រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានស្នើដល់ភាគីជប៉ុន ឲ្យបង្កើនការវិនិយោគនៅកម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសលើការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗ។ ក្នុងជំនួប នាពេលថ្មីៗនេះ ជាមួយនឹងលោក Hidehisa Horinouchi ដែលជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចប់អាណត្តិ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ភាគីជប៉ុន ឲ្យជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត តាមរយៈការបង្កើនការវិនិយោគផលិតផលទេសចរណ៍ថ្មីៗ លើការបង្កើតតំបន់ទេសចរណ៍សម្រាប់ទេសចរចូលនិវត្តន៍ ក៏ដូចជាការជួយកសាងផ្លូវមួយចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗ។
បើតាមឯកឧត្តមថោង ខុន នៅក្នុងឆ្នាំ២០១៨ ក្នុងចំណោម ០៦ គម្រោងវិនិយោគរបស់ជប៉ុន គឺមាន ០២គំរោង វិនិយោគលើវិស័យទេសចរណ៍ ដែលមានទុនវិនិយោគដល់ទៅជាង ៨០០លានដុល្លារអាមេរិក។
ដោយឡែក បើនិយាយពី ចំនួនទេសចរជប៉ុនដែលមកទស្សនាកម្ពុជាក៏នៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ តួយ៉ាងនៅឆ្នាំ២០១៨ កន្លងទៅ មានទេសចរជប៉ុនចំនួនជាង ២១ម៉ឺននាក់ ក្នុងកំណើនជាង ៣.៥% បានធ្វើដំណើរកម្សាន្ដនៅកម្ពុជា ហើយក្នុងរយៈពេល ០៦ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរជប៉ុនជាង ១០ម៉ឺននាក់ ក្នុងកំណើន ៣%។ ព្រមជាមួយនោះកាលឆ្នាំ២០១៨ កន្លងមក ក៏មានទេសចរកម្ពុជាជាង ២,២ ម៉ឺននាក់ បានទៅទស្សនាប្រទេសជប៉ុនផងដែរ។ បច្ចុប្បន្ន នៅភ្នំពេញ មានសណ្ឋាគារដែលវិនិយោគដោយជប៉ុនចំនួន ០៩ ដែលមានសរុបជិត ១.០០០ បន្ទប់ មានភោជនីយដ្ឋានចំនួន ៥៦ ដែលមានជាង ៣.៣០០ កៅអី ផងដែរ។ នេះបើតាមតួរលេខ ពីក្រសួងទេសចរណ៍កម្ពុជា។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងជប៉ុនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យនេះជាមួយកម្ពុជាបន្តទៅទៀត ទោះបីថា ឯកឧត្តមបានត្រូវចប់អាណត្តិបេសកកម្ម ទៅហើយក្ដី។
គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ ២០១៩នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC គឺមានចំនួន ១៥៣គម្រោង ដែលមានទុនវិនិយោគប្រមាណ ៥ពាន់លានដុល្លារអាមេរិក ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ទុនវិនិយោគជាង ៧០ភាគរយ បានមកពី គម្រោងវិនិយោគនៅក្នុង វិស័យទេសចរណ៍។
លើសពីនេះ របាយការណ៍ឆមាសទី ១ ឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ក្នុងចំណោមការនាំចេញសរុបរបស់កម្ពុជា ទីផ្សារប្រទេសជប៉ុនមានចំណែក៧ភាគរយ ខណៈដែលទីផ្សារអឺរ៉ុបមានចំណែកធំជាងគេ ២៦% និងតាមពីក្រោយដោយសហរដ្ឋអាមេរិក និងអង់គ្លេស ២៨% និង៦%។ ដោយឡែក សម្រាប់ការនាំចូលមកកម្ពុជាវិញ ជប៉ុន ក៏ឈរក្នុងចំណែកទីផ្សារ៤% ផងដែរ នៃការនាំចូលសរុបរបស់កម្ពុជា ខណៈដែលចិនមានចំណែកធំជាងគេរហូតដល់ ៤៦% ប្រទេសថៃ មានជាង ១៥% វៀតណាមមានជាង១៣% ។
តួលេខពាណិជ្ជកម្មពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បង្ហាញថា ក្នុងរយៈពេល ៦ខែដំបូងដើមឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើការនាំចេញទំនិញទៅជប៉ុន មានតម្លៃជាទឹកប្រាក់ជាង ៧៩២លានដុល្លារ ដោយបានកើនឡើងជាង ១២ ភាគរយ ខណៈជប៉ុននាំចូលមកកម្ពុជាវិញក្នុងទឹកប្រាក់ ជាង ២៥៦ លានដុល្លារ កើនឡើង ៣៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ។
ទិន្ន័យខាងលើនេះ បានបង្ហាញថា កម្ពុជាស្ថិតនៅលេខរៀងលំដាប់ទី៨ នៃប្រទេសក្នុងតំបន់អាស៊ានដែលបាននាំចេញទៅជប៉ុន ពោលគឺច្រើនជាងប្រទេសឡាវ និងមីយ៉ានម៉ា។ ក្នុងនោះ ផលិតផលសំខាន់ៗដែលកម្ពុជាបាននំាចេញទៅជប៉ុនមានដូចជា ស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គុំម៉ាស៊ីន អគ្គិសនី។ ចំណែកឯ កម្ពុជាមានតម្រូវការនាំចូលពីជប៉ុនមកវិញ មានដូចជាផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រសម្រាប់វិស័យកសិកម្ម និងគ្រឿងបរិក្ខាសម្រាប់លំនៅដ្ឋានជាដើម។
ក្រៅពីការវិនិយោគក្នុងវិស័យទេសចរណ៍ ជប៉ុនក៏មានផែនការវិនិយោគសំខាន់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាផងដែរ។
ជាក់ស្ដែង តាមសារព័ត៌មានជប៉ុនដ៏ល្បី Nikkei Asian Review បានផ្សាយនៅថ្ងៃទី ១៩ កុម្ភៈកន្លងទៅបានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាទីតាំងសំខាន់ទីមួយ សម្រាប់គំនិតផ្ដួចផ្ដើមការវិនិយោគដ៏សម្បើម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ជប៉ុន ខណៈដែលមានក្រុមហ៊ុនប្រមាណ៦០ ទាំងក្នុងផ្នែកពាណិជ្ជកម្ម ធនាគារ អ្នកម៉ៅការទូទៅ និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត បានត្រៀមរួចរាល់អស់ហើយសម្រាប់វិនិយោគនៅកម្ពុជា។
ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា តាមរយៈកិច្ចពិភាក្សាទ្វេភាគីរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ខាងភាគីជប៉ុននឹងចូលមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ទាក់ទងនឹងការអភិវឌ្ឍទីក្រុង ដោយផ្ដោតសំខាន់លើបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធនានាទាក់ទងនឹងទីក្រុងឆ្លាតវៃ (Smart City)៕