វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB)

វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) ចាប់ដៃគ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (KIT) ពង្រីកចំណេះដឹងផ្នែកបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា


វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារអេស៊ីលីដា ដែលជាធនាគារឈានមុខគេនៅកម្ពុជា បានសហការគ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (KIT) ដោយបានបង្កើតឡើងដោយស្ថាបនិកជនជាតិជប៉ុន ដើម្បីពង្រីកការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា ជាពិសេសនៅក្នុងបរិបទជំងឺកូវីដ១៩នេះ។
វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) ចាប់ដៃគ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (KIT) ពង្រីកចំណេះដឹងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

ក្រោយ​ការ​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា រវាង​វិទ្យាស្ថាន​ទាំង​ពីរ​ហើយ បណ្ឌិត ផុ​ន ណា​រិ​ន នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា​(AIB)​បាន​ប្រាប់​ខមេ​បូ​ណូ​មី​ស​ថា នៅ​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ បច្ចេកវិទ្យា​ព័ត៌មាន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​នៃ​វិទ្យាស្ថាន ដូច​មូលហេតុ​ដែល​វិទ្យាស្ថាន​សហការ​គ្នា​ពេល​នេះ គឺ ដើម្បី​ពង្រីក​ចំណេះ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន ។

ក្នុង​ការ​ជ្រើសរើស​វិទ្យាស្ថាន​បច្ចេកវិទ្យា​គី​រី​រម្យ (KIT) ធ្វើ​ជា​ដៃគូ​សហការ​នេះ​ដែរ បណ្ឌិត ផុ​ន ណា​រិ​ន បាន​មាន​ប្រសាសន៍​ថា​៖ « បើ​យើង​ក្រឡេក​ទៅ​មើល​ខាង​គី​រី​រម្យ លោក​មាន​អ្នកជំនាញ​មក​ពី​បរទេស​មក​ជួយ​ដើម្បី​បង្កើត​ប្រព័ន្ធ​ការងារ​នៅ​ក្នុង​IT មា​ន័យ​ថា​បង្កើត App solution ឬ​ក៏​ប្រព័ន្ធ​នៃ​ការ​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ គាត់​មាន​រៀបចំ​បង្រៀន​ហើយ ឲ្យ​អនុវត្ត​ផ្ទាល់​ធ្វើ​ផ្ទាល់​»​។

បណ្ឌិត ផុ​ន ណា​រិ​ន បាន​បន្ថែម​ថា ៖«​ជា​រួម គឺ​ស្ថាប័ន​ទាំង​២​មាន​ឆ​ន្ទះ​ការងារ ក្នុង​ការ​ពង្រឹង​វិស័យ​IT (​ព័ត៌មានវិទ្យា​) ដូច​គ្នា អ៊ីចឹង យើង​ធ្វើការ​សហការ​គ្នា​ដើម្បី​ជម្រុញ​ដល់​ការ​ពង្រឹងសមត្ថភាព​នៅ​ក្នុង​វិស័យ​អប់រំ មាន​ន័យ​ថា​ការ​ចាប់​គ្នា​រវាង​អ្នកមាន​ចំណេះដឹង​បច្ចេកវិទ្យា​ដូច​គ្នា ហើ​ុ​មាន​ប្រភព​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​ផ្គុំ​គ្នា ចូលរួម​ក្នុង​ការ​ផ្តល់​នូវ​ចំណេះដឹង​ផ្នែក​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង​ដល់​និស្សិត យើង​ឃើញ​ថា នេះ គឺជា​ចំណុចខ្លាំង​ដែល​យើង​ត្រូវ​សហការ​គ្នា​»​។

ចំណែក បណ្ឌិត ឡេ​ង ភី​រម្យ នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​គី​រី​រម្យ​(KIT) បញ្ជាក់​ដែរ​ថា នៅ​ក្នុង​បរិបទ​ឧស្សា​កម្ម​៤.០ នេះ បច្ចេកវិទ្យា​គឺ​បាន​ដើរតួ​យ៉ាង​សំខាន់​ស្ទើ​លើ​គ្រប់​វិស័យ ពិសេស​ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩  បច្ចេកវិទ្យា​បាន​ក្លាយជា​វិស័យ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គី​រី​រម្យ បណ្តុះបណ្តាល​ការ​អប់រំ​ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​បច្ចេកវិទ្យា ហើយ​AIB ផ្តោត​សំខាន់​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ហើយ​គោលដៅ​រួម​របស់​ស្ថាន​ប័ន​ទាំង​ពីរ​គឺ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Financial technology)​។

បណ្ឌិត ឡេ​ង ភី​រម្យ បាន​លើក​ឡើង​ថា​៖« ការ​សហការ​នេះ គឺជា​ការ​រៀន​ន​ពី​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​ការ​ចែករំលែក និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​សំណាក់​បុគ្គលិក សា​ស្រា្ត​ចា​រ្យ និង​និស្សិត​ទាក់ទង​នឹង​កម្មវិធី​សិក្សា បណ្ណាល័យ និង​ប្រព័ន្ធ​គ្រប់គ្រង​ស្ថាន​ប័ន​»​។

ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​រូប​នេះ អះអាង​ថា វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា ព្រឹត្តិការ​កីឡា ជំនួប​អតីត​និស្សិត និង​ព្រឹត្តិការ​រួម​គ្នា​ផ្សេង​ៗ​ទៀត នឹង​ត្រូវ​រៀបចំ​ឡើង ហើយនឹង​មាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រួម​គ្នា​លើ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Financial technology) ក៏​ដូច​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​និស្សិត​របស់​វិទ្យាស្ថាន​ទាំង​ពីរ​បាន​ចែករំលែក ផ្តាស់​ប្ដូរ​បទ​ពិសោធន៍ និង​ចំណេះដឹង ពី​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​ចុះ​កម្មសិក្សា​នៅ​វិទ្យាស្ថាន​ទាំង​២ និង​ធនាគារ​អេ​ស៊ី​លី​ដា​ផង​ដែរ​។

គួរ​ជម្រាប​ថា ថ្វី​ត្បិត​តែ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា​(AIB) ទើបតែ​ដំណើរការ​ថ្មីថ្មោង​មែន តែ​ស្ថាប័ន​អប់រំ​ថ្នាក់ឧត្តម​សិក្សា​មួយ​នេះ ហាក់​មានការ​ទទួលស្គាល់​ខ្លាំង​ពី​សាធារណៈជន ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធនាគារ ដោយ​កំណើន​សិស្ស​ចូល​សិក្សា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​កើនឡើង​ទ្វេ​ដង ខណៈ​ដែល​មាន​ស្ថាប័ន​ធនាគារ​ក្នុងស្រុក ដែល​ជា​ដៃគូ​សហការ​ប្រមាណ​​៨៨​ស្ថាប័ន ។ 

ដោយឡែក វិទ្យាស្ថាន​បច្ចេកវិទ្យា​គី​រី​រម្យ  (KIT) គឺជា​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន ដែល​មា​នទី​តាំងនៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ (​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត កុសុមៈ គិរី​រម្យ​)​។ វិទ្យាស្ថាន​នេះ​ត្រូវ​បាន​បង្កើត ឡើង​នៅ​ឆ្នាំ​២០១៤ ដោយ​ស្ថាបនិក​ជនជាតិ​ជប៉ុន លោក Takeshi Izuka ដោយ​បាន​បណ្តុះបណ្តាល​ការ​អប់រំ​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​លើ ៤ មុខ​ជំនាញ​គឺ​៖ វិស្វកម្ម​កុំព្យូទ័រ គ្រប់គ្រង​ទេសចរណ៍ ស្ថាបត្យកម្ម និង​ភាសា​ជប៉ុន ខណៈ​ដែល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​ដូច​ជា​វិទ្យាសាស្ត្រ​ទិន្នន័យ (Data science)​ការ​គ្រប់គ្រង​បច្ចេកវិទ្យា ( Technology Management ) និង សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Cyber Security) ដោយ​នឹង​ត្រូវ​ចាប់ផ្តើម​ដំណើរ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ហើយ​៕

None



អត្ថបទបន្ទាប់


ធនាគារពិភពលោកទម្លាក់ការព្យាករកំណើន GDP ហ្វីលីពីនមកនៅ៤,៦% នៅឆ្នាំ២០២១

ធនាគារពិភពលោក បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីននៅឆ្នាំ២០២១នេះ មកនៅទាបជាងការព្យាករកាលពីលើកមុន។ ដោយការព្យាករថ្មីៗនេះ…

មន្ត្រីជំនាញ៖ ទិន្នផលអំបិលឆ្នាំនេះមានការធ្លាក់ចុះ តែអាចប្រើគ្រប់ដោយមិនចាំបាច់នាំចូលនោះទេ!

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបង្ហាញពីទិន្នផលអំបិលធ្នាក់ចុះប្រមាណជាង១០% នៅឆ្នាំ២០២១ បើធៀបនឹងឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ