ទិន្នន័យក្រុមហ៊ុនបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត Tesla ដែលមានការិយាល័យកណ្ដាលនៅរដ្ឋតិចសាស សហរដ្ឋអាម៉េរិកលក់ចេញរថយន្តបានចំនួនជាង៤៨ម៉ឺនគ្រឿង ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ដោយកើនឡើងជាង១១% បើធៀបនឹងតួលេខក្នុងត្រីមាសទី៣។
ទោះជាយ៉ាងណា ការកើនឡើងនេះមិនទាន់គ្រប់គ្រាន់សម្រាប់រក្សាតំណែងជើងឯករបស់ Tesla ក្នុងនាមជាក្រុមហ៊ុនផលិត និងលក់រថយន្តអគ្គិសនី (EV) កំពូលរបស់ពិភពលោកនៅឡើយទេ បើទោះបីក្រុមហ៊ុនយក្សចិន BYD ដែលជាគូប្រជែងជើងខ្លាំងលក់ចេញរថយន្តក្នុងរយៈពេលដូចគ្នាបានច្រើនជាងរហូតដល់ជិត៥២ម៉ឺនគ្រឿងក៏ដោយ។
តួលេខទាំងនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈម ដែលក្រុមហ៊ុន Tesla ទំនងជានឹងជួបប្រទះនៅក្នុងឆ្នាំ២០២៤ នេះ ខណៈបណ្ដាក្រុមហ៊ុនប្រកួតប្រជែងធំៗដូច BYD ជាដើមកំពុងសម្លឹងដណ្ដើមចំណែកទីផ្សាររថយន្តអគ្គិសនី (EV) ដែលកំពុងតែមានការពេញនិយម និងតម្រូវការកើនឡើងខ្លាំង។
ប៉ុន្តែ Tesla នៅតែជាក្រុមហ៊ុនលក់រថយន្តអគ្គិសនី (EV) កំពូលដដែលបើផ្អែកលើមូលដ្ឋានលក់ប្រចាំឆ្នាំ ដោយប្រគល់រថយន្តជូនអតិថិជនបានចំនួនជាង១លាន៨សែនគ្រឿង ក្នុងឆ្នាំ២០២៣ ទាំងមូល បើធៀបនឹងតួលេខលក់ចេញប្រចាំឆ្នាំរបស់ក្រុមហ៊ុន BYD ដែលមានចំនួនត្រឹមក្រោម១,៦លានគ្រឿង។
ក្រុមហ៊ុន BYD Company Limited គឺជាសហគ្រាសចម្រុះខ្នាតយក្សដែលមានការិយាល័យកណ្ដាលនៅទីក្រុងស៊ិនជិន (Shenzhen) ខេត្តគ័ងតុង ឬក្វាងទុង (Guangdong) ប្រទេសចិន។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយលោក វ៉ាង ឈាន់ហ្វូ (Wang Chuanfu) នៅខែកុម្ភៈ ឆ្នាំ១៩៩៥។
ក្រុមហ៊ុននេះមានបុត្រសម្ព័ន្ធធំៗជាច្រើនរួមមានក្រុមហ៊ុន BYD Auto ដែលផលិតរថយន្ត ក្រុមហ៊ុន BYD Electronic ដែលផលិតគ្រឿងអេឡិចត្រូនិចដូចជាគ្រឿងទូរស័ព្ទជាដើម និងក្រុមហ៊ុន FinDreams ដែលផលិតគ្រឿងបង្គុំរថយន្ត៕
ដោយ: តែម សុខុម