ធនាគារពិភពលោក

ធនាគារពិភពលោកព្រមានថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក អាចឈានទៅរកសង្គ្រាមពាណិជ្ជកម្ម និងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ


ធនាគារពិភពលោកព្រមានថា ផែនការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក រួមមានការដំឡើងពន្ធគយ១០% លើទំនិញនាំចូលពីជុំវិញពិភពលោក ការដំឡើងពន្ធគយ២៥% លើទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក និងការដំឡើងពន្ធគយរហូតដល់ទៅ៦០% លើទំនិញចិន អាចឈានទៅរកសង្គ្រាមពាណិជ្ជកម្ម ហើយអាចនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥ នេះ ពី២,៧% មកនៅត្រឹមរង្វង់២,៤% ពោលគឺធ្លាក់ចុះ០,៣% ប្រសិនបើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ចាត់វិធានការដំឡើងពន្ធវិញដើម្បីសងសឹក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ធនាគារពិភពលោក
ដោយ

ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលនឹងត្រលប់ចូលកាន់តំណែងនៅសេតវិមានជាថ្មីជាផ្លូវការនៅថ្ងៃទី២០ ខែមករា ដ៏ខ្លីខាងមុខនេះ បានស្នើផែនការដំឡើងពន្ធគយ១០% លើទំនិញនាំចូលពីជុំវិញពិភពលោក និងដំឡើងពន្ធគយរហូតដល់ទៅ២៥% លើទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក រហូតទាល់តែប្រទេសទាំងពីរនេះអាចទប់ស្កាត់គ្រឿងញៀន និងជនចំណាកស្រុកមិនឱ្យឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក និងដំឡើងពន្ធគយរហូតដល់ទៅ៦០% លើទំនិញចិន។ ជាការកត់សម្គាល់ឃើញថា ប្រទេសមួយចំនួនរួមទាំងប្រទេសកាណាដា ផង បានប្តេជ្ញារួចហើយថា នឹងចាត់វិធានការសងសឹកវិញ ប្រសិនបើសហរដ្ឋអាម៉េរិក ហ៊ានធ្វើដូច្នេះមែននោះ។

ធនាគារពិភពលោកបាននិយាយថា ការដំឡើងពន្ធគយ១០% របស់សហរដ្ឋអាម៉េរិក ទៅលើគ្រប់ប្រទេសជាដៃគូពាណិជ្ជកម្មទាំងអស់នៅឆ្នាំ២០២៥ នេះ អាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ០,២% ហើយការដំឡើងពន្ធសងសឹកពីសំណាក់ប្រទេសផ្សេងៗអាចនឹងជះផលប៉ះពាល់កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។

ធនាគារពិភពលោកបាននិយាយថា ការសិក្សាបង្ហាញថា ការដំឡើងពន្ធ១០% របស់សហរដ្ឋអាម៉េរិកអាចនឹងកាត់បន្ថយផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាម៉េរិកខ្លួនឯងក្នុងរង្វង់០,៤% ហើយការដំឡើងពន្ធសងសឹកពីសំណាក់បណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មអាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ធ្លាក់ចុះក្នុងរង្វង់០,៩%។

ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក អាចនឹងកើនឡើង០,៤% នៅឆ្នាំ២០២៦ ប្រសិនបើការបញ្ចុះពន្ធត្រូវបានពន្យារបន្ថែម ដោយសេដ្ឋកិច្ចពិភពលោកនឹងរងផលប៉ះពាល់តិចតួចប៉ុណ្ណោះ។

ធនាគារទូទាត់អន្តរជាតិ (BIS) ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក៏បានព្រមានដែរថា ការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្មអាចនឹងឈានទៅដល់សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសផ្សេងៗទៀត ដែលជាហានិភ័យធំដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយបង្អស់របស់ធនាគារពិភពលោក ដែលបានចេញផ្សាយពីរដងក្នុងមួយឆ្នាំបានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់២,៧% ក្នុងឆ្នាំ២០២៥ និងក្នុងឆ្នាំ២០២៦ ពោលគឺដូចគ្នានឹងឆ្នាំ២០២៤ ដែរ ហើយបានព្រមានថា ពេលនេះ​បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមមុខនឹងទស្សនវិស័យកំណើន​រយៈពេលវែងខ្សោយបំផុតចាប់តាំងពីឆ្នាំ២០០០ មក៕​

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអនុវិស័យអចលនទ្រព្យណា ដែលនៅតែមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគនៅឆ្នាំនេះ?

វិស័យអចលនទ្រព្យកម្ពុជា បានរងការរង្គោះរង្គើយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររងឥទ្ធិពលពីវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាម និងវិបត្តិសេដ្…

ប្រភពមួយចំនួនអះអាងថា ក្រុមហ៊ុន TikTok ត្រៀមបិទដំណើរការនៅអាម៉េរិក នៅចុងសប្ដាហ៍នេះ

ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយថា ក្រុមហ៊ុន TikTok គ្រោងនឹងបិទកម្មវិធីអេបរបស់ខ្លួនមួយនេះនៅចុងសប្ដាហ៍នេះហើយ ចំពេលមានភាពស្រពេចស្រពិលចំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ