បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី

បេក្ខជនប្រធានាធិបតី៣រូប ត្រូវបានសម្លឹងឃើញអាចស្នងដំណែងលោក ចូកូ វីដូដូ


អតីតអភិបាលក្រុងដ៏មានប្រជាប្រិយពីររូបបានចាប់ផ្ដើមដំណើរការចុះឈ្មោះឆ្ពោះទៅរកការប្រណាំងប្រជែងសម្រាប់ដំណែងប្រធានាធិបតីឥណ្ឌូនេស៊ី បន្តពីលោក ចូកូ វីដូដូ សម្រាប់ការបោះឆ្នោតដែលនឹងប្រពឹត្តទៅនៅខែកុម្ភៈ ខាងមុខ។ ប៉ុន្តែនៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោកនេះនៅមានបេក្ខជនដ៏មានសក្តានុពលម្នាក់ទៀត គឺលោករដ្ឋមន្រ្តីក្រសួងការពារជាតិ។ តើអ្នកណាដែលមានសក្តានុពល និងសមត្ថភាពគ្រប់គ្រាន់ក្នុងការស្នងតំណែងបន្តពីលោក ចូកូ វីដូដូ?
បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី
ដោយ

តាមសារព័ត៌មានធំៗបានរាយការណ៍ថា លោក ហ្គានចា ប្រាណូវូ (Ganjar Pranowo) និង លោក អេនី បាស្វេដាន (Anie Baswedan) ដែលមានវ័យ៥៤ឆ្នាំ និងជាអតីតអភិបាលក្រុងហ្សាកាតា ដូចគ្នាបានចុះឈ្មោះចូលរួមប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតីឥណ្ឌូនេស៊ីបន្តពីលោក ចូកូ វីដូដូ រួចហើយ។

ក្រៅពីបេក្ខជនទាំងពីររូបនេះ ឥណ្ឌូនេស៊ី ក៏មានបេក្ខជនដ៏មានសក្តានុពលម្នាក់ទៀតផងដែរ គឺលោក ប្រាបូវូ សូប៊ីយ៉ានតូ (Prabowo Subianto) រដ្ឋមន្រ្តីក្រសួងការពារជាតិវ័យ៧២ឆ្នាំ ដែលគេរំពឹងថា លោកនឹងឈរឈ្មោះក្នុងការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

ពាក់ព័ន្ធនឹងដំណើរការប្រជាធិបតេយ្យនៅក្នុងប្រជាជាតិនេះ ប្រជាជនឥណ្ឌូនេស៊ី ជិត២០៥ លាននាក់ក្នុងចំណោមប្រជាជនជាង២៧០លាននាក់នឹងចេញទៅបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីសម្រេចថា តើអ្នកណានឹងដឹកនាំប្រទេស ដែលសម្បូរធនធាន និងមានសេដ្ឋកិច្ចលើសពី១ទ្រីលានដុល្លារបន្តពីលោក ចូកូ វីដូដូ ដែលត្រូវផុតអាណត្តិនៅត្រឹមដំណាច់ឆ្នាំនេះ។

កាលពីពេលថ្មីៗក្រុមអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងហ្សាកាតា ដើម្បីអបអរសាទរ និងគ្រវីទង់គណបក្សគាំទ្របេក្ខភាពប្រធានាធិបតីទាំងពីររូប នៅមុនពេលពួកគេបានទៅចុះឈ្មោះនៅគណៈកម្មាធិការបោះឆ្នោត។

លោក អេនី បាននិយាយបន្ទាប់ពីចុះហត្ថលេខាលើឯកសារចុះឈ្មោះ និងបានបង្ហាញនូវគោលនយោបាយរបស់លោកទៅកាន់ស្ថាប័នបោះឆ្នោតថា "យើងកំពុងនាំយកគំនិតនៃការផ្លាស់ប្តូរនៅក្នុងប្រទេសឥណ្ឌូនេស៊ី"។

លោកបានសន្យាថានឹងកាត់បន្ថយថ្លៃដើមស្បៀងអាហារ ធ្វើអោយប្រសើរឡើងនូវសុខុមាលភាពសម្រាប់កសិករ និងអ្នកនេសាទ ព្រមទាំងសន្យាផ្តល់ការអប់រំ និងសេវាថែទាំសុខភាពកាន់តែប្រសើរឡើងនៅក្នុងប្រទេស។ លោក អេនី ត្រូវបានគេដឹងថា គឺជាអ្នកនយោបាយដែលមានទំនាក់ទំនងស្និទនឹងគណបក្សអ៊ីស្លាមដ៏ធំរបស់ប្រទេសឥណ្ឌូនេស៊ី។

នៅថ្ងៃដដែលនោះ លោក ហ្គានចា មកពីគណបក្សកាន់អំណាច ក៏បានអញ្ជើញទៅបញ្ជាក់អំពីការចុះឈ្មោះជាបេក្ខជនផងដែរ។ លោកបានអះអាងប្រាប់អ្នកសារព័ត៌មានថា គោលជំហរនយោបាយរបស់លោក គឺការសន្យាក្នុងការពន្លឿនការសាងសង់ទីក្រុងថ្មី និងកិច្ចការនានា ដើម្បីធានាដល់យន្តការបង្កើតការងារថ្មីចំនួន១៧លានកន្លែងដល់ប្រជាជន និងពន្លឿនការដាំដើមឈើឡើងវិញ ហើយលោក ក៏បានបញ្ជាក់នូវគោលបំណងពង្រីកកម្មវិធីសុខុមាលភាពសង្គមដល់ពលរដ្ឋឥណ្ឌូនេស៊ី១៥លានគ្រួសារ និងពង្រឹងទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេស។

លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកនឹងបន្តកម្មវិធីនានារបស់រដ្ឋបាលបច្ចុប្បន្ន ប្រសិនបើជាប់ឆ្នោត​។

តាមការស្ទង់មតិនៅពេលនេះ លោក ហ្គានចា កំពុងតែទាក់ទាញប្រជាប្រិយភាពប្រដំប្រសងនឹងលោក ប្រាបូវូ ដែលបានប្រកួតប្រជែងដំណែងហើយចាញ់ លោក វីដូដូ ពីរអាណត្តិកន្លងមក គឺនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ និងឆ្នាំ២០១៩។

ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនេះ លោក វីដូដូ បានប្រកាសថា លោកសូមមិនពាក់ព័ន្ធ នឹងការប្រកួតប្រជែងនេះទេ ប៉ុន្តែប្រភពខ្លះបានអះអាងថា លោកកំពុងតែគាំទ្រជាសម្ងាត់ដល់បេក្ខភាពលោក ប្រាបូវូ ខណៈដែលពីមុនលោក គាំទ្រលោក ហ្គានចា។ យ៉ាងណាក៏ដោយ លោក ចូកូ វីដូដូ ក៏កំពុងត្រួសត្រាយបើកផ្លូវឲ្យកូនប្រុសរបស់ខ្លួនទទួលបានសិទ្ធិក្នុងការឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ក្រុមប្រទេសផលិតប្រេងធំៗមិនទាន់ឆ្លើយតបនឹងអ៊ីរ៉ង់ ដែលស្នើឲ្យដាក់ទណ្ឌកម្មប្រេងនោះទេ

រដ្ឋាភិបាលអឺរ៉ង់ កាលពីពេលថ្មីៗបានស្នើឱ្យក្រុមប្រទេសផលិតប្រេងធំៗនៅក្នុងអង្គការសហប្រតិបត្តិការអ៊ីស្លាមរាំងខ្ទប់ និងដាក់ទណ្ឌកម្មលើប្រេងរបស់អ៊ីស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ