សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា គឺជាស្ថាប័នមួយ ដែលមានការជ្រោមជ្រែងពីរាជរដ្ឋាភិបាល ដែលការងារចម្បងរបស់សម្ព័ន្ធ គឺបង្កើត និងគ្រប់គ្រងសហគមន៍កសិកម្មនៅកម្ពុជា ក្នុងការផ្តល់ជំនួយផ្នែកបច្ចេកទេស និងជំនួយផ្សេងៗទៀត។ គិតមកត្រឹមពេលនេះ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាមានសមាជិកជិត១.២០០សហគមន៍កសិកម្មទូទាំងប្រទេស។
ចាប់ តាំងពីពេលបង្កើតឡើង សម្ព័ន្ធតែងតែបង្កើតកម្មវិធីផ្សេងៗ ជាពិសេសសហការជាមួយដៃគូអភិវឌ្ឍដើម្បីជួយសមាជិករបស់ខ្លួន។ ជាលទ្ធផលគ្រប់សហគមន៍កសិកម្មកម្ពុជា ដែលជាសមាជិករបស់សម្ព័ន្ធមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុង រយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទោះបីមានការអភិវឌ្ឍមែនក្តី ប៉ុន្តែគេបានសង្កេតឃើញថា បញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាជាច្រើនទៀតនោះគឺ ការកង្វះទុន ឬការទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុជាបញ្ហាប្រឈមធំបំផុងរបស់ពួកគេ។ ដូចនេះហើយ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាតែងតែស្វែងរកដៃគូសហការ ជាពិសេសស្ថាប័នហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណាឱ្យសមាជិករបស់ខ្លួនទទួលបានសេវាហិរញ្ញវត្ថុយ៉ាងងាយស្រួល។
ឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាបានមានប្រសាសន៍ថា៖ «សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់បំផុតចំពោះសមាជិក គឺ ការពង្រីកទីផ្សារ ការទទួលបាននូវផលិតភាពខ្ពស់ និងតម្លៃប្រកួតប្រជែងលើទីផ្សារនាំចេញ»។
លោកបានបន្តថា៖«ការផលិតតាមបែបសហគមន៍ ដែលកសិករយើងចង់បាននោះគឺ ជំនួយផ្នែកបច្ចេកទេស និងដើមទុន ដើម្បីជួយដល់ការផលិត និងការគ្រប់គ្រងច្បាស់លាស់ផ្នែកទីផ្សារ។ ដូចនេះ យើងត្រូវការវិនិយោគ និងជំនួយបន្ថែមពីគ្រប់ស្ថាប័ន ជាពិសេសរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ដើម្បីឱ្យសហគមន៍កសិកម្មកាន់តែមានការរីកចម្រើននៅថ្ងៃអនាគត»។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា៖«ទស្សនវិស័យរបស់ អេ អឹម ខេ គឺជួយប្រជាជនក្រីក្រ ធានាឱ្យពួកគាត់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់ៗគ្នា ដើម្បីយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍជីវភាពរបស់ពួកគាត់។ ជាពិសេសប្រជាកសិករដែលត្រូវការទុនបន្ថែមក្នុងការពង្រីករបរកសិកម្មរបស់គាត់»។
បើយោងតាមលោក គា បូរាណ កម្ចីដែល អេ អឹម ខេ បានផ្តល់ឱ្យអតិថិជនរបស់ខ្លួន គឺភាគច្រើនអតិថិជនយកទៅប្រើប្រាស់ក្នុងការធ្វើកសិកម្ម។
លោកបានបង្ហាញក្តីរំពឹងដូច្នេះថា៖«ការសហការជាមួយ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នឹងជួយដល់សហគមន៍កសិកម្មនៅកម្ពុជា មានទុនបន្ថែមក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់ ក្នុងការស្វែងរកទីផ្សារបន្ថែម និងពង្រីកសមត្ថភាពក្នុងការផលិត។ ជាលទ្ធផល វានឹងជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង»៕