ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានក្រុមហ៊ុនម៉ៅការសាងសង់ China Communication Construction Company Ltd (CCCC) គឺកំពុងតែដោះស្រាយបញ្ហាចុងក្រោយទាក់ទងនឹងសំណងហើយរំពឹងថា នឹងធ្វើពិធីបញ្ចុះបឋមសិលា មុនខែមីនាឆ្នាំ២០១៩ នេះបើយោងតាមរបាយការណ៍ របស់Fitch Solutions Macro Research។
Fitch Solutions Macro Research បានចេញរបាយការណ៍នេះ ពីការិយាល័យរបស់ខ្លួននៅប្រទេសសិង្ហបុរី ហើយក្រុមហ៊ុននេះក៏មានទីស្នាក់ការនៅប្រទេសអង់គ្លេស អាមេរិច អាល្លឺម៉ង់ ហុងកុង ជប៉ុន អារ៉ាប់រួម និងអាហ្រិចខាងត្បូងផងដែរ។
ផ្លូវដែលមានប្រវែង ១៩០គីឡូម៉ែត្រនេះ នឹងតភ្ជាប់កំពង់ផែសំខាន់របស់កម្ពុជានៅក្រុងព្រះសីហនុទៅរាជធានីភ្នំពេញ ដោយបង្កើនប្រសិទ្ធភាពដឹកជញ្ជូន និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ៤។
Fitch Solutions Macro Research បាននិយាយក្នុងរបាយការណ៍របស់ខ្លួនដូច្នេះថា ៖«គម្រោងដែលមានតម្លៃ ៤ពាន់លានដុល្លារនេះ នឹងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយក្នុងចំណោមគម្រោងធំៗផ្សេងទៀតនៅកម្ពុជា ហើយយើងជឿថា វានឹងបន្ថែមតម្លៃបន្ថែមដល់វិស័យសំណង់របស់ប្រទេសនេះផងដែរ។»
ក្រៅពីគម្រោងនេះ គឺមានផ្លូវក្រវ៉ាត់ក្រុង ដែលមានចំងាយ ៤៨គីឡូម៉ែត្រ ហើយវាមានតម្លៃ ២៧៣លានដុល្លារនៅក៏បានចាប់ផ្តើមសាងសង់ហើយ ដោយក្រុមហ៊ុន Shanghai Construction Group Co. Ltd ហើយគេរំពឹងថា នឹងចំណាយពេល ៤២ខែ ជាមួយនឹងគោលដៅ បើកឲ្យប្រើប្រាស់នៅឆ្នាំ ២០២១។
Fitch Solutions Macro Research បាននិយាយក្នុងរបាយការណ៍បន្តដូច្នេះថា៖«ជាមួយនឹងការវិវត្តវិជ្ជមាននៃគម្រោងទាំងនេះ យើងបានបង្កើនការការព្យាកររបស់យើងលើវិស័យសំណង់កម្ពុជាថា នឹងកើន ១៤ភាគរយនៅឆ្នាំ២០១៩ និង១៣.៨ ភាគរយ នៅឆ្នាំ ២០២០។»
Fitch Solutions Macro Research ធ្លាប់បានព្យាករថា វិស័យនេះ នឹងមានកំណើនតែ១១.៥ភាគរយនៅឆ្នាំ ២០១៩ និង១៣.៤ ភាគរយ នៅឆ្នាំ២០២០។ ទំនាក់ទំនងទ្វេភាគីរឹងមាំរវាងកម្ពុជា និងចិន នឹងក្លាយជាកត្តាដ៏សំខាន់ដែលជួយឲ្យមានកំណើនវិស័យសំណង់កម្ពុជាហើយក្នុងកំឡុងពេលទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ថ្មីៗនេះនៅទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានសន្យាផ្តល់ជំនួយ ៤ពាន់លានយ័ន ប្រមាណជិត ៦០០ លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២១រួមនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុលា្លរត្រឹមឆ្នាំ២០២៣ផងដែរ៕