ខេត្តគោលដៅទេសចរណ៍

ផ្ទះសំណាក់ និងសណ្ឋាគារ ៧០% នៅតាមខេត្តគោលដៅទេសចរណ៍ត្រូវបានកក់ សម្រាប់ឱកាសឆ្លងឆ្នាំសាកល


ថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅ និងម្ហូបអាហារបានវាយតម្លៃថា មកទល់ពេលនេះមានបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅតាមខេត្តគោលដៅទេសចរណ៍នានាទូទាំងប្រទេសចន្លោះពី ៦០% ទៅ៧០%ត្រូវបានអតិថិជនកក់ក្នុងឱកាសពិធីចូលឆ្នាំសកល២០២២-២០២៣ខាងមុខនេះ។ ពាក់ព័ន្ធតម្លៃសេវាស្នាក់នៅ ថ្នាក់ដឹកនាំនាយកដ្ឋានសេវាកម្មស្នាក់នៅ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តគោលដៅទេសចរណ៍មួយចំនួនអះអាងថា មកទល់ពេលនេះពុំទាន់មានការឡើងថ្លៃគួរឲ្យកត់សម្គាល់នោះទេ។
ផ្ទះសំណាក់ និងសណ្ឋាគារ ៧០% នៅតាមខេត្តគោលដៅទេសចរណ៍ត្រូវបានកក់ សម្រាប់ឱកាសឆ្លងឆ្នាំសាកល
ដោយ

មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបាននាំគ្នាកក់សេវាកម្មស្នាក់នៅដូចជាផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅតាមខេត្តគោលដៅទេសចរណ៍នានាទូទាំងប្រទេស ដើម្បីត្រៀមក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ បើតាមឯកឧត្តម គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅនិងម្ហូបអាហារនៃក្រសួងទេសចរណ៍ មកទល់ពេលនេះ មានបន្ទប់ផ្ទះសំណាក់ សណ្ឋាគារនិងបឹងកាឡូចន្លោះពី៦០% ទៅ៧០% ហើយត្រូវអតិថិជនកក់សម្រាប់ឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ។ ឯកឧត្តមរំ ពឹងថា សេវាកម្មស្នាក់នៅ ដែលនៅសេសសល់នឹងទទួលបានការកក់ និងជួលអស់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ ពាក់ព័ន្ធតម្លៃសេវាកម្មស្នាក់នៅ ប្រធាននាយកដ្ឋានរូបនេះអះអាងថា មកទល់ពេលនេះមានការឡើងថ្លៃតិចតួចប៉ុណ្ណោះ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានគូសបញ្ជាក់ថា មកទល់ពេលនេះ សេវាកម្មស្នាក់នៅក្នុងខេត្តកំពតប្រមាណ៧០%ត្រូវបានអតិថិជនកក់សម្រាប់ត្រៀមក្នុងថ្ងៃបុណ្យចូលឆ្នាំសកល ហើយលោករំពឹងថា បន្ទប់ដែលនៅសល់នឹងទទួលបានការកក់ ឬជួលអស់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រៅពីស្នើឲ្យម្ចាស់អាជីវកម្មក្នុងវិស័យសេវាកម្មស្នាក់នៅ និងម្ហូបអាហារកុំឲ្យដំឡើងថ្លៃ មន្ទីរទេសចរណ៍ ក៏ដូចរដ្ឋបាលខេត្តកំពត បានរៀបចំតំបន់ទេសចរណ៍នានា និងបង្កើតព្រឹត្តិការណ៍ទេសចរណ៍មួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅខេត្តនេះផងដែរ។ ជាមួយគ្នានេះមន្ទីរទេសចរណ៍ខេត្ត ក៏បានណែនាំម្ចាស់អាជីវកម្មទេសចរណ៍បន្តអនុវត្តវិធានការកូវីដ-១៩ ក្នុងអំឡុងថ្ងៃបុណ្យឆ្លងឆ្នាំសកលទៀតផង។

ស្រដៀងគ្នានេះដែរ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូក្នុងខេត្តកែបប្រមាណ៨០%ហើយទទួលបានការកក់ពីអតិថិជន ខណៈ២០% ទៀត ម្ចាស់អាជីវកម្មក្នុងវិស័យនេះមិនទទួលការកក់នោះទេ ពោលគឺទុកជួលជាក់ស្តែងក្នុងថ្ងៃបុណ្យមកដល់។ លោកបានបន្តថា ពាក់ព័ន្ធតម្លៃសេវាកម្មស្នាក់នៅក្នុងខេត្តកែប បច្ចុប្បន្នមានការឡើងថ្លៃចន្លោះពី១០ទៅ១៥% ដែលការឡើងថ្លៃភាគច្រើន គឺលើសេវាកម្មស្នាក់នៅកម្រិតមធ្យម ខណៈកម្រិតខ្ពស់ពុំមានការឡើងថ្លៃនោះទេ។

ក្រឡេកទៅមើលខេត្តព្រះសីហនុឯណោះវិញ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុអះអាងថា មកទល់ពេលនេះផ្ទះសំណាក់ និងសណ្ឋាគារល្អៗទទួលបានការកក់ស្ទើរពេញអស់ហើយ ហើយតម្លៃក៏មិនមានការកើនឡើងគួរឲ្យកត់សម្គាល់នោះដែរ ពោលគឺមានការឡើងថ្លៃតិចតួចដូចរៀងរាល់ឆ្នាំដែរ។ សម្រាប់លោក សុចិត្រគ្រឹស្នា សេវាកម្មស្នាក់នៅក្នុងខេត្តព្រះសីហនុមិនចោទជាបញ្ហានោះទេ តែអ្វីដែលលោកព្រួយបារម្ភគឺសេវាកម្មម្ហូបអាហារ ដ្បិតវាអាចមានការឡើងថ្លៃខ្ពស់។ ប្រធានមន្ទីរទេសចរណ៍រូបនេះរំពឹងថា អាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលបន្តបិទដោយសារវិបត្តិកូវីដ-១៩ កន្លងមក នឹងបើកអាជីវកម្មរបស់ខ្លួនឡើងវិញក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ។

បើតាមការគូសបញ្ជាក់របស់លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅនិងម្ហូបអាហារនៃក្រសួងទេសចរណ៍ បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមានសណ្ឋាគារ និងផ្ទះសំណាក់សរុបជិត៣ពាន់កន្លែង ក្នុងនោះសណ្ឋាគារមានជាង៨រយកន្លែង និងផ្ទះសំណាក់ជាង២ពាន់កន្លែង។ ក្នុងអំឡុងផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងទៅ មានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនត្រូវបានផ្អាក ឬបិទអាជីវកម្ម ខណៈបច្ចុប្បន្នសេវាសណ្ឋាគារ និងផ្ទះសំណាក់ភាគច្រើនត្រូវបានបើកអាជីវកម្មឡើងវិញ។ តែយ៉ាងណាក៏នៅមានសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួននៅតែបន្តផ្អាកអាជីវកម្មរបស់ខ្លួនមកទល់នឹងពេលនេះ៕




អត្ថបទបន្ទាប់


ថៃរំពឹងការលក់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) បានជាង ១ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

រាជរដ្ឋាភិបាលប្រទេសថៃមានសុទិដ្ឋិនិយមចំពោះការលក់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI)របស់ថៃ ដោយរំពឹងថា ការលក់សរុបរួមទាំងការនាំចេញផលិតផលនេះដ…

អ្នកជំនាញ៖ វិស័យទេសចរណ៍ឆ្នាំ២០២៣ នៅតែមិនច្បាស់លាស់ ទោះបីប្រទេសចិនប្រកាសបន្ធូរបន្ថយការធ្វើដំណើរអន្តរជាតិក្ដី

អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជា បានអះអាងថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ វិស័យទេសចរណ៍នៅតែបន្ដស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ដដែល បើទោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ