ខាងក្រោមនេះ ជាកិច្ចសន្ទនាខ្លី រវាង ខេមបូណូមីស និងកញ្ញា ញឹក ស្រីល័ក្ខ អាយុ ១៩ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យផង និងជាអ្នកយកព័ត៌មានក្រៅម៉ោង ធ្វើការឲ្យគេហទំព័រព័ត៌មានល្បីមួយ ឈ្មោះថា ThmeyThmey.com ផងដែរ។
ខេមបូណូមីស៖ តើរៀនផង ធ្វើការផង ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ដល់កញ្ញា ?
ញឹក ស្រីល័ក្ខ៖ ធ្វើការផង រៀនផង មានអត្ថប្រយោជន៍សម្រាប់ខ្ញុំ ព្រោះវាជាការងារដែលត្រូវនឹងការសិក្សារបស់ខ្ញុំ នៅសាកលវិទ្យាល័យ។ ជាពិសេស ខ្ញុំបានអនុវត្តផ្ទាល់ជាមួយការងារ តាមរយៈការសរសេរព័ត៌មាន និងការសម្ភាសប្រភពផ្សេងៗជាដើម។
ការធ្វើការផង រៀនផង បានផ្ដល់នូវមេរៀនថ្មីសម្រាប់ខ្ញុំ ខ្ញុំអាចដឹងឮនូវរឿងថ្មីៗដែលកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ន ជាជាងការរៀនទ្រឹស្ដីតែនៅក្នុងសាលា។ ម៉្យាងវិញទៀត បានធ្វើឲ្យខ្ញុំស្គាល់ពីបរិយាកាសការងារ ពីមួយកម្រិតទៅមួយកម្រិត។ ទន្ទឹមនឹងនោះ ក៏បានផ្ដល់ឱកាសសម្រាប់ខ្ញុំ ក្នុងការមានទំនាក់ទំនងជាមួយអ្នកសារព័ត៌មាននៅក្នុងស្ថាប័នផ្សេងៗផងដែរ។
ខេមបូណូមីស៖ តើរៀនផង ធ្វើការផងអ៊ីចឹង កញ្ញាជួបការលំបាកអ្វីខ្លះទេ ?
ញឹក ស្រីល័ក្ខ៖ ទោះបីការធ្វើការផងនិងរៀនផង បានផ្ដល់អត្ថប្រយោជន៍ដល់ខ្ញុំជាច្រើនក៏ពិតមែន ប៉ុន្តែ ខ្ញុំក៏មានការលំបាកផងដែរ។ ការលំបាកដោយសារតែធ្វើការនៅពេលព្រឹក និងរៀននៅពេលរសៀល ដែលនាំឲ្យខ្ញុំមានពេលខ្លីក្នុងការផលិតព័ត៌មាន។
ម៉្យាងទៀត ទាក់ទងនឹងការប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយផងដែរ។ ជាពិសេស ការលំបាកក្នុងការទាក់ទងប្រភព ដើម្បីបកស្រាយពីបញ្ហាផ្សេងៗជាដើម។ ប៉ុន្តែទាំងនេះ មិនមែនជាបញ្ហាសម្រាប់ខ្ញុំទេ ខ្ញុំនៅតែខំប្រឹងសម្រេចនិងធ្វើកិច្ចការងាររបស់ខ្ញុំ។
ខ្ញុំចង់ឲ្យមនុស្សទូទៅគួរតែរៀនផង ធ្វើការផង ដើម្បីឲ្យយើងទទួលបានចំណេះដឹងពីការងារ និងស្គាល់រសជាតិពីការធ្វើការជាដើម។ ការងារណាក៏លំបាកដែរ តែសំខាន់លើខ្លួនឯង ត្រូវឲ្យតម្លៃលើការងារនោះ៕
កញ្ញា ញឹក ស្រីល័ក្ខ អាយុ ១៩ឆ្នាំ ស្រុកកំណើតនៅរាជធានីភ្នំពេញ។ សព្វថ្ងៃ កញ្ញាជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យ កម្ពុជា សិក្សាមុខវិជ្ជា សិល្បៈការសិក្សាពីព័ត៌មាន។ ក្រៅពីរៀននៅសាកលវិទ្យាល័យ កញ្ញា ស្រីល័ក្ខ ក៏ជាអ្នកសារព័ត៌មាន ផ្នែកបទយកការណ៍ នៅគេហទំព័រព័ត៌មាន ThmeyThmey ផងដែរ៕