 
      នៅក្នុងពិធីចុះហត្ថលេខាដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់រវាងធនាគារអេស៊ីលីដា និងក្រុមហ៊ុនលីហួរនេះលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា «កេរ្តិ៍ឈ្មោះរបស់លីហួរ មានជាយូរណាស់មកហើយដោយបានផ្តល់ទំនុកចិត្តដល់ពលរដ្ឋខ្មែរជាច្រើនផងដែរ។ម្យ៉ាងវិញទៀត ធនាគារអេស៊ីលីដា ភីអិលស៊ី ប្រៀបបីដូចជាឃ្លាំងប្រាក់ រីឯក្រុមហ៊ុនលីហួរប្រៀបបីដូចជា សាច់ប្រាក់ ដែលការសហការរវាងស្ថាប័នទាំង២នេះបានផ្តល់ភាពចំណេញច្រើនដល់អតិថិជននៃស្ថាប័នទាំង២នេះ ក្នុងការផ្ទេរសាច់ប្រាក់ឲ្យគ្នាប្រកបដោយសុវត្ថិភាព រហ័សទាន់ចិត្ត និងជឿទុកចិត្តបាន»។
ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដារូបនេះបានបន្តថា «ថ្វីត្បិតតែនេះជាក្រុមហ៊ុនផ្ទេរប្រាក់លើកដំបូងដែលអេស៊ីលីដាបានសហការមែន តែក៏មិនមែនជាក្រុមហ៊ុនចុងក្រោយដែរ មានន័យថា អេស៊ីលីដា នឹងស្វាគមន៍ដល់ក្រុមហ៊ុនខ្លាំងៗដទៃទៀតក្នុងការសហការគ្នា ដើម្បីផ្តល់ជម្រើសនិងសេវាកម្មកាន់តែបន្ថែមទៀតដល់អតិថិជន»។
 
      ក្នុងការសហការនាថ្ងៃនេះដែរ ឧកញ៉ា លីហួរ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនលីហួរ គ្រុប បានមានប្រសាសន៍ថា «ការសហការនេះគោលបំណងរួម គឺផ្តល់នូវភាពងាយស្រួល រហ័សទាន់ចិត្ត មានសុវត្ថិភាព និងសន្សំសំចៃពេលវេលាដល់ប្រជាពលរដ្ឋខ្មែរដែលជាអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយឲ្យ ពួកគាត់អាចប្រើប្រាស់សេវាហិរញ្ញវត្ថុមួយចំនួនតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដែលមាននៅទូទាំងប្រទេសកម្ពុជា»។
លោកឧកញ៉ា លី ហួរ បន្តទៀតថា «ការចាប់ផ្តើមនេះ នឹងធ្វើឲ្យយើងឈានដល់ដំណាក់កាលមួយទៀតក្នុងបេសកម្មរបស់យើងដើម្បីពង្រីកវិសាលភាពក្នុងវិស័យហិរញ្ញវិត្ថុ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវភាពងាយស្រួលដល់ពួកគាត់ មិនថាក្នុងការធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃ ការបង្វិលប្រាក់សម្រាប់ការសម្រេចចិត្តធ្វើការវិនិយោគក្នុងរយៈពេលវែង ការដាក់ ឬដកប្រាក់បញ្ញើជាសាច់ប្រាក់ភ្លាមៗ និងការផ្ដល់ជូននូវលទ្ធភាពជាច្រើនផ្សេងទៀត»។
ការដាក់ឲ្យដំណើរការនូវសេវាទាំងពីរនេះ នឹងជួយសម្រួលទម្លាប់ជាទូទៅរបស់អតិថិជនធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលគាត់ត្រូវធ្វើដំណើរទៅកាន់ទីស្នាក់ការសាខារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីធ្វើប្រតិបត្តិការ ដក និងដាក់ ប្រាក់ ជំនួសដោយការមកប្រើសេវាតាមភ្នាក់ងារ លី ហួរ វេរលុយ។ ភាពងាយស្រួលនេះ នឹងជួយឲ្យអតិថិជនចំណេញពេលវេលា ដែលអាចបង្កើនចំណូលប្រចាំថ្ងៃរបស់ពួកគាត់ក្នុងការប្រើប្រាស់ សេវា តាមភ្នាក់ងារលី ហួរ វេរលុយ ដែលមានដូចជា ផ្ទេរប្រាក់ ដាក់ប្រាក់សន្សំ បើកប្រាក់ខែ បង់ប្រាក់សងកម្ចីប្រចាំខែជាដើម។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញម៉ាស៊ីនអេធីអឹមធំជាងគេចំនួន ៥៧៧គ្រឿង គ្រប់ខេត្ត និងរាជធានី ទូទាំងប្រទេសកម្ពុជា ទាំងនៅក្នុងការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងនៅតាមផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ក្រុមហ៊ុននានាផងដែរ។ ចំពោះម៉ាស៊ីនឆូតកាតអេស៊ីលីដា មានចំនួនជាង ៤,០០០ គ្រឿង ព្រមទាំងអតិថិជនដែលកំពុងប្រើប្រាស់អេស៊ីលីដាយូនីធីទាន់ចិត្តមានចំនួនច្រើនជាង ៩០០,០០០នាក់៕
 
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              