នេះបើយោងតាមសេចក្តីប្រកាសរបស់ ILO ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ដោយសារតែការរាតត្បាតនៃមេរោគកូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមជាប់គាំងបន្តិចម្តងៗ ដែលធ្វើឲ្យរោងចក្រ សហគ្រាស និងក្រុមហ៊ុនជាច្រើន ជួបប្រទះនូវបញ្ហា ឈានទៅរកការកាត់បន្ថយការងារ ឬបិទអាជីវកម្មតែម្តង ដែលធ្វើឲ្យ អត្រាអត់ការងារធ្វើ កើនឡើងប្រមាណ ២៥លាននាក់ទៀត។
យ៉ាងណាក៏ដោយ ការវាយតម្លៃជាបឋមនេះក៏បានស្នើឲ្យមានការឆ្លើយតបបន្ទាន់ជាទ្រង់ទ្រាយធំ និងមានការសម្របសម្រួលចំពោះកត្តា ៣ធំៗ គឺការពារនិយោជិតនៅកន្លែងធ្វើការ ការដាស់ភ្ញោចសេដ្ឋកិច្ច និងអត្រាការងារឡើងវិញ ជាពិសេស គាំទ្រដល់ ការបង្កើតការងារ និងប្រាក់ចំណូលបន្ថែម។
បើផ្អែកទៅតាមការវាយតម្លៃរបស់អង្គការ ILO ទៅតាមសេណារីយ៉ូផ្សេងៗគ្នាអំពីផលប៉ះពាល់នៃមេរោគកូវីដ១៩ ទៅលើ GDP សកលលោក បានបង្ហាញថា អត្រាអត់ការងារធ្វើអាចកើនឡើងចន្លោះពី ៥លាន ៣សែននាក់ ទៅដល់ ២៤លាន ៧សែននាក់ ពីលើអត្រាអត់ការងារធ្វើជាមូលដ្ឋាននៅឆ្នាំ២០១៩ ដែលមានត្រឹម ១៨៨លាននាក់។
ដោយសារតែអត់ការងារធ្វើ ការខាតបង់ប្រាក់ចំណូលរបស់និយោជិតបន្តកើនឡើងខ្លាំងចន្លោះពី ៨៦០ពាន់លានដុល្លារអាមេរិក រហូតដល់ ៣.៤ទី្រលានដុល្លារអាមេរិក ត្រឹមដំណាច់ឆ្នាំ២០២០នេះ ដែលមានន័យថា គ្មានប្រាក់ចំណូល គ្មានការចាយវាយទៅលើទំនិញ និងសេវាកម្ម ពិតណាស់ប្រាកដជាប៉ះពាល់ដល់អាជីវកម្មនិងសេដ្ឋកិច្ចជាតិ។
គួរជម្រាបដែរថា បើសិនជាសកម្មភាពសេដ្ឋកិច្ចនៅតែបន្តធ្លាក់ចុះ វានឹងជំរុញឲ្យមានអ្នកធ្លាក់ចូលក្រោមបន្ទាត់នៃភាពក្រីក្រកាន់តែច្រើន ចន្លោះពី ៨លាន ៨សែននាក់ ដល់ ៣៥លាននាក់ ក្នុងឆ្នាំ២០២០៕