ប៉ុន្មានថ្ងៃបន្ទាប់ពីខួបមួយឆ្នាំការលុកលុយរបស់រុស្ស៊ី អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក គឺលោក អាន់តូនី ប្លីងខេន បានជួបប្រជុំរួមគ្នាជាមួយសមភាគីមកពីប្រទេសអាស៊ីកណ្តាលទាំងប្រាំ ជាកន្លែង ដែលគេស្គាល់ថា ជាដែនអំណាចឥទ្ធិពលផ្ដាច់មុខរបស់រុស្ស៊ី និងចិនតាំងពីយូរយារណាស់មកហើយ។
នៅឯកិច្ចប្រជុំនៅទីក្រុង Astana ដែលជារដ្ឋធានីដ៏ត្រជាក់របស់ប្រទេសកាហ្សាក់ស្ថាន លោក Blinken បានប្រកាសផ្តល់ជំនួយមូលនិធិថ្មីចំនួន ២៥ លានដុល្លារបន្ថែមទៀតពីលើ ២៥ លានដុល្លារអាមេរិកដែលបានប្រកាសកាលពីខែកញ្ញាកន្លងទៅ ដើម្បីជួយអាស៊ីកណ្តាលធ្វើពិពិធកម្មពាណិជ្ជកម្មពីប្រទេសរុស្ស៊ី។ ទឹកប្រាក់ទាំងនេះ នឹងរួមបញ្ចូលការអប់រំភាសាអង់គ្លេស ការអភិវឌ្ឍប្រព័ន្ធទូទាត់តាមអេឡិចត្រូនិក និងការបណ្តុះបណ្តាលសម្រាប់ពលករចំណាកស្រុកជាដើម។
ដោយបានជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងប្រាំ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន លោក ប្លីនខេន បាននិយាយថា សហរដ្ឋអាមេរិកសន្យាថា នឹងជួយគាំទ្រ «អធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី» របស់ប្រទេសទាំងប្រាំ ដោយលោកបានសង្កត់ធ្ងន់ថា គេមិនត្រូវមើលស្រាលពីចេតនារបស់រុស្ស៊ីនាពេលអនាគតនោះទេ។
យ៉ាងណាមិញ រុស្ស៊ីបានបដិសេធដំណើរទស្សនកិច្ចរបស់លោក ប្លីនខេន ដោយតាមរយៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងម៉ូស្គូជាមួយអាស៊ីកណ្តាលគឺជា «អាទិភាពកំពូលនៃគោលនយោបាយការបរទេសរបស់រុស្ស៊ី»។
ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថានលោក Mukhtar Tileuberdi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ប្លីនខេន វិញថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការដើម្បីការពារការគេចវេសពីទណ្ឌកម្មដែលប្រទេសលោកខាងលិចទម្លាក់មកលើរុស្ស៊ី ប៉ុន្តែលោកបានសង្កត់ធ្ងន់ច្បាស់ៗថា ខ្លួនក៏មិនស្វែងរកការប្រឆាំងនឹងរុស្ស៊ីជាសម្ព័ន្ធមិត្តរបស់កាហ្សាក់ស្ថានដែរ។
លោករដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថានដដែលនេះ បានបន្ថែមថា ប្រទេសរបស់លោកកំពុងព្យាយាមរក្សាជំហរនៅកណ្តាល និងតុល្យភាព» ដោយអំពាវនាវរដ្ឋដទៃទៀតនៅអាស៊ីកណ្តាលមានកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយគ្រប់ប្រទេសទាំងអស់ មិនថាតែអាមេរិក រុស្ស៊ី និងប្រទេសចិននោះទេ៕