លោក អុន សំអុល នាយកជាន់ខ្ពស់ធនាគារអេស៊ីលីដាសាខាវិមានចតុមុខ បានឲ្យដឹងថា ដោយសារតែអេស៊ីលីដា ជាធនាគារដែលធំ និងឈានមុខគេមួយនៅកម្ពុជា ដូចនេះ រាល់ការវិវត្តនៃភាពជឿនលឿនរបស់បច្ចេកវិទ្យា ធនាគារនេះត្រូវតែដើរឲ្យទាន់និន្នាការពិភពលោក និងអនុវត្តគោលការណ៍បំរើអតិថិជនឲ្យបានល្អប្រសើរ ដោយគោលការណ៍ទាំងនោះរួមមានដូចជា រហ័សលឿន ទាន់ចិត្តនិងមានសុវត្ថិភាព។
ចំពោះការប្រើប្រាស់សេវាកម្មតាមរយៈធនាគារឌីជីថល (Digital Banking) វិញ ត្រូវបានលោក អុន សំអុលបានបន្ថែមថា ចំនួនអ្នកប្រើប្រាស់សេវាកម្មតាមប្រព័ន្ធឌីជីថល មានកំណើនគួរឲ្យកត់សម្គាល់ដោយមានដល់ទៅជាង៣ម៉ឺន តែអ្នកប្រើប្រាស់សេវាកម្មនៅតាមបញ្ជរមានតែជាង១ម៉ឺននាក់ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ដើម្បីឲ្យស្របទៅនឹងពាក្យស្លោករបស់ធនាគារ «ជាប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត» បុគ្គលិករបស់ធនាគារអេស៊ីលីដា ជាពិសេសនៅក្នុងសាខាវិមានចតុមុខ ដែលលោកមើលការខុសត្រូវ គឺបានខិតខំបំរើអតិថិជនឲ្យអស់ពីកម្លាំងកាយចិត្ត ផ្តល់ដំណោះស្រាយរាល់បញ្ហាកើតឡើងជូនអតិថិជន មិនឲ្យមានការថ្នាំងថ្នាក់ចិត្តឡើយ ។
នាយកជាន់ខ្ពស់ធនាគារអេស៊ីលីដាសាខាវិមានចតុមុខរូបនេះបានបន្តថា កាលពីឆ្នាំ ២០១៨កន្លងទៅ ប្រាក់កម្ចីមានសមតុល្យឥណទានសរុបជាង ៥០លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំ មានសមតុល្យចំនួនជាង១០០លានដុល្លារសហរដ្ឋអាមរិក នេះគឺសម្រាប់តែធនាគារអេស៊ីលីដាសាខាវិមានចតុមុខមួយប៉ុណ្ណោះ។ នេះ គឺជាជោគជ័យមួយលើសពីការរំពឹងទុក ដែលធនាគារអេស៊ីលីដាសាខាវិមានចតុមុខត្រូវបានទទួលការលើកទឹកចិត្តពីធនាគារកណ្តាលផងដែរ។
គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ ធនាគារអេស៊ីលីដា មានសាខាចំនួន ២៦២ សាខា ដោយគ្របដណ្តប់ ទូទាំងប្រទេសកម្ពុជា ព្រមទាំងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ។ បច្ចុប្បន្ន ធនាគារកំពុងតែ ចាប់ផ្តើមវិវត្តខ្លួនទៅជា Digital Banking ដោយបានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបក្នុងការប្រតិបត្តិការសេវាកម្មនានារបស់ខ្លួន។ នៅក្នុងនោះដែរ សាខានីមួយៗ នៃធនាគារក៏កំពុងតែមមាញឹកក្នុងការអនុវត្តតាមយុទ្ធសាស្រ្តសំខាន់ៗ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់ នៃធនាគារនេះបានដាក់ចេញ៕