ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២០ ខែមេសា បានចេញលិខិតថ្មីមួយទៀតដោយបានស្នើដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិនជន ដែលជាកូនបំណុលរបស់ខ្លួន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់មួយកម្រិតទៀត នៅក្នុងអំឡុងពេលនៃការរាតត្បាតកូវីដ-១៩នេះ។
សំណើរបស់ធនាគារជាតិ ធ្វើឡើងនៅចំពេលដែលស្ថានភាពនៃបញ្ហាមេរោគកូវីដ-១៩ នៅទូទាំងសកលលោកតែបន្តកើតមាន ហើយគេក៏មិនទាន់ដឹងច្បាស់នៅឡើយទេថា តើបញ្ហានេះ នឹងត្រូវអូសបន្លាយដល់ពេលណា ឬបញ្ចប់នៅពេលណានោះទេ។ ទោះយ៉ាងណា ការអំពាវនាវចុងក្រោយនេះ របស់ធនាគារជាតិចំពោះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ គឺស្នើឲ្យមានបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យចំពោះអតិថិជនដែលជាកូនបំណុលរហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២០។
ជុំវិញនឹងសំណើនេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបញ្ជាក់ថា ធនាគារអេស៊ីលីដា ក៏ដូចជាធនាគារផ្សេងទៀត តែងតែគោរព និងអនុវត្តទៅតាមសារាចរណ៍ណែនាំរបស់ធនាគារជាតិជាអាណាព្យាបាលជានិច្ច។
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី បញ្ហាកូវីដ-១៩ រួមទាំងការអនុវត្តតាមសារាចរណ៍ណែនាំរបស់ធនាគារជាតិ ក្នុងការជួយសម្រួលបន្ទុកអតិថិជននៅអំឡុងពេលមានបញ្ហាមេរោគឆ្លងនេះ គឺវាពិតជាបានធ្វើឲ្យប៉ះពាល់ទៅដល់ប្រាក់ចំណូលរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ ព្រោះធនាគារគឺជាអ្នកផ្ដល់សេវាជូនដល់អតិថិជន ដូច្នេះ បើសិនជាអតិថិជនមានបញ្ហា នោះធនាគារក៏មានផលប៉ះពាល់ទៅតាមនោះដែរ។ ប៉ុន្ដែ ផលប៉ះពាល់នេះ គឺវាមិនមែនកើតមានឡើងតែអាជីវកម្មរបស់វិស័យធនាគារ និងហិរញ្ញវត្ថុនោះទេ ពោលគឺវាបានប៉ះពាល់អាជីវកម្មស្ទើរតែទាំងអស់ទៅហើយ ហើយក៏មិនមែនមានតែប្រទេសកម្ពុជានោះដែរ ដែលប៉ះពាល់ គឺបញ្ហាកូវីដ-១៩នេះ បានបង្កឲ្យមានផលប៉ះពាល់អាជីវកម្មនៅទូទាំងពិភពលោក។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នី។
យ៉ាងណាក៏ដោយចុះ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដារូបនេះ បានគូសបញ្ជាក់ទៀតថា ចំពោះធនាគារអេស៊ីលីដា នៅក្នុងត្រីមាសទី១ នៅឆ្នាំនេះ ការលូតលាស់ក្នុងវិស័យឥណទាន គឺនៅមានសភាពធម្មតាមិនមានការធ្លាក់ចុះអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ដោយឡែក សម្រាប់ត្រីមាសទី២នេះ អ្នកដែលធ្លាប់ខ្ចីប្រាក់ក្នុងទំហំច្រើន ក៏បានបន្ថយទំហំខ្ចីរបស់ខ្លួនមកជាតិចវិញ។
នៅត្រីមាសទី ១ ឆ្នាំ២០២០នេះ អេស៊ីលីដា មានទំហំឥណទានកើនដល់ជិត ១០០ លានដុល្លារអាមេរិក មានអត្រាកំណើន២,៦% ធៀបនឹងឆ្នាំមុន ខណៈដែលការដាក់ប្រាក់បញ្ញើគឺមិនមានកំណើននោះទេ។
ជុំវិញនឹងការអំពាវនាវថ្មីរបស់ធនាគារជាតិនេះដែរ លោក កាំង តុងង ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា សមាគមស្វាគមចំពោះសេចក្ដីអំពាវនាវនេះ ហើយលោកថា កន្លងមកសមាជិករបស់សមាគម ភាគច្រើនសុទ្ធតែបានចូលរួមយ៉ាងសកម្មក្នុងការបន្ធូរបន្ថយ និងរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជន ដែលរងផលប៉ះពាល់ព្រោះកូវីដ-១៩នេះ លើកលែងតែសមាជិកមួយចំនួនតូច ដែលអតិថិជនគាត់មិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយមិនបានស្នើសុំការសម្របសម្រួល។
បើតាមតាមលោក កាំង តុងងី គិតមកទល់ពេលនេះ ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុ នៅមានស្ថានភាពធម្មតានៅឡើយទេ ហើយការស្នើសុំប្រាក់កម្ចី ក៏ដូចជាការដាក់ប្រាក់បញ្ញើ នៅតែមានចរន្ដជាធម្មតា។
គិតត្រឹមដំណាច់ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់ឥណទាន ជាង៧ប៊ីលានដុល្លា ដល់ប្រជាពលរដ្ឋខែ្មប្រមាណជាង ២,២លាននាក់ ក្នុងនោះមានប្រមាណ ៨០ភាគរយជាស្ត្រី។
សូមជម្រាបថា កាលពីដើមខែមេសានេះ ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសណែនាំដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាទាំងអស់ ដាច់ខាតមិនត្រូវរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុល នៅក្នុងពេលដែលមានការរាតត្បាតនៃវីរុសកូវីដ-១៩នោះទេ ហើយត្រូវរក្សាភាពទន់ភ្លន់ដោះស្រាយជាមួយកូនបំណុលរបស់ខ្លួនផងដែរ៕