បើតាមក្រសួងសុខាភិបាល ការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីបរទេសដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញដែលមានដូចជា៖
១.កែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ពីរយៈពេល ១៤ថ្ងៃ មកនៅត្រឹមរយៈពេល ៧ថ្ងៃវិញ។
២.កែសម្រួលលក្ខខណ្ឌធ្វើតេស្តចំពោះអ្នកធ្វើចត្តាឡីស័ក ដែលក្នុងនោះចំពោះអ្នកដំណើរមកពីបរទេសចូលតាមផ្លូវអាកាស ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។ ហើយចំពោះអ្នកដំណើរមកពីបរទេសតាមព្រំដែនគោកវិញ ត្រូវធ្វើតេស្តរហ័សចំនួនពីរលើក ដែលលើកទី១ នៅថ្ងៃទី១ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី២ នៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។
ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តរក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬដូសទី២ (ចំពោះអ្នកដែលបានចាក់ដូងទី១រួច ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាក់ដូសទី២ តាមរបបចាក់វ៉ាក់សាំង) ដូចដែលបានអនុវត្តរហូតមកដល់ពេលនេះជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅថ្ងៃដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីមណ្ឌលចត្តាឡីស័ក។
សូមបញ្ជាក់ថា កាលពីថ្ងៃ ទី១៧ ខែមីនា ក្រសួងសុខាភិបាល ក៏បានសម្រេចលុបចោលនូវ លក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនមកដល់កម្ពុជា និងលុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជាផងដែរ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតបើកឡើងវិញការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិផងដែរ ក៏ប៉ុន្តែក្រសួងសុខាភិបាលបានក៏បានណែនាំឲ្យអ្នកដំណើរទាំងអស់គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង ក៏ដូចជាបង្ហាញនូវវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជាផងដែរ ៕
អត្ថបទ សោម ស្រីពេជ្រ