ក្រុមហ៊ុនសវនកម្មរបស់អាកាសចរណ៍ AirAsia បានបង្ហើបឲ្យដឹងថា អនាគតរបស់ AirAsia ស្ថិតក្នុង"ភាពមន្ទិលជាខ្លាំង" ដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃតម្រូវការធ្វើដំណើរតាមជើងហោះហើរ បណ្ដាលមកពីការឆ្លងរាលដាលវីរុសកូវីដ១៩ នៅជុំវិញពិភពលោក។
អាកាសចរណ៍ AirAsia ដែលបានបង្កើតភាពល្បីឈ្មោះនៅទូទាំងតំបន់អាស៊ី ដោយសារតែតម្លៃសំបុត្រទាប និងជាមួយនឹងពាក្យស្លោក ថា "ឥឡូវ អ្នកណាក៏អាចធ្វើដំណើរតាមយន្តហោះបានដែរ" កាលពីដើមសប្ដាហ៍នេះ បានប្រកាសពីការរកស៊ីខាតអស់ ១៨៧លានដុល្លារអាមេរិក នៅក្នុងត្រីមាសទីមួយ ដើមឆ្នាំ២០២០នេះ ។
អគ្គនាយកក្រុមហ៊ុន AirAsia លោក Tony Fernandes បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃចន្ទ ថា នេះជាការលំបាកដ៏ធំបំផុតដែលមិនធ្លាប់ជួបប្រទះ ចាប់តាំងពីឆ្នាំ២០០១មក ។
លោក Tony និយាយថា ក្រុមហ៊ុនកំពុងស្ថិតក្នុងការចរចាលើលទ្ធភាពសម្រាប់ការរកស៊ីចូលគ្នា និងកិច្ចសហប្រតិបត្តិការនានា ដែលអាចនឹងជួយក្រុមហ៊ុនឲ្យរកបានវិនិយោគទុនបន្ថែម ហើយក៏បាននិងកំពុងដាក់ស្នើសុំកម្ចីពីធនាគារ ផងដែរ ។
ទោះជាយ៉ាងណា គេនៅរង់ចាំមើលថា ជោគវាសនានៃក្រុមហ៊ុនអាកាសចរណ៍ដែលលក់សំបុត្រធូរថ្លៃជាងគេមួយនេះ នឹងទៅជាយ៉ាងណា ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ធំៗនៅជុំវិញពិភពលោកកំពុងជួបការលំបាកដូចគ្នា ដោយក្រុមហ៊ុនខ្លះបញ្ឈប់បុគ្គលិកជាច្រើននាក់ និងខ្លះទៀត បិទលែងដំណើរការតែម្ដងក៏មាន ៕