ការលើកនេះរបស់សម្ដេចបែបនេះ បានធ្វើឡើងនាឱកាសសម្ដេចបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន ៧កន្លែង ដែលស្ថិតក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង មានតម្លៃសរុប ៣៥លានដុល្លារ គឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។
ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានទាំង ៧កន្លែង ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា រាល់សមិទ្ធិផលផ្នែកហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើននៅកម្ពុជា សុទ្ធតែមានការចូលរួមពីប្រទេសជប៉ុន។ បើតាមសម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែផ្ដល់ជំនួយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យ ប៉ុណ្ណោះទេ តែប្រទេសជប៉ុន ក៏បានជួយកម្ពុជា ផងដែរ ដើម្បីស្វែងរកសន្តិភាព និងស្ដារឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចកម្ពុជា។
បើតាមឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានទាំង៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ជាង៣ពាន់៤រយម៉ែត្រ។ ក្នុងនោះ ស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ ចំនួន៥កន្លែង និងខេត្តព្រៃវែង ចំនួន២កន្លែង ដែលត្រូវចំណាយថវិកាសរុប ៣៥លានដុល្លារ។ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានសង្កត់ធ្ងន់ថា ស្ពានទាំង៧កន្លែងនេះ បានក្លាយជាផ្នែកមួយនៃការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិចំនួនពីរ គឺផ្លូវជាតិលេខ៧៣ (ខេត្តក្រចេះ) និងផ្លូវជាតិលេខ១១ (ខេត្តព្រៃវែង) ដែលជាខ្សែផ្លូវមានភាពមមាញឹកខ្លាំងសម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់យ៉ាងសំខាន់របស់សេដ្ឋកិច្ចកម្ពុជា៕