នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា អំឡុងពេលសន្ទនាគ្នាតាមទូរសព្ទ័ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បាននិយាយស្វាគមន៍ ចំពោះការស្នើសុំចូលរួមរបស់ចិនក្នុងកិច្ចព្រមព្រៀង CP TPP និងបាននិយាយគាំទ្រផងដែរដល់បេក្ខភាពរបស់ក្រុងប៉េកាំងក្នុងកិច្ចព្រមព្រៀងដ៏ធំមួយនេះ។
នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះ បានបន្តថា៖ វត្តមានរបស់ចិនក្នុងកិច្ចព្រមព្រៀង CP TPP នឹងផ្តល់ផលប្រយោជន៍ វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។
យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លៃងការណ៍ពីភាគីសិង្ហបុរីឯណេះវិញ មិនបានគូសបញ្ជាក់ពីប្រធានបទទាក់ទង នឹងកិច្ចព្រមព្រៀង CPTPP ដូចដែលចិនបានគូសបញ្ជាក់នោះទេ។
គួរជម្រាបថា ចាប់តាំងពីប្រទេសចិន និងកោះតៃវ៉ាន់ បានដាក់ពាក្យចូលរួមជាមួយ CP TPP បន្តបន្ទាប់គ្នា កាលពីខែកញ្ញាមក លោកស៊ី ជីនពីង បាននិងកំពុងខ្នះខ្នែងមែនទែនដើម្បីគៀគររកការគាំទ្រពីបណ្តាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងនេះ។ ជាក់ស្តែង ក្រសួងការបរទេសចិនក៏បានអះអាងផងដែរថា រដ្ឋមន្ត្រីការបរទេសឈីលី បានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសចិន ដែលបានចូលរួមជាមួយ CP TPP តាមរយៈការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី កាលពីដើមសប្តាហ៍នេះ។
យ៉ាងណាមិញ បណ្តាប្រទេសដូចជា អូស្ត្រាលី កាណាដា និងជប៉ុនដែលជារឿយៗទាស់ទែងពាក្យសម្ដីជាមួយចិន ជុំវិញបញ្ហាសន្តិសុខ និងពាណិជ្ជកម្មនោះ ត្រូវបានគេជឿជាក់ថា អាចជាឧបសគ្គរបស់ក្រុងប៉េកាំងក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងមួយនេះ។
សូមជម្រាបថា សមាជិកបច្ចុប្បន្នរបស់ CPTPP មានចំនួន១១ប្រទេស ដូចជាអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ប៉េរូ ញូហ្សេងលែន សិង្ហបុរី និងវៀតណាម។ ខណៈការបញ្ចូលសមាជិកថ្មី តម្រូវឱ្យមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ពោលគឺត្រូវទទួលការយល់ព្រមពីប្រទេសសមាជិកទាំង១១៕