សហព័ន្ធស្រូវអង្ករអះអាងយ៉ាងដូច្នេះ បន្ទាប់ពីបានអង្កេតមើលឃើញថា មានការផ្សព្វផ្សាយព័ត៌មាននៃការរីករាលដាលនៃជម្ងឺឆ្លង កូវីដ១៩ (COVID-19) បានធ្វើឱ្យមានក្តីបារម្ភដល់ប្រជាជនកម្ពុជា ដែលជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួនបានឱកាសនេះ ដើម្បីឆ្លៀតដំឡើង ថ្លៃអង្ករ។
ដើម្បីដោះស្រាយកង្វល់ និងទប់ស្កាត់ស្ថានការណ៍ពីជនឆក់ឱកាសនិយមដំឡើងថ្លៃអង្ករនេះ សហព័ន្ធស្រូវអង្ករ កម្ពុជា នឹងសហការជាមួយក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម នឹងបើកលក់អង្ករតាមកាលបរិច្ឆេទ និងទីកន្លែងមួយចំនួន ចាប់ពីថ្ងៃច័ន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ នេះតទៅ។
តាមការគូសបញ្ជាក់របស់សហ័ព័ន្ធស្រូវអង្ករ ចំពោះតម្លៃអង្ករសែនក្រអូបដែលប្រជាពលរដ្ឋ មកទិញដល់ទីតាំង នៅស្នាក់ការក្រុមហ៊ុន ហ្គ្រីនត្រេដ និងមណ្ឌលឃ្លាំង ក្រុមហ៊ុន ហ្គ្រីនត្រេដ ចំពោះអង្ករ ១បេ ទម្ងន់៥០គីឡូក្រាម តម្លៃ១៥ម៉ឺន ២ពាន់រៀល។
បើយើងក្រឡេកទៅមើលការនាំចេញអង្ករវិញ នៅ២ខែ ចុងក្រោយនេះ បើទោះបីជា សេដ្ឋកិច្ចពិភពលោកកំពុងរងឥទ្ធិពល ដែលបានកើតឡើងដោយសារតែការរីករាលដាលនៃវីរុសកូវីដ ១៩ យ៉ាងណាក្ដី ប៉ុន្ដែ ការនាំចេញអង្កររបស់កម្ពុជាវិញ នៅ២ខែ ដើមឆ្នាំនេះ គឺសម្រេចបានលទ្ធផលល្អជាមួយកំណើនជាង ២២% ដោយកម្ពុជាសម្រេចបានការនាំចេញអង្កររបស់រហូតដល់ទៅជាង ១៣ម៉ឺន ៦ពាន់តោន។ នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា។
លោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០២០នេះ កម្ពុជារំពឹងថា អាចនឹងនាំចេញអង្ករបានរហូតដល់ទៅ ៨០ម៉ឺនតោន ឬយ៉ាងហោចណាស់ ក៏មានកំណើនប្រចាំឆ្នាំជាង ២០% ដែរ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ ៦២ម៉ឺនតោន ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ២០១៨៕