មួយថ្ងៃបន្ទាប់ពីកើតមានឧប្បត្តិហេតុយន្តហោះដ្រូនអាមេរិកធ្លាក់ចូលក្នុងសមុទ្រខ្មៅ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងមេទ័ពកំពូលរបស់សហរដ្ឋអាមេរិកបានពិភាក្សាសន្ទនាគ្នាដ៏កម្រមួយ តាមរយៈទូរស័ព្ទនៅថ្ងៃពុធ ទី ១៥ មីនា នៅចំពេលដែលទំនាក់ទំនងនៃប្រទេសមហាអំណាចយោធាផុតលេខទាំងពីរកំពុងធ្លាក់ដល់ចំណុចសូន្យ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការពារជាតិរបស់រុស្ស៊ី លោក Sergei Shoigu បានប្រាប់សមភាគីអាមេរិកលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកថា៖ «យន្តហោះដ្រូនរបស់អាមេរិកបានហោះនៅក្បែរឆ្នរនៃដែនដីគ្រីមៀ ដែលម៉ូស្គូមើលឃើញថា គឺជាការបង្កហេតុតែម្តង ហើយវាអាចនាំទៅរកការរាលដាលនៃជម្លោះក្នុងតំបន់ទាំងមូលនៃសមុទ្រខ្មៅ»។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ការធ្វើបែបនេះហាក់គ្មានបានផលប្រយោជន៍អ្វីនោះទេ ទាំងនៅពេលនេះ និងនៅពេលអនាគត។ ទោះយ៉ាងណាប្រទេសទាំងពីរគួរតែធ្វើសកម្មភាពណាមួយក្នុងក្រមខណ្ឌនៃការទទួលខុសត្រូវខ្ពស់ ហើយជាមួយគ្នានោះខ្សែបណ្តាញយោធានៃប្រទេសទាំងពីរត្រូវតែបើកជានិច្ចនៅពេលមានវិបត្តិ។
យ៉ាងណាមិញ ក្រោយជំនួបតាមរយៈទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Lloyd Austin បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតក្នុងកិច្ចសន្ទនានោះទេ។ ប៉ុន្ដែរដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «សហរដ្ឋអាមេរិកនឹងនៅតែមានចេតនាក្នុងការហោះហើរលើកន្លែង ឬតំបន់ណាដែលអនុញ្ញាតដោយច្បាប់អន្តរជាតិ ហើយតម្រូវឱ្យយោធារុស្ស៊ី ជាពិសេសកងទ័ពជើងអាកាសត្រូវតែធ្វើប្រតិបត្តិការលំនាំប្រកបដោយសុវត្ថិភាព និងមានលក្ខណៈវិជ្ជាជីវៈ»។
គួរំលឹកបន្តិចថា យោធាអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ទី១៤ មីនា ថា យន្តហោះចម្បាំងរុស្ស៊ីបានបញ្ចេញសាំងមកលើយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលកំពុងហោះនៅលើសមុទ្រខ្មៅ ហើយបន្ទាប់មកបានបុកជាមួយនឹងយន្តហោះដ្រូននោះ បណ្តាលឱ្យវាធ្លាក់ចូលក្នុងសមុទ្រតែម្តង។ តែរុស្ស៊ីវិញបានច្រានចោលការចោទប្រកាន់ទាំងអស់នេះទាំងស្រុង ដោយថាការធ្លាក់នោះ គឺមកពីបញ្ហាបច្ចេកទេសនៃយន្តហោះដ្រូននោះប៉ុណ្ណោះ៕