វិស័យយោធា​អូស្ត្រាលី

អូស្រ្តាលីចាយរាប់ពាន់លានដុល្លារពង្រឹងវិស័យយោធា ចំពេលទំនាក់ទងជាមួយចិនកំពុងប្រះឆា


រដ្ឋាភិបាលប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារ សប្ដាហ៍នេះ បានបង្ហាញគម្រោងថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំក្រោយ ដែលក្នុងនោះ គេសង្កេតឃើញថវិកាជាច្រើនរយពាន់លានដុល្លារត្រូវបានបែងចែកលើវិស័យការពារជាតិ ស្របពេលដែលទំនាក់ទំនងរវាងអូស្ត្រាលី និងចិនកំពុងមានភាពរកាំរកូស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP។
អូស្រ្តាលីចាយរាប់ពាន់លានដុល្លារពង្រឹងវិស័យយោធា ចំពេលទំនាក់ទងជាមួយចិនកំពុងប្រះឆា (រូបភាព៖defencejobs.gov.au)
ដោយ

នៅក្នុងគម្រោងកញ្ចប់ថវិកាជាតិអូស្ត្រាលីសម្រាប់ឆ្នាំក្រោយ ដែលចេញផ្សាយដោយនាយកដ្ឋានរតនាគារជាតិអូស្រ្តាលី បានបង្ហាញថា មានថវិកាចំនួន ២៧០ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង ២១០ពាន់លានដុល្លារអាមេរិក នឹងត្រូវបានរដ្ឋាភិបាលលោក ស្កុត ម៉ូរីសុន ចំណាយលើការអភិវឌ្ឍសមត្ថភាពការពារជាតិ និងយោធា សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ ដើម្បីធានាបាននូវសេរីភាព និងស្ថេរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ក្នុងទំហំថវិកាដ៏ច្រើនសម្បើមនេះ រដ្ឋាភិបាលក្រុងកង់បេរ៉ា (Canberra) បានបែកចែកថវិកាចំនួនជាង ៧៥០លានដុល្លារអូស្រ្តាលី ឬស្មើនឹងជាង ៥៩០លានដុល្លារអាមេរិក ដើម្បីបង្កើនគុណភាពសាលាបណ្តុះបណ្តាលយោធាចំនួន៤កន្លែង ស្ថិតក្នុងភាគខាងជើង ក្បែរទីតាំងមូលដ្ឋានទ័ពប្រចាំនៅប្រទេសអូស្ត្រាលី។ 

គួររំឭកថា រដ្ឋាភិបាលអូស្រ្តាលីកាលពីខែមីនាកន្លងទៅ ធ្លាប់បានប្រកាសពីមហិច្ចតាចង់ផលិតគ្រាប់ម៉ីសីលប្រដេញ (Guided Missile)ដោយខ្លួនឯងតែម្តង ដោយសហការគ្នាជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន។ គម្រោងនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា គ្រោងនឹងចំណាយថវិកាអស់ប្រមាណ ១ពាន់លានដុល្លារអូស្រ្តា ឬស្មើនឹងប្រមាណ ៧៩០លានដុល្លារអាមេរិក ដែលគម្រោងនេះ នឹងធ្វើឲ្យប្រទេសអូស្រ្តាលីអាចផលិតបានមីស៊ីលរបស់ខ្លួនដំបូងគេក្នុងប្រវត្តិសាស្ត្ររាប់ចាប់តាំងពីឆ្នាំទសវត្សទី៦០មក។

រដ្ឋាភិបាលក្រុងកង់បេរ៉ា ក៏មានគម្រោងចំណាយលុយ ១ពាន់៣រយលានដុល្លារអូស្រ្តាលីផ្សេងទៀត  សម្រាប់រយៈពេល១០ឆ្នាំ ដើម្បីបង្កើនសមត្ថភាពរបស់ទីភ្នាក់ងារស៊ើបការណ៍សន្តិសុខជាតិ ដែលមានតួនាទីដ៏សំខាន់ក្នុងវិស័យចារកម្មរបស់អូស្រ្តាលី ដើម្បីការពារពីការគម្រាមកំហែងជាយថាហេតុ ដល់សន្តិសុខជាតិ។ 

វាមិនចម្លែកនោះទេ ដែលអូស្រ្តាលីបង្កើនថវិកាយោធាច្រើនសម្បើមបែបនេះ ទោះបីប្រទេសមួយនេះមិនមែនជាមហាអំណាច និងមានព្រំប្រទល់ជាប់តែដែនសមុទ្រ និងមិនដែលមានការគម្រាមកំហែងសន្តិសុខពីប្រទេសដទៃក្តី ក៏អូស្ត្រាលីមានឈ្មោះ ជាប្រទេសសម្ព័ន្ធមិត្តដែកថែប ជាមួយមហាអំណាចពិភពលោកអាមេរិកនឹងគេដែរ។

ដូចនេះចង់ឬមិនចង់ និងដើម្បីជាខែលការពារប្រទេសរបស់ខ្លួនផងនោះ និងដើម្បីមុខមាត់សម្ព័ន្ធមិត្តផង អូស្រ្តាលីត្រូវបង្កើនឥទ្ធិពល និងសមត្ថភាពយោធារបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងដោយចៃដន្យណាមួយ ជាពិសេស គឺក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក។

ម៉្យាងទៀត នៅអូស្ត្រាលីក៏មានមូលដ្ឋានយោធាអាមេរិកមួយដ៏សំខាន់ក្នុងតំបន់ប៉ាស៊ីហ្វិកដែរ ដូចនេះ នៅថ្ងៃអនាគត អូស្ត្រាលី និងអាមេរិកនឹងដើរតួនាទីសំខាន់ ដើម្បីបង្ហាញសាច់ដុំទប់​ទល់ឥទ្ធិពលចិនក្នុងដែនមហាសមុទ្រមួយនេះ និងជាពិសេសក្នុងជម្លោះសមុទ្រចិនខាងត្បូង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ថា ការបង្កើនសាច់ដុំយោធារបស់អូស្ត្រាលីពេលនេះ ធ្វើឡើងនៅជួនចំពេលដែលទំនាក់ទំនងរវាងខ្លួននឹងមហាអំណាចចិនកំពុងល្អក់កករកាន់តែខ្លាំង ជាពិសេសស្របពេល ដែលកំដៅកំពុងតែកើនឡើងលើដែនទឹកក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង និងខាងកើតផងដែរ។

គួរបញ្ជាក់ថា មិនមែនមានតែអូស្រ្តាលីនោះទេ ដែលបន្ថែមចំណាយលើយោធា ពិសេសអំឡុងការរាតត្បាតនៃកូវីដ-១៩ក្តី។ ជាក់ស្តែង បើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្តរជាតិ ស្ដុកខុល ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែតឲ្យដឹងថា ចំណាយលើផ្នែកយោធាទូទាំងពិភពលោកនៅក្នុងឆ្នាំ២០២០ នៅតែមានកំណើន ពោលគឺកើនឡើង ២,៦% ដោយមានទឹកប្រាក់សរុបជិត ២ទ្រីលានដុល្លារអាមេរិក បើទោះបីជាប្រទេសនីមួយៗត្រូវបែងចែកការចំណាយបន្ថែម ដើម្បីត្រៀមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ក៏ដោយ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន Xiaomi ត្រូវបានអាមេរិកសម្រេចដកចេញពីបញ្ជីខ្មៅវិញហើយ!

នៅទីបំផុត បន្ទាប់ពីក្រាញននៀលតតាំងជាមួយនឹងរដ្ឋាភិបាលអាមេរិក នៅទីបំផុតក្រុមហ៊ុនយក្សរបស់ចិន ហ្សៅមី (Xiaomi) ត្រូវបានរដ្ឋាភិបាលអាមេរិក ក្…

កម្ពុជាមានអ្នកជាសះស្បើយថ្មី ពីជំងឺកូវីដ-១៩ ជិត១ពាន់នាក់ ខណៈអ្នកឆ្លងថ្មី ៤៤៦នាក់

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៤៤៦នាក់បន្ថែមទៀត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ