ស្ពានភ្ជាប់ពីកោះពេជ្រទៅកោះនរាគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅចុងខែតុលា
ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរាសម្រេចការសាងសង់បានប្រមាណ៩០% ហើយ ដោយគ្រោងភ្ជាប់កំណាត់ស្ពានចុងក្រោយនៅចុងខែសីហា នេះ។ បើគ្មានការប្រែប្រួលទេស្ពាន ដែលមានតម្លៃវិនិយោគប្រមាណ៣៨លានដុល្លារនេះ នឹងដាក់ឲ្យដំណើរការសាកល្បងនៅចុងខែតុលា និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែវិច្ឆិកា ខាងមុខនេះ ពោលគឺមុនពិធិបុណ្យអុំទុកឆ្នាំនេះចូលមកដល់។
ថ្នាក់ដឹកនាំរូបនេះអះអាងថា ការស្ថាបនាស្ពាននេះប្រព្រឹត្តទៅដោយរលូន និងតាមផែនការដែលបានកំណត់ ពោលគឺបើគ្មានការប្រែប្រួលទេស្ពាននេះគ្រោងបើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍សាកល្បងនៅចុងខែតុលា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងន័យនេះស្ពាននេះនឹងបើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ដែលធ្វើឡើងចន្លោះពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យរៀបចំព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ បន្ទាប់ពីបានផ្អាកកាលពីឆ្នាំមុន។
លោក ទូច សំណាង រំពឹងថា ក្រោយស្ពាន ដែលមានតម្លៃវិនិយោគប្រមាណ៣៨លានដុល្លារ និងប្រវែង៨រយម៉ែត្រនេះត្រូវបានដាក់ឲ្យដំណើរការ វាមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើដំណើរពីតំបន់ច្បារអំពៅចូលមករាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សបានប្រមាណ៥០% ផងដែរ។
ជុំវិញវឌ្ឍនភាពនៃការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មកោះនរា លោក ទូច សំណាង បានគូសបញ្ជាក់ថា តំបន់ពាណិជ្ជកម្មនេះនឹងបញ្ជប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងរយៈពេលពីពីរទៅបីខែខាងមុខនេះ ខណៈបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានបញ្ចប់ការសាងសង់ហើយ។ តែយ៉ាងណាថ្នាក់ដឹកនាំរូបនេះ មិនទាន់អាចវាយតម្លៃបានទេថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរានេះអាចនឹងបញ្ចប់ទាំងស្រុងនៅណានោះទេ ពោលគឺការអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងសំណង់លំនៅឋានផ្សេងៗ វាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា។
គួរបញ្ជាក់ថា ទីក្រុងរណបកោះនរាគ្រោងអភិវឌ្ឍន៍លើផ្ទៃដី១២៥ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក។ ទីក្រុងរណបនេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញមួយនៅរាជធានីភ្នំពេញ ដ្បិតតំបន់នេះប្រមូលផ្តុំទៅដោយអគារពាណិជ្ជកម្មធំៗខ្ពស់ៗ ដូចជាខុនដូ ផ្សារទំនើប សណ្ឋាគារ និងអគារស្នាក់នៅជាដើម។ ទីក្រុងដែលស្ថិតនៅភាគខាងកើតនៃទីក្រុងកោះពេជ្រមួយ មានសមត្ថភាពអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានរហូតជាង៥ម៉ឺននាក់៕