យ៉ាងណាក៏ដោយចុះ ក្រុមអ្នកជំនាញ អះអាងថា វិស័យកសិកម្មបានចូលរួមចំណែកច្រើនដល់កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ផងដែរ ប៉ុន្ដែសម្រាប់ឆ្នាំ២០២៣នេះ អ្នកជំនាញ នៅតែបង្ហាញការព្រួយបារម្ភចំពោះបញ្ហាប្រឈមរបស់វិស័យកសិកម្ម ប្រសិនជាស្ថានភាពពិភពលោកនៅតែមានភាពមិនច្បាស់លាស់ដូចពេលបច្ចុប្បន្ន។
បើតាម លោក ច័ន្ទ សុផល អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្ម យល់ឃើញថា ផលិតផលកសិកម្មបានកើនឡើងជាលំដាប់នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយសារការវិនិយោគក្នុងការដាំដុះនៅលើដីថ្មីៗច្រើនឆ្នាំកន្លងមក។ យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២២ ជារួមទិន្នផលកសិផល ហាក់មានភាពល្អប្រសើរ ក៏ប៉ុន្តែ តម្លៃកសិផលចម្បងៗមួយចំនួនបានធ្លាក់ចុះ ជាពិសេសតម្លៃ កសិផលកៅស៊ូ ស្វាយចន្ទី ស្វាយកែវរមៀត និងម្រេចជាដើម ដែលបណ្ដាលមកពីតម្រូវការក្រៅប្រទេសថយចុះ បន្ទាប់ពីមានសង្គ្រាមនៅអឺរ៉ុប និងការបិទខ្ទប់នៅប្រទេសចិន។ រីឯថ្លៃដើមផលិតកម្ម ដូចជាជី និងប្រេងឥន្ធនៈ ក៏បានកើនឡើងផងដែរ។ ទោះជាបែបនេះក្តី អ្នកជំនាញរូបនេះ អះអាងថា វិស័យកសិកម្មនៅតែបានរួមចំណែកច្រើនដល់សេដ្ឋកិច្ចជនបទនៅក្នុងឆ្នាំ២០២២ ដោយសារទិន្នផលមានកម្រិតល្អ និងកសិផលមួយចំនួនទទួលបានតម្លៃល្អ ជាពិសេសដំឡូងមី ពោត សណ្តែក និងផ្លែឈើមួយចំនួនទៀត។
យ៉ាងណាក៏ដោយចុះ អ្នកជំនាញរូបនេះ នៅតែបង្ហាញការព្រួយបារម្ភចំពោះបញ្ហាប្រឈមរបស់វិស័យកសិកម្មសម្រាប់ឆ្នាំ២០២៣ ដោយលោកបានអះអាងថា ប្រសិនសង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត, អឺរ៉ុប និងអាមេរិក នៅតែរឹតបន្តឹងទៅលើការចំណាយនិងការវិនិយោគ ហើយប្រទេសចិននៅតែប៉ះពាល់ខ្លាំងដោយសារកូវីដ១៩នោះ លោកយល់ថា តម្លៃផលិតផលកសិកម្មជាលក្ខណៈឧស្សាហកម្ម ដូចជាកៅស៊ូ នៅតែមិនទាន់អាចឡើងខ្ពស់នោះទេ ហើយកង្វះតម្រូវការ ឬការបន្ថយចំណាយនៅលើពិភពលោក អាចនឹងជាការដាក់សម្ពាធដល់តម្លៃកសិផលនាំចេញមួយចំនួនរបស់កម្ពុជាមិនឱ្យឡើងវិញរួចផងដែរ។
មិនខុសគ្នាពី លោក ច័ន្ទ សុផល នោះទេ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានបញ្ជាក់ថា វិស័យកសិកម្មនៅក្នុងឆ្នាំ២០២២ បានជួបនូវបញ្ហាប្រឈមជាច្រើន ជាពិសេសគឺវិស័យស្វាយចន្ទីតែម្តង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលនៅតែជាកត្តាប្រឈមសម្រាប់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ដែលធ្វើឱ្យគុណភាពគ្រាប់ស្វាយចន្ទី និងទិន្នផលស្វាយចន្ទីធ្លាក់ចុះ។ លើសពីនេះ ការកើនឡើងនៃថ្លៃជី-ថ្នាំកសិកម្ម និងតម្លៃប្រេងឥន្ធនៈកើនខ្ពស់ បានធ្វើឲ្យកសិករខាតដើមទុនយ៉ាងច្រើន នៅក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី។
បើតាម លោក អួន ស៊ីឡុត បរិមាណនៃការនាំចេញគ្រាប់ចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០២២ សម្រេចបានត្រឹមតែ ៦៧ម៉ឺនតោន បានបន្តធ្លាក់ចុះជិត៣៥%ឯណោះ ។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៣នេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅតែបង្ហាញការព្រួយបារម្ភចំពោះបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ជាពិសេសទាក់ទងនឹងតម្លៃដឹកជញ្ជូន ការឡើងថ្លៃនៃតម្លៃប្រេង និងបច្ចេកទេសរបស់កសិករ ក្នុងការបែងចែកប្រភេទគ្រាប់ស្វាយចន្ទីជាដើម។
ដោយឡែក ចំពោះវិស័យស្រូវអង្ករវិញ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពវិស័យស្រូវ-អង្ករ កម្ពុជា នៅឆ្នាំ២០២២ នៅតែមានភាពល្អប្រសើរ បើទោះបីនៅឆ្នាំ២០២២ វិស័យនេះបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក៏ដោយចុះ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករជាង ៦៣ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់សរុបចំនួន ៤១៤លានដុល្លារ។ ខណៈនៅឆ្នាំ២០២៣នេះ សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងខ្ពស់ថា ទីផ្សារនាំចេញអង្ករកម្ពុជានឹងកាន់តែប្រសើរឡើងទៀតផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៤លានតោន មានការកើនឡើងជាង១០% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលគិតជាទំហំទឹកប្រាក់មានជាង ២ពាន់លានដុល្លារ៕