
លទ្ធផលផ្លូវការនៃការ កំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) នឹងត្រូវផ្សព្វផ្សាយជូនសាធារណជន បន្ទាប់ពីទទួលបានការអនុម័តពី គណៈកម្មការមូលបត្រកម្ពុជា (“គ.ម.ក.”)។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “វិនិយោគិនរូបវ័ន្តបុគ្គល ជាង ២.០០០នាក់ បានចូលរួមនៅក្នុងដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារ។ នេះគឺជាជោគជ័យមួយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជទីមួយ ដែលនឹងចុះបញ្ជី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (“ផ.ម.ក.”)។ នៅពេលដែលវិនិយោគិនរូបវ័ន្តបុគ្គលក្លាយជាភាគហ៊ុនិករបស់ធនាគារ រឹតតែធ្វើឲ្យយើងបង្កើនទំនាក់ទំនងយ៉ាងជិតស្និត និងកាន់តែរឹងមាំថែមទៀតជាមួយនឹងអតិថិជន ប្រកបដោយវិសាលភាពទូលំទូលាយ។ យើងខ្ញុំសូមថ្លែងអំណរគុណ ដល់វិនិយោគិនសក្តានុពលរបស់ធនាគារទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ចូលរួមក្នុងដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) និងទិញភាគហ៊ុនរបស់ធនាគារ។

លោក Han Kyung Tae អគ្គនាយក ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា “ទោះបីជាមានកង្វល់អំពីជំងឺ Covid-19 និងការកើនឡើងនៃភាពមិនប្រាកដនៅលើទីផ្សារហិរញ្ញវត្ថុសកលក៏ដោយ ក៏តម្រូវការចូលរួមដាក់សំណើទិញ និងកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយតម្រូវការសរុបមានចំនួន ៣ដង លើសចំនួនភាគហ៊ុនដែលបានបម្រុងទុកក្នុងដំណាក់កាលប៊ុកបៀលឌីង។ លទ្ធផលនៃការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) នាពេលនេះ ជាលទ្ធផលបណ្តោះអាសន្ននៅឡើយ ហើយនឹង ត្រូវដាក់ជូនក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (“ផ.ម.ក.”) និង គណៈកម្មការមូលបត្រកម្ពុជា (“គ.ម.ក.”) ដើម្បីអនុម័ត លើថ្លៃចុងក្រោយ។
ការជូនដំណឹងខាងលើនេះ គឺក្នុងគោលបំណង ជូនព័ត៌មានខ្លះៗជាមុនដល់វិនិយោគិន ដើម្បីអនុញ្ញាតឲ្យវិនិយោគិនរៀបចំខ្លួន និងត្រៀមខ្លួនចូលរួមដំណាក់កាលបរិវិសកម្ម ដែលគ្រោងនឹងចាប់ផ្តើម នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារនេះ គឺជាឱកាសមាស របស់វិនិយោគិនរូបវ័ន្តបុគ្គល ដើម្បីក្លាយជាភាគហ៊ុនិករបស់ប្រជាធនាគារដែលលោកអ្នកជឿ ទុកចិត្តបំផុត និងជាធនាគារមានស្ថានភាពហិរញ្ញវត្ថុរឹងមាំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Han Kyung Tae បានបន្ថែមទៀតថា “ភាគហ៊ុនចំនួន ៤.៣៧៥.៦៩៦ ត្រូវបានបម្រុងទុកសម្រាប់ វិនិយោគិនដែលទទួលបានជោគជ័យនៅក្នុងដំណាក់កាលកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង)។ សូមអញ្ជើញ វិនិយោគិនសាធារណៈទាំងអស់ ចូលរួមក្នុងដំណាក់កាលបរិវិសកម្ម ដើម្បីទិញភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយនឹងតម្លៃចុងក្រោយ ដែលរំពឹងថានឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ (កាលបរិច្ឆេទនេះអាចកែប្រែអាស្រ័យលើការអនុម័តរបស់និយ័តករ)។
វិនិយោគិនដែល ទទួលបានជោគជ័យ និងវិនិយោគិនដែលមិនទទួលបានជោគជ័យ នៅតែអាចទិញភាគហ៊ុនរបស់ធនាគារបន្ថែមទៀតបាននៅក្នុងដំណាក់កាលបរិវិសកម្ម។ នៅក្នុងដំណាក់កាលបរិវិសកម្ម មានភាគហ៊ុនសរុបរហូតដល់ ២១.៨៧៨.៤៧៧ ភាគហ៊ុន សម្រាប់ដាក់លក់ជូនវិនិយោគគិនសាធារណៈ នៅក្នុងតម្លៃចុងក្រោយ។
បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ទៀតថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី រង់ចាំទទួលស្វាគមន៍វិនិយោគិនទាំងអស់ ដើម្បីចូលរួមទិញភាគហ៊ុន និងក្លាយជាភាគហ៊ុនិករបស់ធនាគារ នាពេលឆាប់ៗខាងមុខនេះ”៕
