សកម្មភាពផលិតកម្មបានធ្លាក់ចុះនៅតាមរោងចក្រក្នុងកោះតៃវ៉ាន់ និងប្រទេសម៉ាឡេស៊ី។ដោយឡែក សកម្មភាពរោងចក្រក្នុងប្រទេសវៀតណាម និងជប៉ុន ហាក់មានកំណើនយឺតនៅក្នុងខែកញ្ញាកន្លងទៅថ្មីនេះ បើធៀបនឹងកំណើនដែលមានក្នុងខែសីហា។ កំណើនយឺតក៏ ដោយសារការកើនឡើងតម្លៃវត្ថុធាតុដើម និងទស្សនវិស័យមិនល្អរបស់សេដ្ឋកិច្ចពិភពលោក បានប៉ះពាល់ដល់ការបញ្ជាទិញ។
ការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវរបស់ក្រុមហ៊ុនធានារ៉ាប់រង Dai-Ichi Life ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូប្រទេសជប៉ុននេះ ធ្វើឡើងបន្ទាប់ពីទិន្នន័យសកម្មភាពរោងចក្រ និងសេវាកម្មរបស់ប្រទេសចិនចេញផ្សាយកាលពីចុងខែកញ្ញាបានបង្ហាញ ពីភាពចុះខ្សោយបន្ថែមទៀតនៅក្នុងសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ ខណៈដែលការបិទទ្វារដ៏តឹងរ៉ឹងរបស់ COVID បានរំខានដល់ផលិតកម្ម និងការលក់ធ្លាក់ចុះ។
លោក តូរូ នីហ្ស៊ីម៉ា (Toru Nishima) ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវរបស់ក្រុមហ៊ុន Dai-ichi Life ក្នុងទីក្រុងតូក្យូនិយាយថា គេអាចឃើញស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលនេះពិតជាប៉ះពាល់ណាស់ដល់សកម្មភាពផលិតកម្មនៅតាមរោងចក្រក្នុងតំបន់អាស៊ី ដោយសារតែប្រទេសទាំងនេះ កាត់បន្ថយតម្រូវការបញ្ជាទិញ។
ការស្ទង់ទិន្នន័យពីប្រទេសជប៉ុនបង្ហាញថា ការបញ្ជាទិញថ្មីៗបានធ្លាក់ចុះក្នុងអត្រាលឿនបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយ ខណៈដែលទិន្នផលបានធ្លាក់ចុះខ្លាំងបំផុតក្នុង២ឆ្នាំចុងក្រោយ ដោយសារតែការធ្លាក់ចុះនៃតម្រូវការពីប្រទេសចិន និងដៃគូពាណិជ្ជកម្មផ្សេងទៀត។
ជាក់ស្តែង សន្ទស្សន៍ការបញ្ជាទិញពីប្រទេសអ្នកនាំចេញធំៗដូចជាជប៉ុន បានធ្លាក់ចុះពី ៥១,៥ពិន្ទុកាលពីខែសីហា មកនៅត្រឹម ៥០,៨ពិន្ទុក្នុងខែកញ្ញា។ នេះជាការថមថយច្រើនបំផុតមិនធ្លាប់មានរាប់ចាប់ពីខែមករាឆ្នាំមុនមក។ ដោយឡែក ការបញ្ជាទិញពីកោះតៃវ៉ាន់ធ្លាក់ចុះតិចតួចពី ៤២,៧ពិន្ទុក្នុងខែសីហា មកត្រឹម ៤២,២ក្នុងខែកញ្ញា។ ប្រទេសវៀតណាមធ្លាក់ចុះការបញ្ជាទិញពី ៥២,៧ពិន្ទុ មកត្រឹម ៥២,៥ពិន្ទុ ក្នុងរយៈពេលដូចគ្នា។
សូមបញ្ជាក់ថា ការកើនឡើងអតិផរណាបានបង្ខំឱ្យធនាគារកណ្តាលអាមេរិក និងអឺរ៉ុបចាប់ផ្តើម ដំឡើងអត្រាការប្រាក់គោល ដោយបង្កឱ្យមានភាពភ័យខ្លាចចំពោះការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការពិភពលោក ហើយវាក៏នឹងធ្វើឱ្យការនាំចេញនៅអាស៊ីធ្លាក់ចុះដូចគ្នា។ បន្ថែមពីនេះ ការថយចុះនៃសេដ្ឋកិច្ចមហាយក្សចិន ក៏បានធ្វើអាប់អួរដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីទាំងមូលផងដែរ ខណៈដែលមានអ្នកវិភាគជាច្រើនបានរំពឹងទុកថា សេដ្ឋកិច្ចចិននឹងកើនឡើងត្រឹមតែ៣% នៅឆ្នាំនេះ ដែលជាកំណើនទាបបំផុតមិនធ្លាប់មានតាំងពីឆ្នាំ១៩៧៦មក ដែលនេះមិនបានរួមបញ្ជូលកំណើនដែលសម្រេចបាន២,២% កាលអំឡុងកូវីដ១៩ផ្ទុះរាលដាលដំបូងកាលពីឆ្នាំ២០២០នោះឡើយ។
ការថយចុះនៃសេដ្ឋកិច្ចសកល កំពុងបង្កជាភាពអាប់អួរដល់ទស្សនវិស័យកំណើនកាន់តែខ្លាំង បើទោះបីជា កំណើននៅក្នុងវិស័យឧស្សាហកម្មនៅមានខ្ពស់ក្ដី។ យ៉ាងណាមិញ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំរបស់អាមេរិក Tesla បានប្រកាសចុងក្រោយនេះថា ការបញ្ចេញលក់រថយន្ដរបស់ខ្លួននឹងមានទាបជាងអ្វីដែលបានរំពឹងទុក នៅក្នុងត្រីមាសទី៣ឆ្នាំនេះ ដោយសារតែការថយចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក៕