ដោយយល់ឃើញពីតម្រូវការចាំបាច់របស់ពលរដ្ឋក្នុងការទទួលទានបន្លែ ផ្លែឈើ ជាប្រចាំថ្ងៃ ក៏ដូចជាចូលរួមក្នុងការកាត់បន្ថយការនាំចូលបន្លែគីមីមកក្នុងស្រុកផងនោះ លោកបណ្ឌិត យ៉ង សាំងកុមារ ថា ការមានសួនបន្លែផ្ទាល់ខ្លួន គឺជាវិធីសាស្រ្តល្អមួយ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
បណ្ឌិតផ្នែកកសិកម្មរូបនេះបន្តថា « យើងយល់ឃើញថា បើគ្រួសារនីមួយៗមានជាសួនដំណាំ មានបន្លែ មានផ្លែឈើមួយចំនួនហ្នឹង នឹងជួយបានច្រើន ដោយជួយទី១ គឺជួយដល់ការបរិភោគក្នុងគ្រួសារជាប្រចាំថ្ងៃ ជួយទី២ គឺកាត់បន្ថយការចំណាយ ជួយទី៣ គឺ អាចជាកន្លែងសម្រាប់ការលំហែកម្សាន្ដដើម្បីសុខភាព ចំពោះអ្នកដែលស្រឡាញ់ធម្មជាតិផងដែរ»។
លោកបណ្ឌិត បានបន្ថែមថា «យើងរៀបចំគម្រោងនេះ គឺសម្រាប់អ្នកដែលរស់នៅក្នុងទីក្រុងភ្នំពេញ ដែលខ្វះដីដាំដុះ និងមិនមានពេលវេលាក្នុងការថែទាំគ្រប់គ្រាន់នោះ ខាងក្រុមការងាររបស់ខ្ញុំនេះ នឹងជួយរៀបចំសួនឲ្យគាត់ ណាមួយយើងចង់បង្កើតជាកន្លែងគំរូសម្រាប់ប្រជាពលរដ្ឋទូទៅគាត់មកមើលមកឃើញថា សួនគ្រួសារដែលមានដំណាំចម្រុះពណ៌បៃតងគ្រប់រដូវនេះ ដើម្បីគាត់អាចយកទៅអនុវត្តនៅកន្លែងផ្សេងៗទៀតបាន»។
បើតាមលោកបណ្ឌិត គម្រោងសហគមន៍សួនសម្បូរសប្បាយនេះ មានរៀបចំសួនគ្រួសារ ៨០០ម៉ែត្រក្រឡា ឬអាចលើសពីនេះ តាមតម្រូវការរបស់ពលរដ្ឋដែលចង់បានធំជាងនេះ ដែលសួនសហគមន៍នេះ នឹងសម្បូរស្រកានាគ ចេក ល្ហុង បន្លែចំរុះ និងមានសួនសហគមន៍សម្បូរបន្លែ និងដំណាំឱសថបុរាណ ស្រះសម្បូរត្រីចិញ្ចឹមតាមបែបធម្មជាតិ សាលាកសិកម្មសហគមន៍ កសិដ្ឋានស៤សេដាក សួនសម្រាប់កុមារកម្សាន្ដ និងព្រៃសមាធិដែលមានដើមឈើ១០០មុខផងដែរ។
រហូតមកទល់នឹងពេលនេះ គម្រោងសហគមន៍សួនសម្បូរសប្បាយទំហំ៤០ហិកតានេះ មានអ្នកចុះឈ្មោះជាសមាជិកដើម្បីទទួលបានសួនបន្លែចម្រុះនេះ ចំនួន ៧០%ហើយ ដែលត្រូវបានលោកបណ្ឌិត យ៉ង សាំងកុមារ អះអាងថា ជាសួនដំណាំចម្រុះដំបូងគេ មិនត្រឹមតែសម្រាប់កម្ពុជានោះទេ តែអាចនឹងដំបូងគេសម្រាប់ពិភពលោកផងដែរ៕