ប្រទេសចិន

រដ្ឋមន្ត្រីការពារជាតិចិនអាចកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយក្នុងជួរទ័ព ក្រោយបាត់មុខមួយរយៈ


រដ្ឋមន្ត្រីការពារជាតិចិន ដែលទើបឡើងកាន់តំណែងកំពូលរបស់ប្រទេសកាលពីខែឧសភា ត្រូវបានរាយការណ៍មកថា កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយ រួមជាមួយនឹងមន្ត្រីយោធាជាន់ខ្ពស់ប្រាំបីរូបផ្សេងទៀត។ នេះបើយោងតាមប្រភពពីមនុស្សដប់រូបសូមមិនបញ្ចេញឈ្មោះ ដែលមានទំនាក់ទំនងជាមួយយោធាចិនបានប្រាប់រ៉យទ័រ។ ការបែកធ្លាយដំណឹងដ៏ភ្ញាក់ផ្អើលនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិមួយចំនួនបានទាញការសង្ស័យអំពីអវត្តមានរបស់លោក ក្នុងកិច្ចប្រជុំនានា និងបាត់មុខជាសាធារណៈជាងពីរសប្តាហ៍។
មានមូលហេតុអ្វីនៅពីក្រោយការបាត់មុខរដ្ឋមន្ត្រីការពារជាតិចិន?

នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។មនុស្សពីរនាក់ដែលមានទំនាក់ទំនងផ្ទាល់ជាមួយយោធាចិនបានឱ្យដឹងថា លោក Li Shangfu ប្រមុខការពារជាតិចិន ជាមួយនឹងមន្ត្រីយោធាជាន់ខ្ពស់ប្រាំបីរូបទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេតពីគណៈកម្មការត្រួតពិនិត្យវិន័យរបស់យោធានៃបក្សកុម្មុយនិស្តចិន។ ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់អ្នកកាសែតកាលពីថ្ងៃសុក្រថា ក្រសួងមិនបានដឹងអំពីរឿងនេះទេ។ ខណៈការិយាល័យក្រុមប្រឹក្សារដ្ឋចិន និងក្រសួងការពារជាតិក៏មិនបានឆ្លើយតបការបំភ្លឺពីសំណាក់រ៉យទ័រដែរ។

កាសែតបរទេស Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដែលស្រង់សំដីពីមន្ត្រីអាមេរិកជឿថា លោក Li ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត។ ក្រសួងការបរទេសអាមេរិកមិនបានឆ្លើយតបចំពោះរឿងនេះដូចគ្នា។ លោក Li Shangfu ត្រូវបានគេឃើញមុខចុងក្រោយនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៩ ខែសីហា ក្នុងការថ្លែងសុន្ទរកថាក្នុងវេទិកាសន្តិសុខជាមួយប្រទេសអាហ្វ្រិក។ នៅដើមខែកញ្ញានេះ លោកក៏ត្រូវបានគេឃើញបានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងបេឡារុស្សដែរ។ ពីពេលនោះមក លោកបានបាត់មុខពីសាធារណៈតែម្តង។

គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ក្រសួងការពារជាតិចិនបានលុបចោលដំណើរទស្សនកិច្ចរបស់លោក Li ទៅកាន់ប្រទេសវៀតណាម ក្នុងកិច្ចប្រជុំការពារជាតិប្រចាំឆ្នាំរវាងប្រទេសទាំងពីរដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧-៨ ខែកញ្ញា។ បើតាមន្ត្រីវៀតណាម ភាគីចិនថា លោក Li មានបញ្ហាសុខភាពមិនបានចូលរួម។ លោកក៏អវត្តមានជួបជាមួយមន្ត្រីជាន់ខ្ពស់សឹង្ហបុរីនៅក្នុងសប្តាហ៍តែមួយ ដែលធ្វើឱ្យមានទាញការសង្ស័យកាន់តែខ្លាំង។ មែនទែនទៅ បើប្រភពដែលអះអាងខាងលើជាការពិតមែន នោះលោកនឹងក្លាយជាមនុស្សទីពីរដែលបាត់ខ្លួនដោយមិនដឹងមូលហេតុច្បាស់លាស់ ដូចលោក ឈីន ហ្គេង (Qin Gan) អតីតរដ្ឋមន្ត្រីការបរទេសចិន ដែលត្រូវដកតំណែងក្រោមហេតុផលសុខភាពកាលពីខែកក្កដា។ កាលពីខែមុន រដ្ឋអំណាចប៉េកាំងក៏បានផ្លាស់ប្តូរប្រមុខកងកម្លាំងនុយក្លេអ៊ែរ និងរ៉ុក្កែតក្នុងកងទ័ពរំដោះប្រជាជនចិនទៀតផង។

ការផ្លាស់ប្តូរញឹកញាប់ក្នុងមុខតំណែងតំពូលៗរបស់រដ្ឋាភិបាលចិនបែបនេះ ត្រូវបានអ្នកអង្កេតការខ្លះចោទជាសំណួរថា តើមានអ្វីនៅពីក្រោយអាថ៍កំបាំងនៃបក្សកុម្មុនិស្តចិនក្រោមការដឹកនាំរបស់លោកស៊ី ជិនពីង ស្របពេលដែលសេដ្ឋកិច្ចចិនកំពុងតស៊ូងើបឡើងវិញក្រោយវិបត្តិកូវីដ១៩ និងទំនាក់ទំនងកាន់តែតានតឹងជាមួយសហរដ្ឋអាមេរិក៕




អត្ថបទបន្ទាប់


ក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូងប្រមូលផ្ដុំគ្នាតាមដងផ្លូវ ដើម្បីទាមទារការការពារសិទ្ធិពីការបំពានរបស់ឪពុកម្ដាយសិស្ស

គ្រូបង្រៀន និងបុគ្គលិករបស់សាលារៀននៅកូរ៉េខាងត្បូងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ ដើម្បីទាមទារសិទ្ធិការការពារផ្…

ទឹកប្រាក់នាំចេញបន្លែ និងផ្លែឈើវៀតណាមត្រូវបានរំពឹងថា នឹងបំណែកកំណត់ត្រាថ្មីក្នុងទំហំ ៥ពាន់លានដុល្លារ នៅឆ្នាំ២០២៣

ការនាំចេញបន្លែនិងផ្លែឈើរបស់វៀតណាមនៅក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៣នេះសម្រេចបានជាង៣ពាន់លានដុល្លារកើនជាង ៥៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ