ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ២០ នៃ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលមានការចូលរួមដោយលោក ម៉ាសាហ៊ីរ៉ូ មីកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជនជាច្រើនទៀត បានឲ្យដឹងថា ឯកឧត្តម វាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការវិនិយោគនៅក្នុងវិស័យកម្មន្ដសាលមិនមែនវាយនភណ្ឌ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញឲ្យបាននៅត្រឹមឆ្នាំ២០២៥។
សូមជម្រាបថា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងរយៈពេល៧ខែដំបូងដើមឆ្នាំ ២០២០ នេះកម្ពុជាសម្រេចបានការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ៩១៤លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ធ្លាក់ចុះប្រមាណ ៣ ភាគរយ។ ទោះយ៉ាងណា តួលេខនាំចេញនេះ នៅតែខ្ពស់ជាង ប្រទេសឡាវ និងមីយ៉ានម៉ា សម្រាប់ជាប្រទេសដែលជាសមាជិកអាស៊ានដែលបានធ្វើការនាំចេញទៅជប៉ុនដូចគ្នា។
គិតមកដល់ត្រឹមដំណាច់ ខែកក្កដា ជប៉ុនបាននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ២៦០ លានដុល្លារ ដែលតួលេខនេះ គឺទាបជាងកម្ពុជានាំចេញទៅជប៉ុន ដែលមានទឹកប្រាក់ប្រមាណជាង ៩១៤លានដុល្លារ ដែលក្នុងនោះ ផលិតផលសំខាន់ៗ ដែលកម្ពុជា បាននំាចេញទៅជប៉ុនមានដូចជា ស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំម៉ាស៊ីនអគ្គិសនីណែកឯកម្ពុជាមានតម្រូវការនាំចូលពីជប៉ុនវិញ គឺផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្ររថយន្ត គ្រឿងអេឡិចទ្រូនិច គ្រឿងចក្រសម្រាប់វិស័យកសិកម្ម និងគ្រឿងបរិក្ខាសម្រាប់លំនៅដ្ឋានជាដើម៕