំហំ​បុគ្គលិក​នៃ​វិស័យ​សាធារណៈ​រ​បស់​ប្រទេស​វៀតណាម គឺ​មានទំហំ​ធំ​បំផុត​បើ​ធៀប​នឹង​ចំនួន​ប្រជាជនសរុប នៅ​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ហើយ​កាល​ពី​ដើម​ឆ្នាំ​នេះ សវនករ​រដ្ឋាភិបាល​បាន​និយាយថា បុគ្គលិក​មន្ត្រីរាជការ​ចំនួន ៥៧.១៧៥នាក់ លើស​ពី​តម្រូវការ​ចាំបាច់៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ចោទ​ចិន​ថា "សូក​ប៉ាន់"​មេដឹកនាំ​ប្រទេស​នានា​ដោយ​"លុយ​វិនិយោគ"

ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​មហាយក្ស​អាស៊ី ចិន នៅតែ​បន្ត និង​ហាក់​គ្មាន​សញ្ញា​នៃ​ភាពធូរស្រាល​នៅឡើយ ការឆ្លង​ឆ្លើយ…

អ្នក​ជំនាញ​អចលនទ្រព្យ៖ ការ​ផ្គត់ផ្គង់​កន្លែង​លក់​ទំនិញ​រាយ​ក្នុង​ផ្សារ​ទំនើប​កើន​ឡើង​ទ្វេ​ដង

អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ទីតាំង​សម្រាប់​អាជីវកម្ម​បើក​ហាង​លក់​ទំនិញ​រាយ​នៅ​ក្នុង​អគារ​ផ្សារ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ