បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតជាមួយនឹងព្រះរាជាណាចក្រថៃបានជោគជ័យ ធនាគារ អេស៊ីលីដា បានបន្តពង្រីកបន្ថែមនូវប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code នេះ ជាមួយនឹងប្រទេសសមាជិកអាស៊ានចំនួន ២ បន្ថែមទៀត រួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បន្ទាប់ពីមានការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា។ ជាមួយនឹងប្រតិបត្តិការទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ធនាគារ អេស៊ីលីដា និង ធនាគារ Bank for Investment and Development of Vietnam (BIDV) ត្រូវបានជ្រើសរើស ជាធនាគារទំនាក់ទំនង (Sponsoring Bank) សម្រាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) នៅប្រទេសកម្ពុជា និងវៀតណាម ក្នុងគោលដៅលើកកម្ពស់ការទូទាត់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុងថ្នាក់តំបន់ និងដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លោកបណ្ឌិត បានបន្ថែមទៀតថា ឥឡូវនេះកម្ពុជា និងវៀតណាម រីករាយជាមួយនឹងការទូទាត់ប្រាក់តាម QR code បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព។
អតិថិជនរបស់ធនាគារនៅប្រទេសកម្ពុជា ដែលមានគណនីប្រាក់រៀល ហើយធ្វើដំណើរទៅប្រទេសវៀតណាម អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ ដោយប្រើកម្មវិធីធនាគារចល័តតាមរយៈទូស័ព្ទរបស់ធនាគារកម្ពុជាណាមួយ ឬតាមប្រព័ន្ធបាគង ដោយគ្រាន់តែចុចលើមុខងារ ស្កែនឃ្យូអរ (QR) ហើយធ្វើការស្កែន វៀត ឃ្យូអរកូត (Viet QR Code) របស់អាជីវករវៀតណាម។ ដូចគ្នានេះផងដែរ អតិថិជនរបស់ធនាគារនៅប្រទេសវៀតណាមដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក៏អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ តាមរយៈ ខេអេចឃ្យូអរ ( KHQR ) ដោយបើកកម្មវិធីធនាគារចល័ត តាមរយៈទូរស័ព្ទរបស់ធនាគារវៀតណាមណាមួយ ហើយស្កែនខេអេចឃ្យូអរ (KHQR) របស់អាជីវករនៅកម្ពុជា។”
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៤០ ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៧ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៩២ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៤៣ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ៣,១៣លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ៣១១.១៦៦អាជីវកម្ម៕